បុណ្យព្រៃឡង់គឺជាបុណ្យមួយ ដែលមានបានប្រារព្ធឡើង ក្រោយមានការចូលរួមបញ្ចេញមតិជាឯកច្ឆន្ទពីអ្នកចូលរួម៤ខេត្តផ្សេងៗគ្នា រួមមានកំពង់ធំ ព្រះវិហារ ក្រចេះ និងស្ទឹងត្រែង ដែលកំពុងរស់នៅអាស្រ័យផល មានជំនឿ វប្បធម៍ ទំនៀមទម្លាប់ ប្រពៃណី ជនជាតិដើមភាគតិតកួយ ព្រោះព្រៃឡង់ជាព្រៃរួម និងជាព្រៃដែលធំនៅកម្ពុជាផងដែរ។ យុវតី និងយុវជន ភាគច្រើនជានិស្សិតកំពុងបន្តការសិក្សានៅភ្នំពេញ ដែលបានចូលរួមក្នុងការល្បាតព្រៃដ៏ធំនៅកម្ពុជានេះ បានចាប់អារម្មណ៍ពីឆន្ទៈរបស់ប្រជាសហគមន៍ និងព្រួយបារម្ភខ្លាចការបាត់បង់នូវធនធានកម្រដូចជាដើមឈើ និងសត្វក្នុងព្រៃ ត្បិតក្រោយការចុះល្បាតនេះ ពួកគេបានដឹងឮ ពីរឿងរ៉ាងកាប់ទន្ទា្រនព្រៃ និងការដាក់អន្ទាក់សត្វនៅតំបន់នេះ។ សូមស្ដាប់បទយកការណ៍ ដែលរៀបចំជូន ដោយលោក គីម ចាន់ចាវ ដោយមេត្រី!
ក្នុងបុព្វហេតុឧទ្ទិសនិងរំលឹកគុណដល់ព្រៃឈើនិងបួងសួងឱ្យព្រៃឡង់នៅគង់វង្ស ដើម្បីរក្សានូវអត្តសញ្ញាណជនជាតិដើមភាគតិចកួយដែលរស់នៅពឹងព្រៃឈើ ផ្សព្វផ្សាយនិងលើកកម្ពស់ការយល់ដឹងដល់ដល់ប្រជាពលរដ្ឋសហគមន៍ក៏ដូចជាសាធារណ:ជនទូទៅឱ្យបានដឹងថា ព្រៃឡង់ត្រូវបានរដ្ឋាភិបាលសម្រេចដាក់ជាព្រៃការពារនិងដែនជម្រកសត្វព្រៃ រួមទាំងបង្ហាញនូវសក្ដានុពលរបស់ព្រៃឡង់ដល់សាធារណ:ជនទូទៅនិងដើម្បីរួមចំណែកចូលរួមជាមួយបណ្ដាញសហគមន៍ព្រៃឡង់ និងរដ្ឋាភិបាលក្នុងបុព្វហេតុការពារធនធានធម្មជាតិនិងព្រៃឡង់របស់កម្ពុជា ការប្រារព្ធពិធីបុណ្យព្រៃឡង់ត្រូវបានធ្វើឡើង នៅសហគមន៍ក្បាលខ្លា ព្រៃឡង់ ខេត្តកំពង់ធំ នាពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានយុវជនមកពីភ្នំពេញជាច្រើនចូលរួម។
យុវតី សើន ស្រីម៉ៃ ជានិស្សិតដែលកំពុងបន្តការសិក្សានៅរាជធានីភ្នំពេញ។ ស្រីម៉ៃបានប្រាប់វិទ្យុស្រ្តីថា វាជាលើកទី១ហើយខ្លួនបានចូលរួមកម្មវិធីបុណ្យព្រៃឡង់ ហើយបានចាប់អារម្មណ៍ទៅលើ៣ចំណុចសំខាន់ៗ។ យុវត្តីរូបនេះមើលឃើញថាសហគមន៍ មានការសហការណ៍ ការសាមគ្គីគ្នា ជួយសម្រួលកិច្ចការ និងមានការបែងចែកកិច្ចការគ្នាបានយ៉ាងល្អ ទោះបីជាជាឆ្នាំនេះ មានការចូលរួមច្រើនពីសំណាក់អង្គការសង្គមស៊ីវិល