en     km
en     km

តំណាង USAID ចុះសិក្សាដំណើរការផ្សាយនិងការអនុវត្តគម្រោងរបស់WMCស្វែងយល់ពីតម្រូវការសកម្មភាពពេលអនាគត

Share

សៀមរាប៖ តំណាង USAID នៅថ្ងៃទី១៣ និងទី១៤ ខែកុម្ភៈឆ្នាំ២០២៤នេះ បានចុះមកសិក្សាពីដំណើរការផ្សាយ និងការអនុវត្តគម្រោងមួយចំនួនរបស់ WMC ដើម្បីប្រមូលព័ត៌មានជុំវិញសមិទ្ធផលនានានិងស្វែងយល់នូវបញ្ហាប្រឈមដែលបានជួបប្រទះ ពិសេសគឺចង់ដឹងពីតម្រូវការចំបាច់ដែលចង់ឱ្យម្ចាស់ជំនួយបន្តគាំទ្រសម្រាប់ផែនការអនុវត្តនាពេលអនាគត។

(កញ្ញា គុជ ស៊ីកុល ជូនសេចក្តីរាយការណ៍)

តំណាងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ(USAID) បានចុះមកសិក្សាស្វែងយល់ពីដំណើរការផ្សាយរបស់វិទ្យុស្រ្តីនៃអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)តាមរយៈហ្រេ្វសកង់ផ្សាយក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម កាលពីថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ២០២៤។ ក្នុងដំណើរការចុះសិក្សានេះ តំណាង USAID បានសម្ភាសន៍ប្រិយមិត្តរបស់វិទ្យុស្រ្តីចំនួនបីនាក់ពីការចូលចិត្តស្តាប់កម្មវិធីរបស់វិទ្យុស្រ្តី និងផលដែលទទួលបានពីការផ្សាយរបស់វិទ្យុស្រ្តីផងដែរ។

សកម្មភាពចុះពិនិត្យនិងសំណេះសំណាលជាមួយប្រិយមិត្តវិទ្យុស្រ្តីនៅក្រុងកំពង់ចាមកាលពីថ្ងៃទី១៣ ខែកុម្ភៈ។

ជាការឆ្លើយតប ប្រិយមិត្តវិទ្យុស្រ្តីក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម លើកឡើងថា ពួកគេទទួលបានចំណេះដឹងជាច្រើនពីការផ្សាយរបស់វិទ្យុស្រ្តី ដូចជា លើបញ្ហាសិទ្ធិមនុស្ស សិទ្ធិស្រ្តី យេនឌ័រក្នុងគ្រួសារ សង្គម រួមទាំងក្នុងវិស័យនយោបាយ។ បន្ថែមពីនេះ ក៏ទទួលបានព័ត៌មានលើផ្នែកយុវវ័យសម័យទំនើប សុខភាពសាធារណៈ ការគ្រប់គ្រងសេដ្ឋកិច្ចនិងអាជីវកម្ម ពិសេសដឹងអំពីស្ថានភាពនយោបាយក្នុងនិងក្រៅប្រទេសថែមទៀត ផង។

ដោយសារវិទ្យុស្រ្តី គឺជាវិទ្យុដែលដំណើរការក្រោមជំនួយឧបត្ថម្ភរបស់ទីភ្នាក់ងារអន្តរជាតិ ជាតិ និងវិស័យឯក ជនផង គ្រានោះដែរ អ្នកតំណាងវិទ្យុស្ត្រីបានរំលេចជូនទីភ្នាក់ងារ USAID អំពីស្ថានភាពបញ្ហាស្រ្តីក្នុងសង្គមកម្ពុជាជាច្រើនដែលត្រូវបន្តផ្សព្វផ្សាយអប់រំ និងលើកកម្ពស់ការយល់ដឹង។ ក្នុងនោះរួមមាន ស្ត្រីក្នុងវិស័យសំណង់ បញ្ហាគ្រឿងញៀននិងសន្តិសុខសង្គម តម្លាភាពក្នុងសេវាសាធារណៈនៅមូលដ្ឋាន វិស័យសេដ្ឋកិច្ច សុខភាពសាធារណៈជាដើម ដោយស្នើសុំ USAID បន្តគាំទ្រការផលិតទោះក្នុងទម្រង់ផ្សាយតាមវិទ្យុ ឬជាវីដេអូអប់រំក្តី។

រូបភាពតំណាងនិងក្រុមការងារ USAID និងWMCជាមួយប្រិយមិត្តវិទ្យុស្រ្តីថតរូបជាអនុស្សាវរីយ៍។ 

នាឱកាសជួបសំណេះសំណាលនោះ តំណាង USAID បានបង្ហាញការចាប់អារម្មណ៍ផងដែរនូវមធ្យោបាយផ្សាយរបស់ក្រុមការងារផលិតនៃវិទ្យុស្រ្តី តាមរយៈវិទ្យុផង និងតាមទំព័រហ្វេសប៊ុកផង ព្រមទាំងផ្សាយលើបណ្តាញសង្គម Social Media ផ្សេងទៀត ដែលជាផ្នែកមួយជួយឱ្យប្រិយមិត្តកាន់តែទទួលបានយ៉ាងទូលំទូលាយ។

ដោយឡែកនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤  តំណាង USAID ក៏បានមកស្វែងយល់បន្ថែមពីគម្រោងបណ្តុះបណ្តាលស្តីពីអក្ខរកម្មព័ត៌មាន(MIL) ពោលគឺមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន និងការថតរូប ដែលអនុវត្តដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជាក្នុងខេត្តសៀមរាបនាពេលកន្លងមក។ ក្នុងឱកាសនោះម្ចាស់ជំនួយបានសំណេះសំណាលនិងសួរសំណួរមួយចំនួនជុំវិញវគ្គបណ្តុះបណ្តាលខាងលើ ពិសេសផលដែលទទួលបាននិងតម្រូវការជាក់ស្តែងដែលគ្រូបង្គោលនិងសិក្ខាកាមចង់បានសម្រាប់ការអនុវត្តនៅថ្ងៃខាងមុខឱ្យបានកាន់តែប្រសើរ។

រូបភាពក្រុមតំណាង USAID និងគ្រូបង្គោលជាមួយសិក្ខាកាមWMCក្រោយបញ្ចប់កិច្ចសម្ភាសន៍។ 

ក្នុងជំនួបនោះផងដែរ សិក្ខាកាមនៃវគ្គបណ្តុះបណ្តាលខាងលើ បានលើកឡើងពីអត្ថប្រយោជន៍ជាច្រើនដែលទទួលបាន ពិសេសការយល់ដឹងពីដំណើរការនៃប្រព័ន្ធផ្សព្វផ្សាយ យល់ដឹងពីព័ត៌មានពិតនិងក្លែងក្លាយ ជា​មួយនឹងរបៀបធ្វើសេចក្តីរាយការណ៍ព័ត៌មាននូវរឿងរ៉ាវដែលកើតមានក្នុងសហគមន៍ផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយរបស់WMC។

អ្វីដែលពិសេសជាងនេះទៀតនោះ គឺពួកគេមានសេចក្តីក្លាហានជាងមុន ដោយហ៊ាននាំយកនូវបញ្ហាដែលកើតមានក្នុងមូលដ្ឋានដែលជាមួយក្តីកង្វល់របស់ប្រជាសហគមន៍ផ្សព្វផ្សាយដើម្បីស្វែងរកកិច្ចអន្តរាគមន៍ពីសំណាក់អាជ្ញាធរពាក់ព័ន្ធ ឆ្លើយតបទាន់ពេលវេលាជូនប្រជាពលរដ្ឋ។

ទាំងគ្រួបង្គោលនិងសិក្ខាកាមនៃវគ្គបណ្តុះបណ្តាលអក្ខរកម្មព័ត៌មានរបស់WMC បានស្នើសុំទៅកាន់តំណាង USAID ជួយបន្តគាំទ្រនូវគម្រោងបណ្តុះបណ្តាលនេះ ឱ្យបានបន្តរយៈវែង ពិសេសគាំទ្របន្ថែមថវិកាសម្រាប់ការចំណាយនានាដល់សិក្ខាកាមសម្រាប់ការធ្វើដំណើរចុះប្រមូលព័ត៌មាននៅទីឆ្ងាយៗ។

សកម្មភាពបណ្តុះបណ្តាលសិក្ខាកាមក្នុងខេត្តសៀមរាបកាលពីពេលកន្លងទៅ។

សូមបញ្ជាក់ថា ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ(USAID)បានផ្តល់ជំនួយជាច្រើនដល់ប្រទេសកម្ពុជា តាមរយៈការសហការធ្វើការជាមួយអង្គការសង្គមស៊ីវិល និងរាជរដ្ឋាភិបាលកម្ពុជាដើម្បីជួយជំរុញការអភិវឌ្ឍន្នប្រទេសកម្ពុជាលើវិស័យជាច្រើន។ ក្នុងនោះមានបញ្ហាសន្តិសុខស្បៀង និងបរិស្ថាន ដោយ ជួយកាត់បន្ថយកង្វះអាហារូបត្ថម្ភតាមរយៈការធ្វើឱ្យប្រសើរឡើងនូវរបៀបដាំដុះ ការប្រើប្រាស់គ្រាប់ពូជដែលមានគុណភាព ផ្គត់ផ្គង់ និងឥណទាន ព្រមទាំងការបង្កើនឱកាសស្វែងរកទីផ្សារសម្រាប់ផលិតផល និងភាព ធន់នៃការប្រែប្រួលអាកាសធាតុ។

ដោយឡែកផ្នែកប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងអភិបាលកិច្ចវិញ ទីភ្នាក់ងារ USAID បានជួយកម្ពស់សិទ្ធិមនុស្ស ការពារសិទ្ធិស៊ីវិល ជំរុញការចូលរួមរបស់ស្ត្រី និងយុវជនក្នុងដំណើការនយោបាយ និងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ ក្នុងនោះផងដែរ បានជួយបង្កើនការទាក់ទងគ្នារវាងប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលលើបញ្ហាវិវាទដីធ្លី សិទ្ធិកម្មករ និងអភិបាលកិច្ចល្អ។

រីឯបញ្ហាសុខភាពសកល និងការអប់រំឯណ្ណេះវិញ ទីភ្នាក់ងារ USAID បានបំពេញការងារដើម្បីធ្វើឱ្យប្រសើរឡើងនូវសុខភាពមាតា និងទារក​ពង្រឹងប្រព័ន្ធសុខាភិ​បាល និងកាត់បន្ថយនូវការគម្រាមកំហែងដោយជម្ងឺរាតត្បាតដូចជាមេរោគអេដស៍ ជម្ងឺគ្រុនចាញ់ និងជម្ងឺរបេង​ ពិសេសលើកស្ទួយគុណភាពអប់រំកុមារដែលខ្វះខាតក្នុងជីវភាព និងបញ្ហាមួយចំនួនទៀត៕

 

 

 

Share

Image
Image
Image