en     km
en     km

ស្ត្រី២នាក់សន្លប់ និងក្មេងស្រីម្នាក់រលាកភ្លើង ក្នុងការប៉ះទង្គិចជាមួយអាជ្ញាធរខណ្ឌព្រែកព្នៅ នៅសំរោង​ត្បូង

Share

 

ក្នុងការតវ៉ា​រារាំង សកម្មភាពជីកប្រឡាយ លើផ្ទៃដីដែលប្រជាសហគមន៍អះអាងថា លោកអភិបាលខណ្ឌព្រែកព្នៅសន្យាទុកចរចាដោះស្រាយជាមួយពួកគេ បានបណ្ដាលឱ្យស្ត្រី២នាក់សន្លប់ និងក្មេងស្រីម្នាក់រលាកភ្លើង ក្នុងការប៉ះទង្គិចជាមួយអាជ្ញាធរខណ្ឌព្រែកព្នៅ នៅសំរោង​ត្បូង។ លោក គីម ចាន់ចាវ រាយការណ៍

 

ស្ត្រី២នាក់សន្លប់ និងក្មេងស្រីម្នាក់រលាកភ្លើង ក្នុងការប៉ះទង្គិចជាមួយអាជ្ញាធរខណ្ឌព្រែកព្នៅ។ ក្រុមស្ត្រីដែលរងការប៉ះទង្គិចទាំងនោះ គឺជាប្រជា​ពលរដ្ឋ​រស់​នៅ​សហគមន៍​សំរោង​ត្បូង​ជាប់​ផ្ទៃ​បឹង​តាមោក ក្នុង​ខណ្ឌ​ព្រែក​ព្នៅ ដែលបានស្នើ​សុំ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ផ្តល់​ដំណោះ​ស្រាយ​ដីធ្លី​សម​ស្រប​ដល់​ពួកគេ ខណៈ​រដ្ឋបាល​ខណ្ឌ​ប្រកាស​ឱ្យ​បញ្ឈប់​ការចិញ្ចឹម​ត្រី និងត្រូវរុះរើ​សំណង់​គ្រប់​ប្រភេទ​ឱ្យ​បាន​ឆាប់​បំផុត​ចេញ​ពី​ដី​របស់​រដ្ឋ​ ​ដើម្បី​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​ប្រឡាយ​មេរំដោះ​ទឹក ដែល​អាច​កាត់​បន្ថយ​ការ​ជន់លិច​ផ្នែក​ខ្លះ​នៃ​ទីក្រុង​ភ្នំពេញ។

ជាក់ស្ដែង នៅពេលគ្រឿងចក្រ ខណ្ឌព្រែកព្នៅ កំពុងធ្វើការជីកប្រឡាយ ក្រុមប្រជាសហគមន៍សំរោងត្បូង ដែលសុទ្ធសឹងជាស្ត្រីបានលើកគ្នាតវ៉ាចាប់តាំងពីថ្ងៃទី២៦ ខែកុម្ភៈ។ រហូតដល់ព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ពួកគេបានបន្តការតវ៉ា និងរារាំងមិនឱ្យគ្រឿងចក្រ ជីកកាយធ្វើប្រឡាយបង្ហូរទឹក ចំទីតាំងដែលពួកគេអះអាងថាជាដីរបស់ខ្លួននោះឡើយ។

អ្នកស្រី សឿន ស្រីសុទ្ធ តំណាងសហគមន៍សំរោងត្បូងបឹងតាមោគ ដែលបានចូលរួមការតវ៉ានេះ បានប្រាប់វិទ្យុស្ត្រី នៅថ្ងៃទី២៧ កុម្ភៈនេះថា​​ អាជ្ញាធរខណ្ឌព្រែកព្នៅ ជីកប្រឡាយ រំលោភលើដីផ្ទះប្រជាជន នៅពេលប្រជាពលរដ្ឋតវ៉ា មានកម្លាំងអាជ្ញាធរខណ្ឌប្រមាណ២០០នាក់មកអន្តរាគមន៍ ហើយក៏ប៉ះទង្គិចជាមួយពលរដ្ឋ បណ្ដាលឱ្យអ្នកខ្លះក៏រងរបួស ខ្លះសន្លប់។

«មកបំពានប្រជាពលរដ្ឋ ចឹងប្រជាពលរដ្ឋទៅទប់ស្កាត់មិនឱ្យគាត់កាយដីក្នុងផ្ទះប្រជាសហគមន៍ តែគាត់បែរជាប្រើអំពើហិង្សាមកលើប្រជាពលរដ្ឋ បានវ៉ៃលើស្ត្រីនិងកុមារ។ ឥលូវមានស្ត្រីម្នាក់ អ៎២នាក់ កុមារម្នាក់ និងស្ត្រីម្នាក់រងរបួស មួយឆេះភ្លើង ១ទៀតសន្លប់ គាត់យកកែងទៅអុកនឹងចុងដង្ហើមគាត់។ ឥលូវគាត់កំពុងសន្លប់ គាត់កំពុងតែសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ មណ្ឌលសុខភាពព្រែកព្នៅ។ គាត់បានបិទផ្លូវមិនឱ្យចូលយកឡានពេទ្យចូលយកពលរដ្ឋមកសង្គ្រោះទេ ខាងអាជ្ញាធរខណ្ឌព្រែកព្នៅ។»

