en     km
en     km

នាយករដ្ឋមន្ត្រីព្រមានចាត់វិធានការច្បាប់តឹងរឹងចំពោះអ្នកបំភ្លៃព័ត៌មានខុសការពិតពីកម្ពុជា

Share

ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែកុម្ភៈនេះ នាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហាញសារព្រមានផ្លូវច្បាប់ដោយគ្មានការលើកលែងឡើយ លើជនណាដែលបំភ្លៃការពិតពីប្រទេសកម្ពុជាដែលថាកម្ពុជាជាទីតាំងមានបញ្ហាចាប់ជំរិត ធ្វើទារុណកម្មជាដើម។ ការព្រមានធ្ងន់ៗពីសំណាក់នាយករដ្ឋមន្រ្តីបែបនេះ ដើម្បីការពារផលប្រយោជន៍មុខមាត់កម្ពុជាលើឆាកអន្តរជាតិ និងដើម្បីរក្សាកំណើនអ្នកទេសចរណ៍ដែលមកលេងប្រទេសកម្ពុជាផងដែរ។

លោក កែវ សុខា ជូនសេចក្តីរាយការណ៍៖

ប្រសាសន៍នាយករដ្ឋមន្រ្តី៖«សូមព្រមានដល់អ្នកផ្សេងទៀតដែលយកប្រទេសកម្ពុជាធ្វើជាកន្លែងអាជីវកម្មយកview បែបនេះ គឺអនុវត្តច្បាប់ឱ្យម៉ឹងម៉ត់ អនុវត្តឱ្យជាប់គុកពីរឆ្នាំហើយ​ចេញទៅបណ្តេញចេញពីកម្ពុជាហើយមិនឱ្យចូលមកកម្ពុជាអស់មួយជីវិត»។

នេះជាសាររបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ថ្លែងក្នុងឱកាសបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។ សារព្រមានធ្ងន់ៗក្រើនរំលឹកជាថ្មីនេះ កើតឡើងបន្ទាប់ពីតុលាការខេត្តព្រះសីហនុទើបបានកាត់ទោសសម្រេចជនជាតិតៃវ៉ាន់ចំនួនពីរនាក់ឱ្យជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំនិងពិន័យជាប្រាក់​ក្នុង​ម្នាក់ៗ​ ៤ ​លាន​រៀល​ ចំពោះ​ការ​ផលិត​វីដេអូ​ប្រតិដ្ឋ​សម្តែងថាពួកគេត្រូវរងអំពើទារុណ​កម្ម​ ​កើត​ឡើង​ក្នុង​ក្រុង​ព្រះ​សី​ហនុ​​។​

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ថ្លែងក្នុងឱកាសបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេបាសាក់។រូបភាពពីហ្វេសប៊ុកសម្តេច ហ៊ុន សែន។

សម្រាប់នាយករដ្ឋមន្រ្តីកម្ពុជា ព័ត៌មានបំភ្លៃការពិតដោយបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជាបែបនេះពុំមែនជាលើកទីមួយនោះទេ ខណៈជនដែលចង់បានផលប្រយោជន៍តាមរយៈការបំផ្លាញមុខមាត់កម្ពុជាបែបនេះ ធ្លាប់ត្រូវបានផ្តន្ទានទោសជាបន្តបន្ទាប់។ សម្តេច ហ៊ុន ម៉ាណែត ថែមទាំងបញ្ជាឱ្យដាក់ទោសធ្ងន់ៗចំពោះបុគ្គលទាំងនោះផងដែរ ដោយសម្រេចមិនអនុញ្ញាតឱ្យចូលប្រទេសកម្ពុជាតែម្តងក្រោយអនុវត្តទោសជាប់ពន្ធនាគាររួចចប់សព្វគ្រប់ហើយនោះ។

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ៖«ជាមួយអ្នកដែលប្រព្រឹត្តិខុសប៉ះពាល់កិត្តិយសកម្ពុជាយើងមានច្បាប់ធ្វើផល​ ទី២ព្រមានអ្នកដទៃកុំចេះតែធ្វើ ផលប្រយោជន៍ជាតិត្រូវតែការពារ។ នៅសុខៗពាក់ខោអាវល្អៗទៅជួបគេក្រៅប្រទេសថាមកពីកម្ពុជា គេថាប្រទេសអ្នកឯងសប្បូរចាប់ជំរិតច្រើន។ហើយសួរថាកម្ពុជាយើងវាអាក្រក់ចឹង គឺវាអត់ចឹង ប៉ុន្តែមនុស្សមួយចំនួនដែលមិនទទួលខុសត្រូវ យកព័ត៌មានមិនគ្រប់ជ្រុងជ្រោយទៅបំភ្លៃវាយើងខាត​ »។

សូមរំលឹកបន្តិចថា ជន​ជាតិ​ចិន​តៃវ៉ាន់​ទាំង ​២ ​នាក់ក្នុង​នោះ​មានឈ្មោះ​ Chen Neng Chuan ​ភេទ​ប្រុស អាយុ​ ៣១ ​ឆ្នាំ​ និង​ Lu Tsu Hsien ​ភេទ​ប្រុស​អាយុ​ ៣៤ ​ឆ្នាំត្រូវបានសាលា​ដំបូង​ខេត្ត​ព្រះ​សីហនុកាលពី​ថ្ងៃទី ​១៥​ ខែ​កុម្ភៈ​ ឆ្នាំ​ ២០២៤  ចោទប្រកាន់​ពី​ «បទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» ដែល​ប្រព្រឹត្ត​នៅ​ក្នុង​ភូមិ​ ៦ ​សង្កាត់​លេខ​ ៤ ​ក្រុង​ព្រះ​សីហនុ​ ខេត្ត​ព្រះ​សីហនុ​ កាល​ពី​ថ្ងៃទី​ ១៣ ​ខែ​កុម្ភៈ ​ឆ្នាំ​ ២០២៤​ តាម​មាត្រា ​៤៩៤ ​និង​មាត្រា​ ៤៩៥ ​នៃ​ក្រម​ព្រហ្មទណ្ឌ។​