យុវជនដែលមកពីបណ្ដាខេត្តផ្សេងៗគ្នាក៏ដោយ។ បន្ថែមលើការសហការ ស្រីម៉ៃ កត់សម្គាល់ចាប់អារម្មណ៍ពីឆន្ទៈរបស់ប្រជាសហគមន៍ ដោយស្រីម៉ៃបាននិយាយសរសើរអំពីទឹកចិត្តរបស់សហគមន៍ ដែលពួកគាត់មនសិការក្នុងការថែការការពារព្រៃឈើ ហ៊ានលះបង់ មិនថាពេលវេលា ថវិកា និងអ្វីផ្សេងៗទៀតនោះទេ។
«ខ្ញុំសរសើរនូវឆន្ទៈរបស់ពួកគាត់ ឆន្ទៈរបស់សហគមន៍ផ្ទាល់ បើនិយាយពីឆន្ទៈរបស់ពួកគាត់ក្នុងការដែលគាត់ថែរក្សាព្រៃឈើនោះគឺ និយាយរួមគឺខ្ញុំពិតជាមានមោទនភាពចំពោះពួកគាត់ខ្លាំងមែនទែន ។ ពួកគាត់លះបង់ទាំងពេលវេលាផ្ទាល់ខ្លួន ទាំងថវិកា ទាំងអ្វីៗផ្សេងៗក្នុងការរក្សាការពារព្រៃឈើ ។ហើយពិតជាសរសើរពួកគាត់ខ្លាំងមែនទែន ដែលគាត់ជាសហគមន៍ បើយើងនិយាយពីកម្រិតវប្បធម៍ជាមួយមន្រ្តី អ្នកធ្វើការ ជាមួយរដ្ឋាភិបាលផ្សេងៗ ឬក៏យើងជាយុវជន ។ពេលខ្លះយុវជន បើនិយាយពីកម្រិតវប្បធម៍ ទោះបីយើងរៀនសូត្របានចេះដឹងក៏ពិតមែន ប៉ុន្តែបើសួរនិយាយពីមនសិកាឬក៏ការចូលរួមក្នុងការថែរក្សាការពារព្រៃឈើ សហការគ្នាហ្នឹង គឺយើងអាចនិយាយបានថា សឹងតែយើងធ្វើមិនបានប្រហែលពួកគាត់ទេ។ពួកគាត់ពិតជាស្រុះដៃគ្នាពិតមែន ក្នុងការថែរក្សាព្រៃឡង់របស់យើងផ្ទាល់ហ្នឹង។»
ទន្ទឹមការកោតសរសើរស្រីម៉ៃ ក៏មានការព្រួយបារម្ភផងដែរ គឺព្រួយបារម្ភក្នុងការបាត់បង់នូវធនធានកម្រដូចជាដើមឈើ និងសត្វក្នុងព្រៃ ព្រោះបន្ទាប់ពីមានការចុះល្បាតព្រៃជាមួយសហគមន៍ ស្រម៉ៃមើលឃើញពីការកាប់ព្រៃឈើ និងបានដឹងបន្ថែមពីការដាក់អន្ទាក់សត្វ ឱ្យឈ្មួញ រួមទាំងការទន្រ្ទានដីយកធ្វើស្រែចំការខុសច្បាប់ជាដើមផងពីអ្នកភូមិនៅព្រៃក្បាលខ្លានោះ។ ការណ៍នេះជាហេតុធ្វើឱ្យស្រីម៉ៃមានការយល់ឃើញថាមន្រ្តីឧទ្យានុរក្ស និងស្ថាប័នដែលពាក់ព័ន្ទ គួររកវិធីនិងដំណោះស្រាយបន្ថែមក្នុងការដោះស្រាយ កុំឱ្យឈ្មួញមានការទិញ-លក់បែបនេះបន្តទៀត ព្រោះជាកត្តាមិនល្អ ហើយអាចធ្វើឱ្យសហគមន៍មានការខាតបង់ និងបាត់បង់បន្ថែមទៀត។
