en     km
en     km

សង្គមស៊ីវិល៥៥ស្ថាប័ន ចាត់ទុកការប្តឹងផ្តល់លោក ស៊ឹង សែនករុណា និងសកម្មជនដទៃជាការបំបិទសំឡេងរិះគន់

Share

 

ភ្នំពេញ៖ សេចក្តីថ្លែងការណ៍រួមដែលមានអង្គការសង្គមស៊ីវិល សហគមន៍មូលដ្ឋាន សុទ្ធសឹងតែធ្វើការលើបញ្ហាសិទ្ធិមនុស្សចាត់ទុកករណីដែលប្រធានគណបក្សប្រជាជនប្តឹងលោក ស៊ឹង សែនករុណា មន្រ្តីអ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក ជាការប្រើប្រាស់ប្រព័ន្ធច្បាប់ ដើម្បីដាក់គំនាបក្នុងគោលបំណង រារាំងការចូលរួមរបស់សាធារណជន និងបំបិទសំឡេងរិះគន់។ អង្គការសង្គមស៊ីវិលទាំងនោះក៏ស្នើឱ្យអាជ្ញាធរបញ្ឈប់សកម្មភាពប្រើប្រាស់ប្រព័ន្ធច្បាប់ ដើម្បីដាក់គំនាបលើអ្នកការពារសិទ្ធិមនុស្ស លោក ស៊ឹង សែនករុណា ជាបន្តទៀត។

កញ្ញា គុជ ស៊ីកុល រាយការណ៍

សេចក្តីថ្លែងការណ៍រួមដែលចេញដោយសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJA) នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលរួមមានអង្គការមិនមែនរដ្ឋាភិបាល សមាគម សហជីព និងសហគមន៍ មូលដ្ឋាន ចំនួន៥៥ស្ថាប័ន សម្តែងការសោកស្តាយ ចំពោះការដាក់ពាក្យបណ្ដឹង ទៅលើលោក ស៊ឹង សែនករុណា បុគ្គលិកជាន់ខ្ពស់នៃអង្គការសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (អាដហុក) ពាក់ព័ន្ធទៅនឹងការធ្វើបទអត្ថាធិប្បាយរបស់លោកនៅក្នុងអត្ថបទសារព័ត៌មានមួយ ដែលត្រូវបានប្រធានគណបក្សប្រជាជនសម្តេច ហ៊ុន សែន ចាត់ទុកថា ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់គណបក្សប្រជាជនកម្ពុជា។

លើសពីនេះជុំវិញការដាក់ពាក្យបណ្តឹងចំពោះលោកស៊ឹង សែនករុណានេះ អង្គការសង្គមស៊ីវិលទាំង៥៥ស្ថាប័ន ចាត់ទុកថាជាការដាក់គំនាបទៅលើមន្រ្តីអ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុករូបនេះ។ ដាក់គំនាបដោយស្ថាប័នសង្គមស៊ីវិលទាំងនោះអះអាងថា«សេរីភាពក្នុងការបញ្ចេញមតិរិះគន់ពាក់ព័ន្ធនឹងសិទ្ធិនយោបាយ គឺត្រូវបានការពារដោយរដ្ឋធម្មនុញ្ញនៃ ព្រះរាជាណាចក្រកម្ពុជា និងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងនយោបាយ ដែលកម្ពុជាបានអនុម័តផ្តល់ សច្ចាប័ន ។ ការនិយាយក្នុងអត្ថបទសារព័ត៌មានបែបនេះ មិនគួរត្រូវបានគេប្តឹងពីបទល្មើសព្រហ្មទណ្ឌនោះទេ»។