ជនជាតិតៃវ៉ាន់ដែលត្រូវបានកាត់ទោស។រូបភាពពីហ្វេសប៊ុក។

​ការចោទប្រកាន់នេះ បន្ទាប់ពីបុគ្គល​ទាំង ​២​ ខាងលើកាល​ពី​ថ្ងៃទី​ ១២ ​ខែ​កុម្ភៈ​ បាន​ថត​សម្តែង​ផ្សាយ​ផ្ទាល់​ចេញ​ពី​គណនី​ Facebook ​ឈ្មោះ ​WA AN XIAO JI ​ដែល​មាន​សកម្ម​ភាព​ត្រូវ​បាន​សន្តិសុខ​ចាប់​ខ្លួន​ និង​វាយ​ដំស្ថិតនៅក្នុងអគារមួយ ក្នុងក្រុងព្រះសីហនុ​។ ​បន្ទាប់មកគឺ​នៅ​ថ្ងៃទី​ ១៣ ​ខែកុម្ភៈ ​បុគ្គល​ទាំង​ពីរខាង​លើ​បាន​ថត​សម្តែង​ ផ្សាយផ្ទាល់​សា​ជាថ្មី​ម្តង​ទៀត​ ចេញ​ពី​ទី​តាំង​ម្តុំ​ឆៃណាថោន​ ស្ថិត​ក្នុង​ក្រុង​ព្រះ​សីហនុ ​ដែល​មាន​សកម្ម​ភាព​រត់​គេច​ខ្លួន​ មាន​ការ​ភ័យ​ខ្លាច​ និង​និយាយ​ជា​ភាសា​ចិន​មាន​អត្ថន័យ​ថា ​ខ្លួន​ត្រូវ​បាន​គេចាប់​វាយ​ធ្វើបាប​ និង​ស្រែក​ឱ្យ​គេ​ជួយ។​ ​

ទាក់ទងរឿងនេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ១៥ ខែកុម្ភៈដោយលើកឡើងថា ស្ថានភាពពិតនៅក្នុងខេត្តព្រះសីហនុមិនដូចការផ្សព្វផ្សាយរបស់បុគ្គលទាំងពីរផ្សាយនោះទេ។ ប្រការនេះ លោកស្នើឱ្យទេសចរទាំងអស់ពិចារណាឱ្យបានច្បាស់លាស់លើដំណឹងជាវីដេអូណា មួយដែលបានផ្សព្វផ្សាយចេញពីខេត្តព្រះសីហនុ ខណៈមានជនមួយចំនួនមានបំណងញុះញង់ បង្កឱ្យមានស្ថានភាពវឹកវរ ធ្ងន់ធ្ងរដល់សន្តិសុខសង្គម។

សូមបញ្ជាក់ថា កាលពីខែមេសា ឆ្នាំ២០២៣ សារព័ត៌មាន BBC ដែលជាស្ថាប័នល្បីឈ្មោះមួយលំដាប់ពិភព លោក បានចុះផ្សាយ អំពីអំពើ​ឆបោកតាម​អនឡាញ និងការជួញដូរមនុស្ស ការធ្វើទារុណកម្ម ការចាប់បង្ខាំងដោយបង្ខំ ជាមួយសកម្មភាពឧក្រិដ្ឋនៅទីតាំង​​មួយក្នុង​ក្រុងព្រះសីហនុ។ តែគ្រានោះរដ្ឋបាលខេត្តព្រះសីហនុបានច្រានចោល វីដេអូជា​ឯកសារចេញផ្សាយ​ដោយសារព័ត៌មាន​ BBCនេះ ថាជាការ​ចោទប្រកាន់​«គ្មានមូលដ្ឋាន» ។

យ៉ាងណាមន្រ្តីសង្គមស៊ីវិលនៅតែព្រួយបារម្ភរពីការប្រព្រឹត្តបទ​ល្មើស​តាម​ប្រព័ន្ធ​អនឡាញ ខណៈសហរដ្ឋអាមេ រិកកាលពីឆ្នាំ២០២២ បានទម្លាក់ចំណាត់ថ្នាក់កម្ពុជា​មកកម្រិតលេខ៣ ជាកម្រិតទាបបំផុត ដោយ​លើកឡើងពីអំពើពុករលួយជាប្រព័ន្ធនិងការគ្មានឆន្ទៈក្នុងការបង្ក្រាបក្រុមជួញដូរមនុស្ស។

ការទម្លាក់ចំណាត់ថ្នាក់កាលណ្ណោះ ធ្វើឡើងស្របពេលនៃការចេញផ្សាយភាព​យន្តឯកសារដ៏គួរឲ្យរន្ធត់រយៈពេល​៤០នាទី របស់សារព័ត៌មានអាល់ចាហ្ស៊ីរ៉ា (Al Jazeera) ដែលបង្ហាញរូបភាពបុគ្គលិកបរទេសត្រូវបានគេបង្ខាំងផ្ទុយពីឆន្ទៈរបស់ពួកគេនិងរងការវាយដំដោយសារព្យាយាមរត់គេច៕

Share

ព័ត៌មានទាក់ទង

Image