en     km
en     km

ឥណ្ឌូនេស៊ីគ្រោងនាំចូលអង្ករជិត ២លានតោនបន្ថែមសម្រាប់ឆ្នាំ២០២៤

Share

ក្រោយធាតុអាកាសមិនអំណោយផលលើដំណាំស្រូវ ដោយតម្រូវឱ្យប្រជាកសិករពន្យាពេលប្រមូលផល ឥណ្ឌូនេស៊ីគ្រោងបើកប្រតិបត្តិការទិញអង្ករបន្ថែមចំនួន ‌១.៦លានតោនសម្រាប់ឆ្នាំ២០២៤នេះ។ ក្នុងនោះ ជំនន់ទឹកភ្លៀងរារាំងការប្រមូលផលស្រូវនៅកោះជ្វា នៃឥណ្ឌូនេស៊ីនៅចន្លោះខែមករាដល់ខែមីនា ឆ្នាំ២០២៤ ដែលអ្នកជំនាញព្យាករណ៍ថា ទិន្នផលស្រូវសម្រាប់ឆ្នាំនេះមានការថយចុះជាលំដាប់។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃច័ន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤។

មន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌូនេស៊ី លោក Arif Sulistiyo បាននិយាយក្នុងអំឡុងកិច្ចប្រជុំរដ្ឋាភិបាលប្រចាំសប្តាហ៍ថា ផលិតកម្មស្រូវនៅខែមករាដល់ខែមីនារបស់ឥណ្ឌូនេស៊ីត្រូវបានគេរំពឹងថា នឹងទាបជាង ២.៨២ លានតោន បើធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុន។ លោក Arif បន្ថែមទៀតថា ក្រសួងពាណិជ្ជកម្មកំពុងធ្វើការលើករណីនេះ ដើម្បីចេញលិខិតអនុញ្ញាតនាំចូលផលិតផលក្រៅស្រុកបន្ថែមទៀត។

ជាមួយគ្នានេះ តម្លៃអង្ករអាស៊ីបានឡើងថ្លៃជាលំដាប់ បន្ទាប់ពី​ប្រទេស​ឥណ្ឌា​ដែល​ជា​អ្នក​ផ្គត់ផ្គង់​កំពូល​របស់​ពិភពលោក​ បាន​ដាក់កំហិតទៅលើចំនួននៃការនាំចេញ​ស្រូវអង្ករ​កាលពី​ឆ្នាំ​២០២៣​។ ចំណែកឯ តម្លៃ​នៅ​ក្នុង​មជ្ឈមណ្ឌល​នាំ​ចេញ​សំខាន់​របស់​ប្រទេស​ថៃនិង​វៀតណាម​វិញ គឺ​ជិត​ដល់​កម្រិត​ថ្លៃបំផុតដែលពុំធ្លាប់មានចាប់តាំងពីឆ្នាំ២០០៨។ ទិន្នផល​ទាប​របស់​ឥណ្ឌូនេស៊ី​អាចខ្លាចជាការគំរាម​កំហែងលើ​ការ​ផ្គត់ផ្គង់​បន្ថែម​​លើផលិតផលស្រូវ ដែល​ជំរុញ​ឱ្យ​តម្លៃ​អង្ករ​ឡើង​ថ្លៃនៅក្នុងទីផ្សារទាំងក្នុង និងក្រៅស្រុកផងដែរ។

ស្ថានភាពនៅក្នុងប្រទេសមានភាពចលាចលក្រោយតម្លៃអង្ករកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដែលប្រាសចាកពីតម្លៃកំណត់របស់រដ្ឋាភិបាល ស្របពេលប្រទេសកំពុងខ្វះខាតការផ្គត់ផ្គង់ស្បៀងអាហារ៕

ប្រភព៖ CNA ចុះថ្ងៃច័ន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤

Share

Image
Image
Image