សត្វអណ្ដើកហ្លួងឬអណ្ដើកសរសៃ គឺស្ថិតនៅក្នុងចំណោមប្រភេទអណ្ដើកទឹកសាបទាំង២៥ប្រភេទលើសកលលោកដែលកំពុងប្រឈមនឹងការផុតពូជ និងត្រូវបានកត់ត្រាក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទអណ្តើកជិតផុតពូជបំផុត និងជាប្រភេទឧរង្គសត្វតំណាងឱ្យប្រទេសកម្ពុជាផងដែរតាំងពីឆ្នាំ២០០៥។
ចាប់តាំងពីខែមករា ដើមឆ្នាំ២០២៤ មកទល់នឹងថ្ងៃទី១៤ ខែកុម្ភៈនេះ ក្រុមអភិរក្សសត្វអណ្តើកហ្លួងឬសរសៃនៃរដ្ឋបាលជលផល និងអង្គការសមាគមអភិរក្សសត្វព្រៃ(WCS) បានរកឃើញពងអណ្តើកហ្លួងចំនួន ២០សំបុក មានពងសរុបចំនួន២០៦គ្រាប់ នៅលើឆ្នេរខ្សាច់សិប្បនិមិត្តក្បែរស្រះបង្កាត់ពូជមួយក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុង។ នេះបើយោងតាម WCS Cambodia ចុះនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។
យោងតាមរូបភាពដែលថតបានដោយម៉ាស៊ីនថតស្វ័យប្រវត្តិដែលក្រុមការងារនៃអង្គការសមាគមអភិរក្សសត្វព្រៃបានដាក់ចាំថតនៅលើឆ្នេរខ្សាច់នោះបានបង្ហាញថា មានអណ្តើកមេជាច្រើនក្បាលបានឡើងពីស្រះបង្កាត់ពូជមកកាយខ្សាច់ទម្លាក់ពងនៅវេលាចន្លោះម៉ោង ៨យប់ ដល់ម៉ោង៤ព្រឹកទៀបភ្លឺ។
នេះ គឺជាឆ្នាំទី៤ ហើយដែលមេពូជអណ្តើកហ្លួងបានទម្លាក់ពងនៅក្នុងមជ្ឈមណ្ឌលក្នុងប្រទេសកម្ពុជា។ ក្រុមការងារនៃអង្គការសមាគមអភិរក្សសត្វព្រៃបានរំពឹងថានឹងរកឃើញពងអណ្តើកហ្លួងនៅក្នុងមជ្ឈមណ្ឌលនេះបន្ថែមទៀត ក្នុងរដូវពងកូនឆ្នាំ២០២៥នេះ ដែលចាប់ផ្តើមពីខែមករា រហូតដល់ខែមីនា។
គួររំលឹកថា មជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុង បានដើរតួនាទីយ៉ាងសំខាន់ក្នុងការស្ដារចំនួនសត្វអណ្ដើកហ្លួង។ តួយ៉ាងអណ្ដើកហ្លួងចំនួន២៦៨ក្បាល កំពុងស្ថិតក្រោមការថែទាំពីក្រុមការងារ ដែលនៅក្នុងនោះមានកូនអណ្ដើកដែលទើបតែញាស់ក្នុងឆ្នាំ២០២៣ ចំនួន១១៨ក្បាលផងដែរ។ ការបង្កាត់ពូជអណ្តើកហ្លួងនៅក្នុងមជ្ឈមណ្ឌលគឺជាគោលដៅអភិរក្សរបស់អង្គការ WCS និងរដ្ឋបាលជលផល សំដៅស្តារចំនួនប្រភេទអណ្តើកហ្លួងនេះឱ្យមានច្រើននៅក្នុងធម្មជាតិឡើងវិញ៕
អត្ថបទខ្លីសរសេរដោយ កញ្ញា ងិន ស៊ាងលីម សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយឧបត្ថម្ភពី ភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និង កិច្ចសហប្រតិបត្តិការ (SDC) ជាមួយនិងស្ថានទូតស៊ុយអែតប្រចាំកម្ពុជា តាមរយៈអង្គការ BBC Media Action៕