en     km
en     km

ក្រសួងយុត្តិធម៌ និងក្រសួងការងារ លើកទឹកចិត្តឱ្យជនរងគ្រោះប្ដឹងដើម្បីរកយុត្តិធម៌ ករណីមានការបំពានលើសហជីពកម្ពុជា

Share

ក្រោយមានការស្នើសុំពីសហព័ន្ធសហជីពកម្ពុជារឿងវាយតបលើសហជីពមូលដ្ឋាន ដែលរងហិង្សា ខណៈចងក្រងសហជីពនៅទីសាធារណៈ ក្រសួងយុត្តិធម៌ និងក្រសួងការងារលើកទឹកចិត្តឱ្យជនរងគ្រោះប្ដឹងទៅសមត្ថកិច្ចដើម្បីរកយុត្តិធម៌ និងដើម្បីឱ្យអ្នកប្រព្រឹត្តទទួលខុសត្រូវតាមផ្លូវច្បាប់។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌

លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានលើកឡើងថា តាមផ្លូវច្បាប់បើភាគីណាមួយយល់ថា ខ្លួនត្រូវបានរំលោភបំពានសិទ្ធិគួរដាក់ពាក្យប្ដឹង ដើម្បីរកយុត្តិធម៌ និងដើម្បីឱ្យជនបង្កមានការទទួលខុសត្រូវតាមផ្លូវច្បាប់ផងដែរ។ ការលើកឡើងរបស់លោកបែបនេះ ក្រោយពេលសហព័ន្ធសហជីពកម្ពុជា បានស្នើឱ្យរដ្ឋមន្ដ្រីក្រសួងយុត្តិធម៌  រដ្ឋមន្ដ្រីក្រសួងការងារ ចាត់វិធានការលើជនបង្កម្នាក់ និងបក្សពួក ដែលបានប្រើហិង្សា ពាក្យពេចន៍គំរាមកំហែង លើមន្ដ្រីសហព័ន្ធសហជីពកម្ពុជានៅមូលដ្ឋានចំនួន៤នាក់។

ផ្អែកតាមសេចក្ដីថ្លែងការណ៍របស់សហព័ន្ធសហជីពកម្ពុជា កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ មានជនបង្កម្នាក់ និងបក្សពួក បានប្រើហិង្សាដោយវាយមន្ដ្រីចងក្រងសហព័ន្ធសហជីពកម្ពុជាជាស្ដ្រីម្នាក់ ឈ្មោះថា ផល ចាន់ដា ១ដៃចំថ្ពាល់ខាងស្ដាំ និងវាយប្រធានសហជីពមូលដ្ឋានម្នាក់ឈ្មោះ គឹម ស៊ឺនមករា ចំដើមទ្រូង ព្រមទាំងបានបំផ្លាញឯកសារបញ្ជិកាសហជីពផងដែរ។

សហព័ន្ធសហជីពកម្ពុជាបញ្ជាក់ថា ជនបង្កដែលវាយលើសហជីពមូលដ្ឋានមានឈ្មោះថា ព្រំ កុសល់ (ហៅតយ) និងបុរសម្នាក់ទៀតជាបក្សពួកតែមិនស្គាល់អត្តសញ្ញាណ។ សកម្មភាពរបស់ជនបង្កនេះ ត្រូវបានសហព័ន្ធសហជីពកម្ពុជា ថាជាទង្វើរំលោភបំពានច្បាប់យ៉ាងកម្រោល ជាពិសេសរដ្ឋធម្មនុញ្ញនៃកម្ពុជាជាច្បាប់កំពូលរបស់ប្រទេស ដែលបានការពារសិទ្ធិសេរីភាព និងសិទ្ធិចូលរួមយ៉ាងសកម្មក្នុងការបង្កើតអង្គការវិជា្ជជីវៈរបស់កម្មករ និយោជិត។

ចំណែកក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឆ្លើយតបក្នុងរឿងស្នើសុំរបស់សហព័ន្ធសហជីពកម្ពុជាថា បើរឿងកើតឡើងនៅក្រៅរោងចក្រ ឬកន្លែងបំពេញការងារ ភាគីរងគ្រោះគួរដាក់ពាក្យប្ដឹងទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីរកយុត្តិធម៌តាមផ្លូវច្បាប់។ នេះជាការលើកឡើងរបស់លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ។

លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ

ឆ្លើយតបនឹងការលើកឡើងពីសំណាក់ក្រសួងទាំងពីរ អ្នកស្រី យ៉ាង សោភណ្ឌ ប្រធានសហជីពកម្ពុជាថាបានដាក់ពាក្យបណ្ដឹងទៅកាន់អាជ្ញាធរមានសមត្ថកិច្ចហើយ តាំងពីថ្ងៃកើតហេតុដូចគ្នា តែមកដល់ពេលនេះមិនទាន់ទទួលបានការអន្តរាគមន៍ណាមួយនោះទេ។

អ្នកស្រីប្រធានសហជីពបន្ដថា សកម្មភាពបែបនេះ កើតមានច្រើនជាហូរហែរកន្លងមកហើយ តែបានស្ងប់ស្ងាត់មួយរយៈ ទើបមានការផ្ទុះករណីនេះឡើងមកវិញ។ យ៉ាងណា ចំពោះករណីដែលងើបឡើងថ្មីមកនេះ មានភាពចម្លែកជាងរាល់ដង ព្រោះជនបង្កហាក់ប្រើសិទ្ធិរបស់ខ្លួនដោយមិនញញើត ដែលហ៊ានវាយបុគ្គលសាធារណៈបែបនេះ។ នេះបើតាមការលើកឡើងរបស់អ្នកស្រី យ៉ាង សោភណ្ឌ។

គួរជម្រាបថា រឿងនេះបានកើតឡើងនៅហាងមីហិរមួយកន្លែងដែលជាផ្ទះរបស់ជនបង្ក ហើយមន្ដ្រីសហព័ន្ធសហជីពកម្ពុជាបានយកទីតាំងនោះធ្វើការចងក្រងសហជីព។ តែជនបង្កបានចាត់ទុកថា ជាតំបន់របស់ខ្លួន មិនឱ្យមានភាពរញ៉េរញ៉ៃ ទើបក្នុងហេតុការណ៍នោះ ជនបង្កបាននិយាយខ្លាំងៗថា ពួកហែងធ្វើអី? ការងារអី? សហជីពអី?

តែតាមអ្នកស្រី យ៉ាង សោភណ្ឌ ថា បើក្រឡែកទៅមើលច្បាប់វិញ មិនមានច្បាប់ណាដែលទាមទារឱ្យសហជីពត្រូវស្នើសុំដើម្បីធ្វើការចងក្រងសហជីពនៅទីតាំងនោះទេ។ ត្រង់កន្លែងនេះដែលលោកស្រីសង្កត់ធ្ងន់ថាជាការរំលោភលើសិទ្ធិទាំងស្រុង។

ហេតុនេះហើយ សហព័ន្ធសហជីពកម្ពុជាស្នើសុំឱ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការលើជនបង្កខាងលើទៅតាមផ្លូវច្បាប់ជាក់ជាមិនខានឡើយ៕

Share

Image
Image
Image