«មានការចាប់សត្វ ដាក់អន្ទាក់សត្វ ហើយយកទៅលក់ឲ្យពួកឈ្មួញ ។ហើយការកាប់ព្រៃឈើ យើងមើលឃើញថា មែនទែនទៅពួកគាត់មិនដឹងថា ពួកគាត់ចាប់សត្វទាំងអស់នឹងទៅលក់អោយឈ្មួញខាងណាទេ ក៏យើងមិនទាន់ដឹងជាពិតប្រាកដដែរ តែខ្ញុំគិតថាប្រសិនបើយើងនៅតែបន្តធ្វើសកម្មភាព មានន័យថាអ្នកទាំងអស់គាត់ នៅតែអាចបន្តសកម្មភាព លួចកាប់ លួចទន្រ្ទាញ កាប់យកដី យកទៅធ្វើចម្ការ យ៉ាងខុសច្បាប់ ។យើងគិតថា មន្រ្តីវិជ្ជានុរៈ ឬក៏ស្ថាប័នដែលពាក់ព័ន្ធហ្នឹង ពួកគាត់គួរតែចូលរួមដោះស្រាយទៅលើបញ្ហាទាំងអស់ហ្នឹង ព្រោះមែនទែនទៅ យើងអត់នៅឈរមើលការកាប់យកដី មានន័យថាព្រៃឈើទាំងមូល យើងគួរតែថែរក្សាការពារ ។យើងមើលឃើញថា មិនដឹងថាដែលគាត់កាប់ទន្រ្ទាញហ្នឹង គាត់ធ្វើតែចម្ការមួយមុខ ឬបែបណា។ មែនទែនទៅ ជាការព្រួយបារម្ភ យើងបារម្ភខ្លាចថា ការបើយើងកាប់ទន្រ្ទាញបែបហ្នឹងគឺនឹងមានឈ្មួញមកចុះទិញដីហ្នឹង។ ហើយបើសិនជាទិញដី វាអាចជាបញ្ហាមួយដែលយើងមិនអាចសន្មត់ទុកមុនទេថា នឹងមានបញ្ហាអ្វីកើតឡើងបន្តៗទៀត បើសិនជាឈ្មួញទាំងអស់នឹង នៅតែបន្តទិញ ហើយអ្នកដែលគាត់កាប់ គឺនៅតែកាប់ ហើយអ្នកលួចចាប់សត្វ ដាក់អន្ទាក់សត្វយកទៅលក់យ៉ាងខុសច្បាប់គឺនៅតែបន្តទៀត។»
ចំណែកយុវជន រេត រតនា ជានិស្សិតដែលកំពុងបន្តការសិក្សា នៅសកលវិទ្យាល័យមួយកន្លែង បានលើកឡើងនូវចំណុចមួយចំនូន ដែលស្រដៀងនឹងស្រីម៉ៃដែរ គឺថា រតនាមានការព្រួយបារម្ភពីការបាត់បងដើមឈើ និងសត្វព្រៃជាខ្លាំង ព្រោះបានដឹងថា មានការរំលោភ ដោយឈ្មួញបានកាប់ដើមឈើដើម្បីទន្រ្ទានយកសត្វស្វា ទៅលក់នៅទីផ្សារ ។ មូយវិញទៀត ដោយដឹងពីអ្នកភូមិប្រាប់ ទោះបីជាមានការចាប់បានភស្ដុតាងនៅនឹងភ្នែក រួមមាន សំណាញ់ រណាយន្តអាឈើ និងសម្ភារ:ផ្សេងៗក៏ពិតមែន តែអ្នកភូមិមិនអាចធ្វើអ្វីបានច្រើននោះទេ។
«អ្នកនៅក្នុងភូមិគាត់បានរៀបរាប់អំពី ការរំលោភដូចជា ការកាប់ដើមឈើដើម្បីយកសត្វស្វា ។ ការកាប់ដើមឈើនោះគឺថា កាប់ម្ដងទាំងដុំៗ ធ្វើការកាប់រះ ដើម្បីយកសត្វស្វាហ្នឹងទៅលក់នៅក្នុងទីផ្សារ។គាត់បាននិយាយទៀតថា អាជ្ញាធរ នៅពេលគាត់ចាប់បានហើយ ចាប់បានទាំងសំណាញ់ ទាំងម៉ាស៊ីន អាឈើ អាអី គឺអ្នកភូមិក៏បានឲ្យអាជ្ញាធរ ។ អាជ្ញាធរគាត់បែរជាយកទៅលក់ឲ្យអ្នកដែលមកកាប់ អ្នកចាប់សត្វនឹងទៀត ។នៅពេលគាត់ជួបលើកទី២ លើកទី៣អីទៅ អ្នកភូមិ នៅពេលពួកគាត់ចាប់បាន គឺគាត់អត់យកទៅឲ្យអាជ្ញាធរទេ។ មានន័យថាអាជ្ញាធរហ្នឹង គាត់ស៊ីសំណូកសូកប៉ាន់ជាមួយអ្នកកាប់ព្រៃឈើហ្នឹង។»
