en     km
en     km

គ.ជ.បព្រមានគណបក្សនយោបាយមួយឱ្យបញ្ឈប់សកម្មភាពជាបន្ទាន់ ខណៈរកថាបានគំរាមកំហែងដល់សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់របស់ខ្លួន

Share

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានព្រមានទៅកាន់គណបក្សមួយឱ្យបញ្ឈប់សកម្មភាពខុសច្បាប់របស់ខ្លួនជាបន្ទាន់ ខណៈរកឃើញថា គណបក្សនយោបាយនោះគ្មានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាទេ តែធ្វើសកម្មភាពគំរាមកំហែងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់របស់ខ្លួនឱ្យបោះឆ្នោតជូនបក្សនយោបាយនេះ ឬគណបក្សនយោបាយនោះ។ មន្ដ្រីតាមដានការបោះឆ្នោតនៃអង្គការខុមហ្វ្រេលថាការគំរាមកំហែងក្នុងការបោះឆ្នោតគឺជារឿងមិនត្រឹមត្រូវនោះទេ ត្រូវពិនិត្យលើច្បាប់នៃការបោះឆ្នោតឱ្យបានច្បាស់លាស់។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានព្រមានទៅកាន់គណបក្សមួយឱ្យបញ្ឈប់សកម្មភាពខុសច្បាប់របស់ខ្លួនជាបន្ទាន់ ខណៈដែលគ.ជ.ប រកឃើញថា គណបក្សនយោបាយនោះគ្មានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាទេ តែធ្វើសកម្មភាពគំរាមកំហែងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់របស់ខ្លួនឱ្យបោះឆ្នោតជូនបក្សនយោបាយនេះ ឬគណបក្សនយោបាយនោះ។

គ.ជ.បបញ្ជាក់ក្នុងសេចក្ដីថ្លៃងការណ៍ថា ករណីគណបក្សនយោបាយនោះនៅតែប្រព្រឹត្តខុសច្បាប់ទៀត​ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។ គ.ជ.ប បានហៅសកម្មភាពរបស់គណបក្សនយោបាយមួយនោះថា ជាការរំលោភសិទ្ធិក្នុងការសម្រេចចិត្តរបស់អ្នកបោះឆ្នោត រំលោភការសម្ងាត់នៃការបោះឆ្នោត និងធ្វើឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោត។

យ៉ាងណា គ.ជ.ប មិនបានបញ្ជាក់ថា គណបក្សនយោបាយមួយនោះជាគណបក្សណានោះទេ។ តែក្នុងរឿងនេះ គណបក្សកម្លាំងជាតិបានលើកឡើងថា ខ្លួនក៏ទទួលបានព័ត៌មានច្បាស់លាស់ពីបញ្ហាគំរាមកំហែងដល់សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់នេះ។ គណបក្សកម្លាំងជាតិថា សកម្មភាពខាងលើនេះ អាចបណ្តាលឱ្យសមាជិកក្រុមប្រឹក្សាមួយចំនួនដែលជាអង្គបោះឆ្នោត ប្រឈមមុខនឹងផ្លូវច្បាប់ ប្រសិនបើធ្វើឱ្យបែកធ្លាយនូវគោលការណ៍សម្ងាត់នៃការបោះឆ្នោត។ ការណ៍នេះត្រូវបានចាត់ទុកថា ជាការរំលោភលើច្បាប់ មាត្រា ៧ មាត្រា ៧១ មាត្រា ១០៦ និងមាត្រា ១៤២ថ្មី នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់នេះ និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់នេះ។

មាត្រា៧១ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលត្រូវយកមកអនុវត្តក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា បានចែងថា “គ្រប់គណបក្សនយោបាយ បេក្ខជន ឬអ្នកគាំទ្រទាំងអស់មិនត្រូវធ្វើការគំរាមកំហែងភិតបំភ័យ និងលួងលោមឱ្យបុគ្គលផ្ដិតមេដៃ ឬស្បថ ឬសន្យាបោះឆ្នោតឱ្យគណបក្សណាមួយឡើយ”។ គ.ជ.ប ថា ការរក្សាការសម្ងាត់នៃការបោះឆ្នោតគឺជាគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ។

លោក កន សាវ៉ាង មន្ត្រី​សម្របសម្រួល​ផ្នែក​អង្កេត​របស់​គណៈកម្មាធិកា​រ​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែលបានលើកឡើងថា ក្នុងគនបក្សនយោបាយមានគោលការណ៍របស់គណបក្ស  តែបើមានការគំរាមកំហែងដល់បុគ្គលណាម្នាក់ គឺជារឿងមិនត្រឹមត្រូវនោះទេ។

គួរជម្រាបថា នៅថ្ងៃនេះជាថ្ងៃទី៦នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។ ផ្អែកតាមគ.ជ.ប ត្រឹមថ្ងៃទី៥ នៃយុទ្ធនាការពុំមានសកម្មភាពឃោសនាអ្វីនោះទេ មានត្រឹមការជួបជុំ និងចាកមេក្រូផ្សព្វផ្សាយតាមខេត្តប៉ុណ្ណោះ។ យុទ្ធនាការឃោសនាបោះឆ្នោតមានរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។

គណបក្សនយោបាយចំនួន៤ ដែលបានចូលរួមក្នុងការជ្រើសរើសសមាជិកព្រឹទ្ធសភា មានគណបក្សប្រជាជនកម្ពុជា គណឆន្ទៈខ្មែរ គណបក្សកម្លាំងជាតិ និងគណបក្សហ្វ៊ុន ស៊ិន ប៉ិច។ គណបក្សភ្លើងទៀនមិនអាចចូលរួមក្នុងដំណើរការក្នុងការបោះឆ្នោតនេះទេ តែគណបក្សនេះមានសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ជាង២០០០នាក់ ទូទាំងប្រទេស និងបានចង់សម្ព័ន្ធជាមួយគណបក្សឆន្ទៈខ្មែរ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សកែទម្រង់កម្ពុជា ក្នុងការបោះឆ្នោតព្រឹទ្ធសភា ឆ្នាំ២០២៤នេះ។ ក្នុងនោះ គណបក្សភ្លើងទៀនធ្លាប់បានណែនាំឱ្យសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ខ្លួន ពិចារណាប្រើសិទ្ធិគាំទ្ររបស់ខ្លួន បោះឆ្នោតឱ្យគណបក្សឆន្ទៈខ្មែរ ដែលស្ថិតក្នុងសម្ព័ន្ធភាពឆ្ពោះទៅអនាគត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា៕

Share

Image
Image
Image