បើរាប់ទាំង លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដែលអាចនឹងក្លាយជាឧបនាយករដ្ឋមន្ត្រី ក្រោយសភាផ្ដល់សេចក្ដីទុកចិត្ត ឃើញថាឧបនាយករដ្ឋមន្ត្រីនៅក្នុងជួររដ្ឋាភិបាលអាណត្តិទី៧នេះ ទាំង១១នាក់ សុទ្ធតែជាបុរស។ នោះក៏អាចកកើតជាចម្ងល់មួយសួរថា «ហេតុអ្វីមិនមានស្ត្រី សូម្បីតែម្នាក់ ក្នុងតំណែងដ៏សំខាន់នេះ?»។ លោក គីម ចាន់ចាវ ជូននូវសេចក្ដីរាយការណ៍
លោក ហ៊ុន ម៉ានី ដែលជាកូនប្រុសពៅរបស់អតីតនាយករដ្ឋមន្ត្រីសម្តេច ហ៊ុន សែន នឹងក្លាយជាឧបនាយករដ្ឋមន្ត្រីទី១១របស់កម្ពុជាបន្ថែមលើមុខងារបច្ចុប្បន្ន ប្រសិនបើលោកទទួលបានការផ្តល់សេចក្តីទុកចិត្តពីសមាជិកសភាដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា។ សភានឹងបើកកិច្ចប្រជុំផ្តល់សេចក្តីទុកចិត្តលើការតែងតាំងលោក ហ៊ុន ម៉ានី នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៤ ខាងមុខនេះ។ ក្នុងកិច្ចប្រជុំដដែលនោះ សភាក៏នឹងបោះឆ្នោតជ្រើសតាំងឥស្សរជនពីររូបទៀតគឺលោក ស្រ៊ី ថាមរុង្គ និងលោក ប៉ែន វិបុល ជាទេសរដ្ឋមន្រ្តី។
បើរាប់ទាំង លោក ហ៊ុន ម៉ានី ដែលអាចនឹងក្លាយជាឧបនាយករដ្ឋមន្ត្រីទី១១ក្រោយសភាផ្ដល់សេចក្ដីទុកចិត្ត ឃើញថាឧបនាយករដ្ឋមន្ត្រីនៅក្នុងជួររដ្ឋាភិបាលអាណត្តិទី៧នេះ សុទ្ធតែជាបុរស។ ហេតុអ្វីមិនមានស្ត្រី សូម្បីតែម្នាក់ ក្នុងតំណែងដ៏សំខាន់នេះ?
លោក មាជ សុវណ្ណរ៉ា ប្រធានបេសកម្មក្រៅប្រទេសនៃវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយ លើកឡើងថា ក្នុងសង្គមប្រជាធិបតេយ្យមិនមានការរើសអើង បុរស ឬស្ត្រីឡើយ ឬមិនគិតថាបុរសត្រូវតែធ្វើការឱ្យបានច្រើនជាងស្ត្រី ឬត្រូវប្រតិបត្តិតាមប្រពៃណីដែលដាក់គំនាបស្ត្រីឡើយ។
«ជំនាញចំណេះដឹងខួរក្បាលរបស់ស្ដ្រីមិនខុសពីខួរក្បាលរបស់បុរសទេគឺថាពីរគីឡូកន្លះដូចគ្នា ចឹងខ្ញុំថាចាំបាច់ដែលរដ្ឋាភិបាលត្រូវផ្ដើមឱ្យមានតួនាទីស្ត្រីជាឧត្ដមមន្ត្រីជាន់ខ្ពស់ក្នុងតំណែងណាមួយដើម្បីឱ្យឃើញថា កម្មវិធីយេនឌ័រនៅក្នុងរដ្ឋធម្មនុញ្ញក៏បានចែង នៅក្នុងច្បាប់ជាតិ និងអន្តរជាតិស្ដីពីសិទ្ធិមនុស្សសកលគឺថាយើងមានទាំងអស់ ប៉ុន្តែគ្រាន់ថា អ្នកដឹកនាំកំពូលៗ គាត់ហាក់បីដូច មិនទាន់ឱ្យតម្លៃស្ត្រី ហើយឃើញស្ត្រីឥឡូវមានការចេះដឹង ចំណេះដឹង បញ្ញាញាណ ហ៊ានប្រឈមនៅក្នុងការតទល់ផ្នែកច្បាប់ដោយអហិង្សា ដោយសន្តិវិធី គឺថាវាជារឿងមួយដែលខ្ញុំគាំទ្រអំពីកម្មវិថីយេឌ័រដើម្បីឱ្យស្ដ្រីមានជាតំណែងខ្ពង់ខ្ពស់នៅក្នុងតួនាទីរដ្ឋាភិបាន។ ព្រោះពួកគាត់មានសម្ថភាព កាលពីអាណត្តិមុនយើងឃើញមាន ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ប៉ុន្តែមកដល់ពេលនេះ យើងឃើញសុទ្ធតែជាប្រុសៗ ហើយក្មេងៗទៅទៀត។ យើងមិនគិតថាក្មេងចាស់ដែលមិនមានការចេះដឹង ឬក៏បទពិសោធទេ យើងចង់និយាយថាយ៉ាងហោចណាស់ ហេតុនេះក៏យើងត្រូវមានស្ត្រីដែលដើរស្របទៅជាមួយគ្នាក្នុងការជួយប្រទេសជាតិទាំងអស់គ្នា។»