រីឯ យុវតី រដ្ឋ ផាក់វែន ជានិស្សិតឆ្នាំទី៤ នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញវិញ ក៏មិនខុសគ្នាប៉ុន្មានពីយុវជន និងយុវតីខាងលើដែរ ព្រោះជាលើកទី១ដូចគ្នាក្នុងការចូលរួមបុណ្យព្រៃឡង់នេះ។ ទោះបីព្រៃនេះមិនស្ថិតក្នុងខេត្តដែលគ្រប់គ្នារស់នៅក៏ដោយ តែយុវតីនេះ ចង់ឱ្យយុវជនផ្សេងៗមានការចូលរួមនិងបានទៅទស្សនាម្ដងក្នុងឆាកជីវិតរបស់ពួកគាត់ ព្រោះព្រៃឡង់ជាព្រៃរបស់យើងទាំងអស់គ្នា និងជាសម្បិត្តរបស់ខ្មែរយើង ។ ម្យ៉ាង ចង់ដឹងពីភាពខុសគ្នាដែលព្រៃឡង់ជាប់ព្រំប្រទល់ រវាងខេត្តទាំងបួន និងចង់ដឹងពីរបៀបរស់នៅរបស់សហគមន៍នៅទីនោះផងដែរ ថាពេលអត់មានអ៊ឹនធឺណេតគ្រប់គ្រាន់ ពួកគាត់រស់នៅរបៀបណា? នេះជាការរំពឹងទុកនិងការចែករំលែករបស់យុវតី រដ្ឋ ផាក់វែន ដែលបានចែករំលែកមតិរបស់ខ្លួនមកកាន់វិទ្យុស្រ្តី។
«ហេតុផលគឺចង់ទៅជួបជាមួយអ៊ុំៗសហគមន៍ ជាមួយការរស់នៅរបស់ពួកគាត់ នៅក្នុងតំបន់ព្រៃហ្នឹង យ៉ាងម៉េចដែរ។ ហើយនៅក្នុងតំបន់ព្រៃហ្នឹងគឺវាពិបាកត្រង់ថា នៅកន្លែងហ្នឹងវាអត់មានសេវាទូរសព្ទអ្វីទាំងអស់ វាពិបាកក្នុងការទាក់ទងគ្នាបន្តិច។ ប៉ុន្តែខ្ញុំនៅតែចង់លើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាទៅចូលរួមបុណ្យព្រៃហ្នឹងទាំងអស់គ្នា ពីព្រោះ(មិន)មែនថាពេលពិធីបុណ្យទេ ពេលដែលអ្នកទាំងអស់គ្នាឆ្លៀតអាចទៅចូលរួមបាន គួរតែឆ្លៀតទៅៗ ព្រោះថាព្រៃឡង់ហ្នឹងជាព្រៃរបស់ប្រជាជនខ្មែរយើងទាំងអស់គ្នា។ដូច្នេះខ្ញុំគិតថា យើងគួរតែទៅចូលរួម ថែរក្សាការពារទាំងអស់គ្នា។»
យុវតី រ៉ាយ ឡាង ជានិស្សិតអក្សរសាស្រ្តខ្មែរមួយរូបបន្តការសិក្សានៅសកលវិទ្យាល័យមួយកន្លែងនារាជធានីភ្នំពេញ ដែលបានចូលរួមដើរព្រៃនេះ ចាប់អាម្មណ៍ ពិធីបុណ្យទាំងមូល ជាពិសេសគឺការបំបួសដើមឈើ បានធ្វើឱ្យយុវតី រ៉ាយ ឡាង មានការចាប់អារម្មណ៍ខ្លាំង ព្រោះវាជាផ្នែកមួយក្នុងការរក្សាការពារព្រៃ ព្រោះដើមឈើដែលបានបំបួសហើយគឺនៅគង់វង្សបានយូរ ដោយមានស្បង់ចីវររុំពីលើ ហើយគេមានជំនឿថា មានអ្នកតាថែរក្សា ជាហេតុធ្វើឱ្យឈ្មួញមួយចំនួនមិនហ៊ានកាប់បំផ្លាញនោះទេ។
