ការរលាកអញ្ចាញធ្មេញបង្កឱ្យមានហានិភ័យដល់សុខភាពទូទៅ ជាពិសេសស្ត្រីមានផ្ទៃពោះជាហេតុធ្វើឱ្យកូនកើតមិនគ្រប់ខែ ឬមិនគ្រប់គីឡូ ដែលម្ដាយគ្រប់រូបគួរយកចិត្តទុកដាក់លើបញ្ហានេះដើម្បីជៀសវាសគ្រោះថ្នាក់ពេលសម្រាល។ ចំណែកហានិភ័យចំពោះសុខភាពទូទៅវិញមានដូចជា ជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺរលាកខួតរ៉ាំរ៉ៃ ជំងឺទឹកនោមផ្អែម ជំងឺពុកឆ្អឹង ជំងឺរលាកសន្លាក់ ជំងឺមហារីក ជាដើម។
ទន្ទឹមនឹងនេះដែរ មន្ទីពេទ្យកាល់ម៉ែតបានលើកឡើងពីមូលហេតុធំចម្បងមួយដែលបណ្តាលឱ្យមានការរលាកអញ្ចាញធ្មេញ មកពីពពួកបាក់តេរីដែលមាននៅក្នុងកំណកកំបោរព័ទ្ធជុំវិញធ្មេញ ក្នុងរយៈពេលយូរ។ រីឯមូលហេតុផ្សេងទៀតអាចមកពី ការប៉ះទង្គិច ការប៉ះសារធាតុគីមី ការដាក់ធ្មេញ ឬប៉ះធ្មេញមិនត្រឹមត្រូវតាមបច្ចេកទេសជាដើម។
យ៉ាងណាមិញ ចំពោះរោគសញ្ញាមួយចំនួននៃការរលាកអញ្ចាញញធ្មេញ មានដូចជា រលាកក្រហមលើអញ្ចាញធ្មេញ ឡើងហើមប៉ោងលើអញ្ចាញធ្មេញ ងាយឈាមពេលប៉ះទង្គិច មានខ្ទុះនៅតាមជើងធ្មេញ មានធំក្លិនមាត់ និងឈឺចាប់។ មិនត្រឹមតែប៉ុណ្ណោះជំងឺនេះក៏មានការវិត្តន៍ផងដែរ ក្នុងករណីមិនព្យាបាលហើយទុកចោលរយៈពេលយូរធ្វើឱ្យធ្មេញចាប់ផ្តើម និងឈានទៅរកការបាត់បង់ធ្មេញ។
ជំងឺអញ្ចាញធ្មេញអាចប៉ះពាល់ដល់សុខភាពទូទៅនឹងស្រ្តីមានផ្ទៃពោះដូចរៀបរាប់ខាងលើ អ្នកវិទ្យាសាស្ត្រមិនទាន់អាចពន្យល់ច្បាស់ពីមូលហេតុនេះទេ។ ប៉ុន្តែតាមការសិក្សាស្រាវជ្រាវបង្ហាញថា នៅក្នុងមាត់មានមេរោគប្រហែល ៦ប៊ីលាន នៅពេលដែលមានការរលាកអញ្ចាញ ធ្វើឱ្យមេរោគងាយឆ្លងចូលទៅតាមសរសៃឈាម និងប៉ះពាល់ដល់សរីរាង្គសំខាន់ៗដូចជា បេះដូង សួត ខួរក្បាល និងបម្រែបម្រួលសរីរាង្គផ្សេងៗ។
មួយវិញទៀតគេសង្កេតឃើញថា បើមានការរលាករ៉ាំរ៉ៃលើអញ្ចាញធ្មេញ ធ្វើឱ្យងាយមានការរលាកនៅកន្លែងផ្សេងទៀតក្នុងខ្លួន(ដោយសារប្រព័ន្ធការពារក្នុងខ្លួន)។
យ៉ាងណា ចំពោះវិធីសាស្ត្រដែលជួយការពារកុំឱ្យកើតជំងឺអញ្ចាញធ្មេញមានដូចជា ធ្វើអនាម័យមាត់ធ្មេញជាប្រចាំ ដុះសំអាតធ្មេញយ៉ាងតិចណាស់ ២ដងក្នុង១ថ្ងៃ បរិភោគអាហារជួយដល់សុខភាព ណាត់ជួបជាមួយទន្តបណ្ឌិត ៦ខែម្តង ដើម្បីពិនិត្យ និងលាងសម្អាតនូវកំណកកំបោរតាមជើងធ្មេញចេញ។
ប្រភពដដែលបញ្ជាក់ថា “សូមណាត់ជួបជាមួយទន្តបណ្ឌិតឯកទេសនៅមន្ទីរពេទ្យកាល់ម៉ែតដើម្បីប្រឹក្សា និងទទួលការព្យាបាលតាមបច្ចេកទេសទន្តសាស្ត្រត្រឹមត្រូវ។”
អត្ថបទដកស្រង់៖ចាន់រ៉ាត់ សៀវមិញ