en     km
en     km

លោក Zelenskiy ស្នើសុំជំនួយពីអាមេរិកខណៈទាហានអ៊ុយក្រែនជាង ៣ម៉ឺននាក់ស្លាប់នៅក្នុងសង្រ្គាមតទល់នឹងរុស្ស៊ី

Share


ក្នុងរយៈពេល២ឆ្នាំនៃសង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែន យ៉ាងហោចណាស់ ទាហានអ៊ុយក្រែនចំនួន ៣ម៉ឺន១ពាន់នាក់(៣១,០០០នាក់) បានស្លាប់យ៉ាងរដូករណែលនៅក្នុងអំឡុងពេលតស៊ូជាមួយទាហានរុស្ស៊ី ដើម្បីការពារបូរណភាពទឹកដីរបស់ខ្លួន។ នេះជាការបើកបង្ហាញតួលេខទាហានអ៊ុយក្រែនដែលបានស្លាប់នៅក្នុងសមរភូមិជាមួយនឹងរុស្ស៊ីជាលើកដំបូង ដោយយោងតាមសារព័ត៌មាន The Guardian ចុះផ្សាយនៅថ្ងៃច័ន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤។

បើតាមការបញ្ជាក់របស់មន្រ្តីអាមេរិក រាយការណ៍ថា ទាំងបុគ្គលិកបម្រើការនៅអ៊ុយក្រែននិងទាហានប្រមាណ ៧ម៉ឺននាក់បានបាត់បង់អាយុជីវិតនៅក្នុងអណ្តាតភ្លើងសង្គ្រាម ខណៈមនុស្សជាង ១២ម៉ឺននាក់ផ្សេងទៀតរងរបួស។ មន្រ្តីអាមេរិកប៉ាន់ប្រមាណថា រុស្ស៊ីបាត់បង់ប្រជាពលរដ្ឋជាង ១៨ម៉ឺននាក់ ខណៈមនុស្សប្រមាណ ៥០ម៉ឺននាក់ផ្សេងទៀតរងរបួស។

ក្រៅពីចំនួនទាហានដែលបានស្លាប់ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ឱ្យដឹងថា ចំនួនប្រជាពលរដ្ឋអ៊ុយក្រែនដែលស្លាប់ក្នុងការវាយប្រហាររវាងភាគីទាំងសងខាងមិនមែន ១៥ម៉ឺននាក់ហើយក៏មិនមែន៣០ម៉ឺននាក់ ក៏ប៉ុន្តែលោកថា ចំនួនអ្នកស្លាប់មានចំនួនច្រើនលើសលប់ និងប៉ះពាល់ដល់ប្រទេសជាតិជាខ្លាំង។ ប្រធានាធិបតីរូបនេះមិនបានបញ្ជាក់ពីចំនួនជាក់លាក់ឡើយ ដោយហេតុខ្លាចជាប្រយោជន៍ដល់គូសត្រូវ។

ជាមួយគ្នានេះ ប្រធានាធិបតីអ៊ុយក្រែនក៏បានទទួលស្គាល់ដែរថា សព្វាវុធរបស់ខ្លួនកំពុងខ្វះខាតក្នុងពេលដ៏សំខាន់ ពិសេសលោក Zelenskiy ស្នើឱ្យសភាអាមេរិកសម្រេចអនុម័តកញ្ចប់ជំនួយយោធានិងសេដ្ឋកិច្ចចំនួន ៦១ពាន់លានដុល្លារអាមេរិកសម្រាប់ទីក្រុងគៀវរបស់អ៊ុយក្រែន។ លោកសង្ឃឹមថា សភាអាមេរិកនឹងអនុម័តកញ្ចប់ជំនួយឆាប់ៗនេះ ដែលក្នុងនោះមានទាំងជំនួសមីស៊ីលការពារដែនអាកាស ដែលប្រើដើម្បីការពារទីក្រុងគៀវ និងទីក្រុងផ្សេងៗទៀតរបស់អ៊ុយក្រែនពីការវាយប្រហាររបស់រុស្ស៊ី៕

ប្រភព៖ The Guardian ចុះថ្ងៃច័ន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤

Share

Image
Image
Image