កាល​ពី​ថ្ងៃ​ទី ​១៩ ខែ​កុម្ភៈ​ ឆ្នាំ ​២០២៤ រដ្ឋបាល​ខណ្ឌ​ព្រែក​ព្នៅ​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ ស្តីពី​ការ​អភិវឌ្ឍ​ប្រឡាយ​មេ​រំដោះ​ទឹក​ក្នុង​បឹង​តាមោក ដោយ​ឱ្យ​ប្រជា​ពលរដ្ឋ ដែល​កំពុង​អាស្រ័យ​ផល​នៅ​ក្នុង​ផ្ទៃ​បឹង​តា​មោកត្រូវ​បញ្ឈប់​រាល់សកម្ម​ភាព ដូច​ជា​ការ​ចិញ្ចឹម​ត្រី ការ​សង់​រោង​តូប​យាម​ចាំដី​ ឃ្លាំង​ ដាក់​សម្ភារៈ​ផ្សេងៗ​ និង​សំណង់​មិន​រៀប​រយ​នានា​ ហើយ​ត្រូវ​តែរុះរើ​សំណង់​គ្រប់​ប្រភេទ​ឱ្យ​បាន​ឆាប់​បំផុត​ចេញ​ពី​ដី​របស់​រដ្ឋ។

រដ្ឋបាល​ខណ្ឌ​ព្រែក​ព្នៅអះអាង​ថា ការ​រុះរើ​នេះ​ដើម្បី​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​ប្រឡាយ​ មេ​រំដោះ​ទឹក​ សម្រាប់​ជា​ប្រយោជន៍​សាធារណៈ​ ជាពិសេសការ​បញ្ចៀស​ទឹកជំនន់​នៅ​តំបន់​ភាគ​ខាង​លិច ស្រប​តាម​ផ្លូវ​ ១៥១ រហូត​ដល់​ប្រឡាយ​ព្រែកព្នៅ នៃ​ផែន ការ​របស់​រដ្ឋ​បាល​រាជធានី​ភ្នំពេញ។

ទោះយ៉ាងណា អ្នកស្រី សឿន ស្រីសុទ្ធ អះអាងថា ជុំវិញការជីកប្រឡាយទឹកនេះ កន្លងមក លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ បានសន្យាថានឹងទុកផ្ទៃដៃ១០០ម៉ែត្រ ដើម្បីចរចាដោះស្រាយជាមួយប្រជាពលរដ្ឋនៅសហគមន៍នេះ ប៉ុន្តែរហូតដល់ពេលនេះមិនទាន់ការចរចាត្រូវគ្នានៅឡើយ។

«ពួកគាត់មកកាយដីក្នុងដីសហគមន៍ពួកខ្ញុំ ដែលលោកអភិបាលខណ្ឌថា ទុក១០០ម៉ែត្រ ដើម្បីដោះស្រាយជាមួយប្រជាពលរដ្ឋ តែដំណោះស្រាយមិនទាន់ដោះស្រាយផង បែរជាគាត់រំលោភបំពានក្នុងដី សហគមន៍ប្រជាពលរដ្ឋវិញ។»

វិទ្យុស្ត្រីបានព្យាយាមទាក់ទងលោកអភិបាលខណ្ឌ ធឹម សំអាន ដើម្បីសុំការអត្ថាធិប្បាយពន្យល់លើករណីវិវាទនេះ ប៉ុន្តែទូរសព្ទក៏បានដាច់ទៅវិញ នៅពេលអ្នកសារព័ត៌មានវិទ្យុស្ត្រីបានណែនាំខ្លួនតាមទូរសព្ទ។

យ៉ាងណាសេចក្តី​ជូន​ដំណឹងរបស់រដ្ឋបាលខណ្ឌព្រែកព្នៅខាងលើបាន​បញ្ជាក់​ថា កន្លង​មក​រដ្ឋបាល​ខណ្ឌ សង្កាត់​ធ្លាប់​បាន​ជូន​ដំណឹង​ជា​បន្ត​បន្ទាប់​ដែរ​ តែ​ប្រជាពលរដ្ឋ​មួយ​ចំនួន​តូច​មិន​ទាន់​បាន​អនុវត្ត​តាម​ខ្លឹម​សារ នៃ​សេចក្តី​ជូន​ដំណឹង​របស់​រដ្ឋបាល​ខណ្ឌ សង្កាត់​ឡើយ​ ដែល​ជា​ហេតុនាំ​ឱ្យ​យឺត​យ៉ាវ​ប៉ះពាល់​ដល់​ផែនការ​អភិវឌ្ឍ​​។ ដូច្នេះ​ ​រដ្ឋបាល​ខណ្ឌ​នឹង​ដំណើរការ​ជីក​កាយ​ប្រឡាយ​បន្ត ហើយ​មិន​ទទួល​ខុសត្រូវ​លើ​ការខូចខាត បាត់បង់​ទ្រព្យ​សម្បត្តិ ឬសម្ភារៈ​របស់​បងប្អូន​នោះ​ឡើយ​៕

 

Share

ព័ត៌មានទាក់ទង

Image