លើបញ្ហាននេះ លោកស្រី ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ បានអះអាងថា ការដែលខ្វះខាតស្ត្រីក្នុងជួររដ្ឋាភិបាល គឺពាក់ព័ន្ធនឹងការខ្វះខាតការអប់រំដែលត្រូវផ្ដល់ឱ្យស្ត្រី។
«ពីរឿងស្ត្រីដឹកនាំនៅក្នុងរាជរដ្ឋាភិបាលវាមានកម្រិត ដូច្នេះមិនអាចបន្ទោសរាជរដ្ឋាភិបាលបានទេ ដោយសារស្ដ្រីនៅស្រុកខ្មែរយើងនេះ គាត់អត់មានសមត្ថភាពគ្រប់គ្រាន់ និងអត់មានសេចក្ដីក្លាហាន អត់មានចំណេះដឹងគ្រប់គា្រន់សម្រាប់ធ្វើការងារក៏មានដែរ នេះតាមខ្ញុំស៊ើបសង្កេតឃើញចឹង។»
លោកស្រី ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ
ក៏ប៉ុន្តែ លោក រស់ សុដ្ឋា ប្រធានអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា CHRAC មើលឃើញផ្ទុយពីនេះ ដោយលោកអះអាងថា ស្ត្រីបច្ចុប្បន្នមានអ្នកមានសមត្ថភាពច្រើន ប៉ុន្តែថ្នាក់ដឹកនាំគួរបើកចិត្តឱ្យទូលាយទទួលយកស្ត្រីទាំងនោះក្នុងការកាន់តំណែងចម្បងនេះ។
«ស្ត្រីឥឡូវក៏ពូកែច្រើនដែរ បើសិនជាខ្ញុំឃើញស្រីក្នុងយុវជន ក្នុងសង្គមស៊ីវិលអីសុទ្ធតែពូកែៗ និស្សិតថ្មីៗអីសុទ្ធតែអាចបណ្តុះបណ្ដាលបាន ដូច្ចេះទេ ប្រសិនបើក្នុងរាជរដ្ឋាភិបាលក៏មានដែរ មិនមែនអត់ទេ។ ប្រសិនបើយើងបើកចិត្តឱ្យទូលាយ យើងមើលឃើញនូវផលប្រយោជន៍នៃការលើកម្ពស់យេនឌ័រ ក៏យើងអាចនឹងឃើញស្ត្រីណាមួយក្នុងស្ថាប័នរដ្ឋនឹងមិនខ្វះទេ។ ដោយសារតែគាត់មិនមានឱកាសតែប៉ុណ្ណឹងទេ ហើយយើងគិតមើល យើងលើកតែងតាំងក្មេងជំនាន់ក្រោយយុវជនជំនាន់ក្រោយឱ្យឡើងទៅជាថ្នាក់ដឹកនាំ ។ ដូច្នេះ រឿងអីដែលយើងមិនអាចលើកកម្ពស់ស្ដ្រីដែលមានសមត្ថភាពនៅកម្រិតក្រោមៗឱ្យអាចឡើងលើបាន បើយើងមានចេតនាធ្វើបានគឺថាល្អហើយដែលយើងធ្វើបាន ហើយខ្ញុំក៏យល់ស្របដែរនោសំណួរនឹងជាការចាប់អារម្មពិសេសមួយដែលពាក់ព័ន្ធនឹងបញ្ហាយេនឌ័រ។»
លោក ហ៊ុន ម៉ានី នឹងក្លាយជារដ្ឋមន្ត្រីទី១១ ដែលមានឋានៈជាឧបនាយករដ្ឋមន្ត្រីក្នុងរដ្ឋាភិបាលអាណត្តិទី៧ ដែលមានសម្តេច ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ ឧបនាយករដ្ឋមន្ត្រី ១០រូបនាពេលបច្ចុប្បន្នមានលោក នេត សាវឿន លោក អូន ព័ន្ធមុនីរ័ត្ន លោក សុខ ចិន្តាសោភា លោក វង្សី វិសុទ្ធ លោក កើត រិទ្ធ លោក សាយ សំអាល់ លោក ទៀ សីហា លោក ស សុខា លោក ហង់ ជួនណារ៉ុន និងលោក ស៊ុន ចាន់ថុល។ បើមើលលើតំណែងនេះទាំងស្រុងឃើញថា ឧបនាយករដ្ឋមន្ត្រីនៅក្នុងជួររដ្ឋាភិបាលអាណត្តិទី៧នេះ សុទ្ធតែជាបុរស មិនមានស្ត្រីសូម្បីតែម្នាក់។