ពាក់ព័ន្ធបញ្ហានេះកន្លងមក CamboJA កត់សម្គាល់ឃើញថាកន្លងមកក៏មានករណីផ្សេងទៀតកើតឡើងចំពោះសកម្មជននយោបាយ លើសកម្មជនសិទ្ធិមនុស្ស សកម្មជនសហជីព សកម្មជនបរិស្ថាន និងសកម្មជន ជាច្រើននាក់ទៀតទទួលរងនូវការដាក់គំនាបតាមរយៈបណ្ដឹងទៅតុលាការ។ ការដាក់គំនាបនេះ មានគោលបំណងរារាំងការចូលរួមរបស់សាធារណជន និងបំបិទសំឡេងរិះគន់ ហើយយ៉ាងតិចណាស់មានអ្នកទោសមនសិការចំនួន ៣៧ នាក់ ដែលរួមមានសកម្មជនសិទ្ធិ មនុស្ស សកម្មជនសហជីព សកម្មជនដីធ្លី សកម្មជននិងពលរដ្ឋផ្សេងទៀត កំពុងជាប់ឃុំខ្លួនក្នុងពន្ធនាគារ។

ខ្លឹមសារនៃសេចក្តីថ្លែងការណ៍ ស្នើឱ្យឱ្យភាគីដើមបណ្ដឹងដកពាក្យបណ្ដឹង និង អំពាវនាវដល់អាជ្ញាធរ បញ្ឈប់សកម្មភាពនូវគ្រប់ទម្រង់នៃការរំលោភបំពានលើអ្នកការពារសិទ្ធិមនុស្ស និងសកម្មជនសង្គម ។ ស្ថាប័នអង្គការសង្គមស៊ីវិលទាំងនោះប្រកាសជំហរថាខ្លួន នៅតែបន្តឈរជាមួយលោកស៊ឹង សែនករុណា និងពលរដ្ឋខ្មែរដទៃទៀត ដែលធ្វើការងារដោយអហិង្សា ក្នុងការលើក កម្ពស់ និងការពារសិទ្ធិមនុស្សនៅក្នុងប្រទេស។

កាលពីថ្ងៃទី៤ ខែកុម្ភៈ អតីតនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានស្នើឱ្យមេធាវី របស់គណបក្សសិក្សាពីផ្លូវច្បាប់ ដើម្បីប្ដឹងលោក ស៊ឹង សែនករុណា ដោយសារតែអត្ថបទសារព័ត៌មានមួយមានចំណងជើងថា «លោក សុន ឆ័យ គ្រោងលក់ផ្ទះចុងក្រោយរបស់លោកជាង១លានដុល្លារដើម្បីសងជំងឺចិត្តបក្សកាន់អំណាច» ចេញផ្សយដោយសារព័ត៌មាន  ឌឹ ខេមបូឌា ដេលី នៅថ្ងៃទី២ ខែកុម្ភៈ ដោយបានដកស្រង់សម្តីរបស់លោកថា វិវាទរបស់អ្នកនយោបាយ គួរបញ្ចប់ដោយនយោបាយ មិនគួរប្រើប្រព័ន្ធ តុលាការមកដោះស្រាយទេ ។ អត្ថបទនោះក៏បានដកស្រង់សម្តីរបស់លោក ដែលកត់សម្គាល់ថា គណបក្សកាន់ អំណាច តែងតែយកតុលាការមកធ្វើជារបាំងក្នុងការគាបសង្កត់ដៃគូនយោបាយប្រឆាំងរបស់ខ្លួន។ នៅថ្ងៃបន្ទាប់តាមរយៈមេធាវីរបស់គណបក្ស បានដាក់ពាក្យបណ្ដឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដោយ ស្នើសុំឱ្យតុលាការផ្ដន្ទាទោសលោក តាមច្បាប់ជាធរមាន ។ នៅក្នុងពាក្យបណ្តឹងក៏បានប្ដឹងទាមទារសំណងជំងឺ ចិត្តចំនួន ២ ពាន់លានរៀល (ប្រមាណជា ៥ សែនដុល្លារអាមេរិក) ដោយអះអាងថា ការនិយាយរបស់លោកក្នុង សារព័ត៌មាន ធ្វើឱ្យខូចយ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់គណបក្សប្រជាជនកម្ពុជា។បច្ចប្បន្នរឿងក្តីក្តាំងរបស់លោកនៅតែបន្តទៅមុខ៕

Share

Image
Image
Image