ជំងឺរលាកបំពង់កដោយមេរោគ ស្រេបតូកុកឃឹស(streptococcus) ជាជំងឺឆ្លងនៅបំពង់កដោយមេរោគបាក់តេរីមួយប្រភេទឈ្មោះ ស្រេបតូកុកឃឹសផ្យូសែន ឬ ក្រុមអេ (streptococcus pyogen ឬ group A) ។ជំងឺនេះអាចកើតលើមនុស្សគ្រប់វ័យ តែភាគច្រើន កើតលើក្មេងចន្លោះ 5 ទៅ15ឆ្នាំ នឹងកម្រកើតលើក្មេងអាយុក្រោម 3ឆ្នាំណាស់។ នេះបើយោងតាមការលើឡើងរបស់ទំព័រហ្វេសប៊ុក មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
មេរោគនេះឆ្លងដោយការប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺ ឬអ្នកដែលផ្ទុកមេរោគ តាមរយៈកម្ទេចទឹកមាត់ កន្តាស សំបោរនិងតាមរយៈអាហារដែលមានមេរោគ។ ចំពោះរោគសញ្ញាចំបង រយៈពេលកើតរោគសញ្ញា ចន្លោះ2 ទៅ5ថ្ងៃបន្ទាប់ពីប៉ះពាល់ឬឆ្លងមេរោគ។ចំណែកឯរោគសញ្ញាបន្ថែមរួមមាន ឈឺក ក្តៅខ្លួន ឈឺក្បាល ឈឺពោះ ក្អួត ចង្អោរ ហើយការរលាកបំពង់កដោយមេរោគនេះ មិនសូវបង្កឲ្យក្អក ហៀរសំបោរទេ ឯការពិនិត្យរាងកាយ សាច់បំពង់កឡើងក្រហម និងហើម បំពង់កមានដំបៅសៗ នឹងឡើងកូនកណ្តុលតាម កផ្នែកខាងមុខ ។
សម្រាប់ការធ្វើរោគវិនិច្ឆ័យវិញ រួមមានការបៀកយកទឹកបំពង់ក រកមើលមេរោគភ្លាមៗ និងយកទៅបណ្តុះមេរោគ ។ចំណែកឯការព្យាបាលមិនបានត្រឹមត្រូវវិញ អាចបង្កឲ្យមានផលវិបាកដូចជា ឡើងបូសនៅបំពង់ករលាកកូនកណ្តុរនៅបំពង់ក រលាកសន្លាក់ រលាកតំរងនោម រលាកប្រឹសបេះដូង នឹងរលាកខួរក្បាល។ យ៉ាងណាមិញ សម្រាប់ការព្យាបាល ជំងឺនេះត្រូវការប្រើប្រាស់ថ្នាំផ្សះ ជាចាំបាច់ទៅតាមវេជ្ជបញ្ជា ។
ប្រភពមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតដដែលបានបញ្ជាក់ថា វិធីការពារ អនាម័យដៃឲ្យបានស្អាត ពាក់ម៉ាស់ពេលផ្តាសាយ អ្នកជំងឺ គួរសំរាកនៅផ្ទះ និងជៀសវាងប៉ះពាល់ស្និទ្ធស្នាលជាមួយអ្នកដទៃរហូតដល់ កំដៅខ្លួនចុះត្រជាក់ និង យ៉ាងហោចណាស់បន្ទាប់ពីប្រើប្រាស់ថ្នាំផ្សះតាមវេជ្ជបញ្ជាត្រឹមត្រូវបាន 12ទៅ24ម៉ោង៕
អត្ថបទប្រែសម្រួល៖ចាន់រ៉ាត់ សៀវមិញ