en     km
en     km

មន្ត្រីក្រសួងកិច្ចការនារី៖ ល្បែងស៊ីសង នឹងបង្កើត ភាពចលាចល បង្កឲ្យមានការឆក់ប្លន់ជាដើម

Share

បន្ទាប់ពីបញ្ហាល្បែងស៊ីសង​ ពិសេសល្បែងផ្សងសំណាងបានកក្រើកមួយរយៈចុងក្រោយនេះ នៅថ្ងៃទី១៤​ ខែកុម្ភៈឆ្នាំ២០២៤ សម្តេច ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្ត្រី បានចេញសារបង្គាប់ឲ្យអភិបាលរាជធានី ខេត្តទាំងអស់ទូទាំងប្រទេស ត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាងដែលមានអាជ្ញាបណ្ណនានា ។ បើក្នុងករណីមានបន្តបើកទៀត ត្រូវចាត់វិធានការបិទជាបន្ទាន់ និងរាយការណ៍ទៅសម្តេចផ្ទាល់ដែលអាចឈានដល់ដកអាជ្ញាបណ្ណ។ លើបញ្ហានេះ មន្ត្រីនាំពាក្យក្រសួងកិច្ចការនារី ក៏បានកត់សម្គាល់ពីហានិភ័យនៃល្បែងស៊ីសងដែរថា នាំឱ្យប៉ះពាល់មានផលប៉ះពាល់ ជាពិសេសដល់សេដ្ឋកិច្ច ធនធានមនុស្ស និងគ្រួសារផងដែរ។ កញ្ញា ងិន ស៊ាងលីម រាយការណ៍

តាមរយៈសារសំឡេងផ្ញើរជូនមន្ត្រីក្រោមឱវាទ សម្តេច ហ៊ុន ម៉ាណែត នៅថ្ងៃទី១៤​ ខែកុម្ភៈ ឆ្នាំ២០២៤មានប្រសាសន៍ថាកាលពី៣សប្តាហ៍មុនលោកបានបង្គាប់ឲ្យផ្អាករាល់ការចេញអាជ្ញាបណ្ណ ឬការផ្តល់សិទ្ធក្នុងការបើកទីតាំងល្បែងផ្សងសំណាងបន្ថែមទៅតាមមូលដ្ឋានដែនសមត្ថកិច្ច។ ទទឹមនឹងនេះ នៅថ្ងៃទី១៤ សម្តេច​នាយករដ្ឋមន្ត្រី បានបង្គាប់ជាថ្មីម្តងទៀតលើបញ្ហានេះ ដោយឲ្យគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម​កម្ពុជា ចំណុះឲ្យក្រសួងសេដ្ឋកិច្ចនិងហិវញ្ញវត្ថុ សមត្ថកិច្ច អាជ្ញាធរ និងបណ្តាភាគីពាក់ព័ន្ធទាំងអស់ឲ្យពិនិត្យនិងរៀបចំឡើងវិញ នូវវិធានការណ៍ គោលការណ៍ ល្បែងផ្សងសំណងនានា ដែលកំពុងមានក្នុងប្រទេសកម្ពុជា។ សម្តេច បានបង្គាប់ឲ្យអភិបាលរាជធានី ខេត្តទាំងអស់ទូទាំងប្រទេស ត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាងនៅតាមមូលដ្ឋានដែនសមត្តកិច្ចរបស់ខ្លួន បើក្នុងករណីមានបើកថ្មីបន្តទៀត ត្រូវចាប់វិធានការបិទជាបន្ទាន់ និងរាយការណ៍ទៅសម្តេចផ្ទាល់ដែលអាចឈានដល់ការដកអាជ្ញាបណ្ណតែម្តង។