លោក មាជ សុវណ្ណរ៉ា ស្នើសុំឱ្យអ្នកដឹកនាំជំនាន់ថ្មីបើកសិទ្ធិឱ្យបានទូលំទូលាយ ក្នុងការប្រកួតប្រជែងនយោបាយដោយតម្លាភាព និងសុចចរិត ដើម្បីបើកផ្លូវឱ្យស្ត្រី អាចឈានចាប់តំណែងធំៗក្នុងជួររដ្ឋាភិបាល។
«ខ្ញុំគាំទ្រចង់ឃើញស្ត្រីមានតំណែងខ្ពង់ខ្ពស់ ដល់ជានាយករដ្ឋមន្ត្រីឬក៏ជាបេក្ខជននាយករដ្ឋមន្ត្រីឈ្នះឆ្នោតនៅអាណត្តិណាខាងមុខទៀតគឺថាចង់ឃើញអ្នកជំនាន់ថ្មីគឺថាបើកសិទ្ធិទូលំទូលាយក្នុងការប្រកួតប្រជែងនយោបាយដោយតម្លាភាពដោយសុចរិតគឺថាមានស្ត្រីឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រី ជាតំណាងរាស្ត្រ ជារដ្ឋមន្ត្រី ជាឧបនាយករដ្ឋមន្ត្រីឬក៏ជាប្រធានគណបក្សណាក្នុងសង្គមប្រជាធិបតេយ្យ។»
លោក មាជ សុវណ្ណរ៉ា ប្រធានបេសកម្មក្រៅប្រទេសនៃវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយ
ឆ្លងកាត់បទពិសោធន៍ខ្លះពីការធ្វើនយោបាយ ជាពិសេសសកម្មភាពនយោបាយជាមួយស្ត្រី លោកស្រី ពោធិតី សាវត្ថី អះអាងស្ត្រីដែលមានគ្រួសារអាចរងគំនាប ពីស្វាមី ក្នុងការចូលរួមជីវភាពនយោបាយ។
«ដូចស្ដ្រីខ្លះ ឧទាហរណ៍ស្ត្រីសមាជិកខ្ញុំលើកមុនដែលខ្ញុំនាំទៅសម្ភាសនៅវិទ្យុស្ត្រីកម្ពុជាចឹងដែរ ចុងបញ្ចប់គាត់អត់ហ៊ានចូលធ្វើការអ្វីទាំងអស់ដោយសារគំនាបប្ដីមិនសប្បាយចិត្តឱ្យធ្វើ អានឹងជាឧទាហរណ៍មួយ។កាពិតទៅ ដូចមីងអីព្យាយាមពន្យល់គាត់ហើយ ដើម្បីឱ្យគាត់ហ៊ានសម្រេចចិត្ត ក៏ប៉ុន្តែវាមិនអាចទៅរួចទៀត ដូច្នេះដុចព្រះពុទ្ធលោកចែងហើយ ខ្លួនទីពឹងខ្លួន បើខ្លួនមិនសម្រេចចិត្តបានហើយ អ្នកដទៃមិនដឹងថាជួយគាត់យ៉ាងមិចទេ រឿងវាពិបាកចឹង។»
លោក រស់ សុដ្ឋា យល់ថា ការលើកកម្ពស់ឱ្យស្ត្រីអាចចូលរួមក្នុងការដឹកនាំសំខាន់ៗ ក្នុងស្ថាប័នរដ្ឋ ឃើញថាចំនួនស្ត្រីដែលមានសមត្ថភាពមានច្រើន គ្រាន់តែពួកគាត់នៅមិនទាន់មានឱកាសនៅឡើយ។
លោក រស់ សុដ្ឋា ប្រធានអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា CHRAC
ជាកាតត់សម្គាល់តាមរយៈការតម្លើងឋានៈអ្នកនយោបាយបក្សកាន់អំណាច៣នាក់បន្ថែមទៀតទៅក្នុងស្ថាប័ននីតិប្រតិបត្តិនេះ នឹងធ្វើឱ្យរដ្ឋាភិបាលរបស់សម្តេច ហ៊ុន ម៉ាណែត ក្នុងអាណត្តិទី៧នេះ មានឧបនាយករដ្ឋមន្ត្រីដល់១១រូប ទេសរដ្ឋមន្ត្រីជាង២០រូប រដ្ឋមន្ត្រី៣០រូប រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការជាង១ពាន់រូប។ បន្ថែមពីនេះនៅមានរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងទីប្រឹក្សាអមក្រសួងទាំង៣០ផងដែរ៕