en     km
en     km

រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ បើមានស្ត្រីអ្នកសារព័ត៌មានច្រើន ពួកគាត់នឹងសរសេរបញ្ហារបស់ស្ត្រីបានច្រើន

Share

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហាញការកត់សម្កាល់ថាដែលថាស្ត្រីមានចំនួនច្រើននៅក្នុងសង្គម ដូច្នេះឯកឧត្តម លើកទឹកចិត្តជំរុញឱ្យស្ត្រីជាអ្នកសារព័ត៌មានឱ្យបានច្រើន ដ្បិតថាបើសិនជាស្ត្រីជាអ្នកសារព័ត៌មាន​ មានចំនួនច្រើន ពួកគាត់នឹងសរសេររឿងរ៉ាវពីបញ្ហារបស់ស្ត្រីបានច្រើន ដែលបុរសមិនសូវយល់ពីបញ្ហាប្រឈមរបស់ស្ត្រី។

ក្នុងជំនួបជាមួយ ក្រុមការងារអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា (WMC) នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលដឹកនាំដោយ លោកស្រី សាវតា ច័ន្ទគ្រឹស្នា ដែលជានាយិកាប្រតិបត្តិ ឯកឧត្ដម នេត្រ ភក្ត្រា បានបញ្ជាក់ពីជំហររបស់ក្រសួងព័ត៌មានថា ក្រសួងកំពុងជំរុញទឹកចិត្តដល់ស្ត្រី និងការពារស្ត្រី ក្នុងក្របខណ្ឌវិស័យព័ត៌មាន ក្នុងនោះឯកឧត្តមរដ្ឋមន្ត្រីបាន ជំរុញដល់ក្រុមប្រឹក្សាជាតិដើម្បីស្ត្រី ក្នុងបញ្ចូលនូវការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាព ស្ត្រីអ្នកសារព័ត៌មាន។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន

សកម្មភាពលើកទឹកចិត្តស្ត្រី និងផ្ដល់ភាពងាយស្រួលដល់ស្ត្រីធ្វើការលើវិស័យព័ត៌មាននេះ គឹស្របទៅនឹងសកម្មភាពការងាររបស់អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC)  ដែលតែងលើកទឹកចិត្ត និងផ្ដល់ឱកាសដល់ស្ត្រីធ្វើការលើវិស័យនេះ រួមទាំងផ្សព្វការផ្សាយលើកកម្ពស់សិទ្ធិស្ត្រី និងសមភាពយែនឌ័រ។ ដើម្បីរក្សាស្ថេរភាពការផ្សព្វផ្សាយ ដោយផ្ដល់លទ្ធភាពឱ្យអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា នៅតែអាចប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយបុរាណ និងទំនើប ក្នុងបេសកកម្មរបស់ខ្លួន លោកស្រី សាវតា ច័ន្ទគ្រឹស្នា បានស្នើសុំឯកឧត្ដមរដ្ឋមន្ត្រីផ្ដល់អាជ្ញាប័ណ្ណប្រើប្រាស់ហ្វ្រេកង់វិទ្យុ FM 101.5 ដើម្បីចូលរួមចំណែកជាមួយរាជរាដ្ឋាភិបាលក្នុងការផ្សព្វផ្សាយព័ត៌មាន លើកកម្ពស់ចំណេះដឹងប្រជាពលរដ្ឋ ពិសេសស្ត្រី និងជនងាយរងគ្រោះ។ ឆ្លើយតបនឹងសំណើនេះ ឯកឧត្ដម នេត្រ ភក្ត្រា បញ្ជាក់ថា លោកនឹងពិនិត្យលទ្ធភាពផ្ដល់ហ្វ្រេកង់នេះ។

លោកស្រី សាវតា ច័ន្ទគ្រឹស្នា ដែលជានាយិកាប្រតិបត្តិអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC)

ហ្វ្រេកង់វិទ្យុ FM 101.5 ភ្នំពេញ-សៀមរាប-ព្រះសីហនុ ស្ថានទូតអូស្ត្រាលីបានឈប់ប្រើប្រាស់ និងសម្រេចផ្ទេរមកឱ្យអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជាប្រើប្រាស់បន្ត ប៉ុន្តែត្រូវឆ្លងកាត់ការអនុញ្ញាតរបស់ក្រសួងព័ត៌មានជាមុនសិន។ កាលពីឆ្នាំ ២០២២ អង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា បានស្នើសុំ ឯកឧត្ដម ខៀវ កាញារីទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មានដើម្បីប្រើប្រាស់ហ្វ្រេកង់ FM 101.5នេះ ហើយលោកក៏បានយល់ព្រមឱ្យប្រើប្រាស់បន្តដែរ។ ប៉ុន្តែដោយសារក្រសួងព័ត៌មានមានកិច្ចការរវល់ខ្លាំងចំពោះមុខ រហូតមកដល់ពេលនេះ អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជាមិនទាន់ទទួលបានប្រើប្រាស់នៅឡើយ៕

 

 

Share

ព័ត៌មានទាក់ទង

Image