«ខ្ញុំសូមឲ្យឯកឧត្តម លោកជំទាវ អភិបាល គណៈអភិបាលរាជធានី-ខេត្ត ចាត់វិធានការណ៍ជាបន្ទាន់ ដើម្បីត្រួតពិនិត្យទីតាំងល្បែងផ្សងសំណាងនៅតាមមូលដ្ឋាននៃដែនសមត្តកិច្ចរបស់ខ្លួន។ ក្នុងករណីដែលមានបន្តបើថ្មីថែមទៀត សូមចាត់វិធានការណ៍បិទជាបន្ទាន់ ហើយរាយការណ៍ត្រង់មកខ្ញុំ ដើម្បីចាត់វិធានការដែលអាចឈានដល់ការដកអាជ្ញាបណ្ណនៅក្នុងខេត្ត ឬនៅទូទាំងប្រទេសតែម្តង។ មិនមែនជាពេលវេលាដែលត្រូវយកចិត្តទុកដាក់ក្នុងការពង្រាយទីតាំងល្បែងនោះទេ ទោះបីជាមានច្បាប់អនុញ្ញាតក៏ដោយ សូមឯកឧត្តមលោកជំទាវ អនុវត្តន៍កិច្ចការងារនេះឲ្យបានម៉ឺងម៉ាត់និងហ្មត់ចត់ និងត្រឹមត្រូវតាមបទបញ្ហារបស់ខ្ញុំ។»

ចំពោះបញ្ហានេះ លោកស្រី ស ស៊ីណែត អ្នកនាំពាក្យក្រសួងកិច្ចការនារី បានលើកឡើងពីផលប៉ះពាល់នៃការលេងល្បែងស៊ីសង ឬល្បែងផ្សងសំណាងនេះថា វាប៉ះពាល់ដល់សេដ្ឋកិ​ច្ច កាលណាមនុស្សវក់នឹងល្បែងស៊ីសងអស់ទាំងនេះ  នឹងបង្កើតឲ្យមានភាពចលាចលដែលបង្កឲ្យមានការឆក់ប្លន់ជាដើម។ ចំពោះវិធីបង្កាវិញ ខាងក្រសួងកិច្ចការនារីនឹងចូលរួមផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យយល់ដឹងបន្ថែមពីផលអវជ្ជមាន ក្នុងការប្រពឹត្តល្បែងស៊ីសង ឬអំពើផ្សេងៗដែលនាំឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច ជាពិសេសធនធានមនុស្ស និងគ្រួសារផងដែរ។

«នៅពេលដែលយើងលេងអាហ្នឹង វាមានផលជះ ទី១ ផលប៉ះពាល់ខាតបង់សេដ្ឋកិច្ច មនុស្សវក់នឹងអាហ្នឹង ហើយបង្កើតឲ្យមានចលាចល ដូចជាការលួច ឆក់ ប្លន់ អ៊ីចឹងហាណាស់។ អ៊ីចឹងសម្រាប់វិធីបង្កាយើងនឹងចូលរួម នៅពេលដែលយើងដែលយើងចុះទៅផ្សព្វផ្សាយ ឬក៏អីផ្សេងៗយើងនឹងឲ្យគាត់ដឹង ថាការប្រពឹត្តិល្បែងស៊ីសង ឬក៏ធ្វើអីក៏ដោយដែលនាំឲ្យប៉ះពាល់មានផលប៉ះពាល់គឺវាអត់ល្អទេ ជាពិសេសដល់សេដ្ឋកិច្ច ធនធានមនុស្ស ក៏ដូចជាក្នុងគ្រួសារផងដែរ។»

ទាក់ទងនឹងបញ្ហានេះ វិទ្យុស្ត្រីបានព្យាយាមទាក់ទងទៅតាមលេខទំនាក់ទំនងគណៈកម្មការគ្រប់គ្រងល្បែងកម្ពុជា ប៉ុន្តែអ្នកលើទូរសព្ទ បដិសេដមិនឆ្លើយតបសំណួររបស់វិទ្យុស្ត្រីដោយឲ្យទាក់ទងតាមទៅតាមរយៈPage។​ យ៉ាងណាលោក ទូច សុឃៈ ជាអ្នកនាំពាក្យរងទី១នៃក្រសួងមហាផ្ទៃឯនេះវិញ បានប្រាប់វិទ្យុស្ត្រីថា បើល្បែងដែលគ្មានអាជ្ញាបណ្ណល្បែងខុសច្បាប់ គឺសមត្ថកិច្ចគ្រប់ជាន់ថ្នាក់នឹងបង្ក្រាប់។ លោកបានបន្ថែមទៀតថា សព្វថ្ងៃសម្ថកិច្ចបានបង្ក្រាបល្បែងជារៀងរាល់ថ្ងៃ គិតត្រឹមថ្ងៃទី១ខែមករា ដល់ថ្ងៃទីដល់ថ្ងៃទី១១ ខែកុម្ភៈ សមត្ថកិច្ចក្រសួងមហាផ្ទៃបានចុះបង្ក្រាបបាន៩២ទីតាំង និងឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅតុលាការបានចំនួន ១៣៥នាក់ហើយ។ តែសម្រាប់ល្បែងផ្សងសំណាងផ្សេងៗដែលមានអាជ្ញាបណ្ណមិនអាចបង្គ្រាបបាននោះទេ ទាល់តែធ្វើខុសប្រាសចាកពីច្បាប់ ទើបសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃចុះបង្ក្រាបបាន។

