នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ អ្នកនាង ស្រួង ភាវី កីឡាការិនីពូកែថ្វីដៃខាងស្នូឃ័រប៊ីយ៉ាការ៉ុមប្រចាំប្រទេសកូរ៉េខាងត្បូង បានឱ្យដឹងថា ឈ្មោះរបស់អ្នកនាងបានឈរនៅកំពូលតារាង លេខមួយវិញហើយ ដោយពិន្ទុខ្ពស់បំផុត ៥៥ ៤០០ ពិន្ទុ។
ទោះបីជាការប្រកួតចុងក្រោយ នៅថ្ងៃទី២៥ ខែកុម្ភៈ ម្សិលមិញ អ្នកនាងបានទទួលចំណាត់ថ្នាក់លេខពីរក៏ដោយ តែចំនួនពិន្ទុបានកើនឡើង ទើបធ្វើឱ្យអ្នកទទួលបានចំណាត់ថ្នាក់នេះមកវិញ ក្លាយជាកីឡាការិនីកំពូលតារាង ប្រចាំនៅប្រទេសកូរ៉េខាងត្បូង។
កីឡាការិនីពូកែថ្វីដៃរូបនេះ បានពោលថា រាល់ពេលបានលើកទង់ជាតិខ្មែរយើងម្ដងៗលើឆាកប្រកួត អ្នកនាង ពិតជាមានមោទកភាព និងអស្ចារ្យខ្លាំងណាស់។ យ៉ាងណា អ្នកតាមពីក្រោយអ្នកនាង ស្រួង ភាវី គឺជាស្ដ្រីជនជាតិកូរ៉េម្នាក់ ដែលមានចំណាត់ថ្នាក់ពិន្ទុ ៥៤ ៧០០ ពិន្ទុ។ អ្នកនាងស្រួង ភាវី ដែលបានលេខពីរ ពីការប្រកួតម្សិលមិញ បាននិយាយក្នុងវីដេអូអ្នកនាងថា ទោះបីជាឈ្មោះរបស់ខ្លួនបានឈរលើកំពូលតារាងពិតមែន តែអ្នកនាងក៏អន់ចិត្តលើការប្រកួតម្សិលមិញដែរ ដែលមិនអាចយកលេខមួយបាន។
គួរជម្រាបថា អ្នកនាង ស្រួង ភាវី គឺជាកីឡាការិនីមួយរួប ដែលប្រកួតកម្រចាញ់ តែឈ្នះញឹកលើកីឡាស្នូឃ័រប៊ីយ៉ាការ៉ុម។ កាលពីព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នៅកម្ពុជា អ្នកនាងក៏ដណ្ដើមបានមេដាយមាសមួយគ្រឿង និងសំរិទ្ធមួយគ្រឿង ជូនប្រទេសជាតិផងដែរ៕