«ចំណុចដែលចាប់អារម្មណ៍ខ្លាំង គឺការបំបួសដើមឈើ ខ្ញុំមិនដែលឃើញគេបំបួសដើមឈើ ម៉េចផង ធ្លាប់តែលឺ។ទោះបីជាពេលហ្នឹង ខ្ញុំមិនបានមើលដល់ចប់ក៏ដោយ តែខ្ញុំដឹងថាអរ គេបំបួសម៉េច ហើយឃើញអ្នកនៅសហគមន៍គាត់កាន់ស្បង់ជីវរលោកទៅ។ ខ្ញុំគិតថា យុវជនគួរតែចូលរួមឲ្យបានច្រើនដើម្បីបានយល់ដឹងពីការរស់នៅរបស់ប្រជាជន។»
ចំពោះបញ្ហាខាងលើនេះ យុវជន រតនាបានស្នើរសុំឱ្យអាជ្ញាធរយកចិត្តទុកដាក់បន្ថែមលើប្រជាជននៅទីនោះ ធ្វើយ៉ាងណាឱ្យមានលំនឹង កុំឱ្យមានការកាប់បំផ្លាញបន្ថែមពីឈ្មួញបន្តទៀត ព្រោះដើមឈើនៅទីនោះកាន់តែខើចទៅៗ នឹងបាត់បង់ទីជម្រករបស់សត្វមួយចំនួនផងដែរ ទន្ទឹមនឹងការខិតខំរបស់ប្រជាជននៅទីនោះក្នុងការការពារថែរក្សាព្រៃនៅទីនោះ។
«ចង់ឲ្យអាជ្ញាធរគាត់បម្រើប្រជាជន មានន័យថាគាត់អត់ត្រូវទៅបម្រើពួកអ្នកដែលមានលុយ មានអំណាចទេ តែត្រូវធ្វើម៉េច ដើម្បីឲ្យមានភាពស្មើគ្នា ដើម្បីបម្រើប្រជាជន។ ប្រជាជននៅតំបន់នោះគាត់ខិតខំក្នុងការការពារ កុំឲ្យមានការរំលោភបំពានលើការកាប់បំផ្លាញព្រៃ ដើម្បីទន្រ្ទានញយកសត្វ គាត់ត្រូវធ្វើយ៉ាងណាកុំឲ្យមានអំពើកាប់ អំពើទន្រ្ទាញដី នៅក្នុងព្រៃទៀត។»
ទោះបីជាមានការព្រួយបារម្ភទៅលើរឿងនេះក៏ពិតមែន តែយុវជន និងយុវតី ដែលបានចូលរួមដើរល្បាតក្នុងព្រៃឡង់ក៏សប្បាយចិត្ត ព្រោះមានការធ្វើពិធីបុណ្យព្រៃឡង់នេះឡើង ដែលជាផ្នែកមួយធ្វើឱ្យប្រជាជននៅទីនោះមានការសប្បាយចិត្តក្នុងការចែករំលែកនូវទុក្ខលំបាករបស់ពួកគាត់ និងបានចែករំលែកដល់យុវជនឱ្យបានដឹងពី ប្រទេសសកម្ពុជាក៏មានតំបន់ព្រៃល្អៗនិងមានព្រៃដែលផ្ដល់ប្រយោជន៍សម្រាប់ប្រទេសទាំងមូលផងដែរ។ មួយវិញទៀតរតនាមានការចាប់អារម្មណ៍ចំពោះរឿង២ផងដែររួមមាន៖ ការរៀបចំធ្វើពិធីសែនព្រេន ដែលមាន ការរៀបចំក្នុងការសែនដល់អារុក្ខអារក្សអ្នកតាដែលរក្សាព្រៃឈើនៅទីនោះ និងមួយទៀតគឺ ការលេងចាប៉ីដងវែងរបស់អ្នកភូមិ ដែលជារឿងមួយដ៏ល្អ។ អ្នកភូមិនៅទីនោះមានការលេងចាប៉ីឱ្យយុវជនដែលមកពីខេត្តផ្សេងៗបានស្ដាប់កម្សាន្តនិងបានយល់ដឹងបន្ថែមពីសិល្ប:វប្បធម៌ខ្មែរផងដែរ៕
អត្ថបទដោយ កញ្ញា សួ សុវណ្ណិកា