«សម្រាប់ក្រសួងមហាផ្ទៃ ទី១បើល្បែងដែលគ្មានអាជ្ញាបណ្ណល្បែងដែលខុសច្បាប់ គឺសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃដែលមានរដ្ឋបាលដែនដី និងនគរបាលគ្រាប់ជាន់ថ្នាក់នឹងបង្ក្រាប់ បាទ! ហើយយើងនឹងបង្ក្រាបជារៀងរាល់ថ្ងៃគ្រាន់តែរយៈពេល ១ខែកន្លះ គិតចាប់ពីថ្ងៃទី១ខែមករា ដល់ថ្ងៃទីដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ហ្នឹង សមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃគឺបានចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់បាន ៩២ទីតាំង បា! ហើយឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅកាន់តុលាការចំនួន១៣៥នាក់។ ប៉ុន្តែចំពោះល្បែងភ្នាល់ ឬក៏ល្បែងផ្សងសំណាងផ្សេងៗដែលគេមានអាជ្ញាបណ្ណយើងអត់អាចទៅបង្ក្រាបគេបានហេ!! ពីព្រោះវាស្របច្បាប់ ទៅយើងបង្ក្រាបគឺខុស វាទាន់តែមានការរៀបចំដាក់ចេញនូវគោលការណ៍ ឬក៏បញ្ញត្តិណាមួយស្តីពីលក្ខខណ្ឌនៃការបើល្បែងស្របច្បាប់នោះ បែបណាបែបណី តាមមូលដ្ឋាន ហើយគាត់ធ្វើខុសអ្វីដែលរៀបចំនោះ ទើបសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃដែលមាននគរបាល និងអាជ្ញាធរដែនដីទៅបង្ក្រាបបាន។»

ដោយឡែក ចំពោះអនុប្រសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រី ដែលបង្គាប់ឲ្យរដ្ឋាបាលរាជធានី-ខេត្តទាំងអស់ ឲ្យត្រួតពិនិត្យ និងរៀបចំរបៀបរៀបរយគ្រប់គ្រងល្បែងផ្សងសំណាងដែលមានអាជ្ញាបណ្ណត្រឹមត្រូវនោះ អ្នកនាំពាក្យរងទី១រូបនេះ បង្ហាញថា ក្រសួងមហាផ្ទៃគាំទ្រយ៉ាងពេញទំហឹង និងចូលរួមក្នុងការដាក់ចេញនូវគោលការណ៍ណែនាំ និងបទបញ្ញត្តិផ្សេងៗឲ្យកាន់តែមានភាពរឹងមាំ។

សូមរំលឹកថានេះជាលើកទី២ហើយ ដែលសម្តេចនាយករដ្ឋមន្ត្រីបានបង្គាប់ឲ្យអភិបាលរាជធានី ខេត្តទាំងអស់ទូទាំងប្រទេស ត្រួតពិនិត្យ និងចាត់វិធានការរឹតបន្តឹងលើទីតាំងល្បែងផ្សងសំណាងដែលមានអាជ្ញាបណ្ណ និងបញ្ឈប់កុំឲ្យមានការបើកបន្តទៀត៕

  

អត្ថបទខ្លីសរសេរដោយ កញ្ញា ងិន ស៊ាងលីម សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយឧបត្ថម្ភពី ភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និង កិច្ចសហប្រតិបត្តិការ (SDC) ជាមួយនិងស្ថានទូតស៊ុយអែតប្រចាំកម្ពុជា តាមរយៈអង្គការ BBC Media Action៕

Share

Image
Image
Image