en     km
en     km

អាជ្ញាធរជាតិប្រយុទ្ធជំងឺអេដស៍៖ អ្នកឆ្លងថ្មីមានប្រមាណ១៤០០នាក់ក្នុងមួយឆ្នាំ ឬ៤នាក់ក្នុងមួយថ្ងៃ

Share

ក្នុងឱកាសអំពាវនាវឱ្យពលរដ្ឋកម្ពុជា ជាពិសេសយុវវ័យកុំភាន់ច្រលំនៅថ្ងៃទី១៤ កុម្ភៈ រហូតដល់អាចមានសកម្មភាពរួមភេទដែលប្រាចាកនូវប្រពៃណី ទំនៀមទម្លាប់ និងអាចប៉ះពាល់ដល់សុខភាពផ្ទាល់ខ្លួនផងនោះ អាជ្ញាធរជាតិប្រយុទ្ធជំងឺអេដស៍បានឱ្យដឹងថា អ្នកឆ្លងមេរោគអេដស៍ថ្មីមានប្រមាណ១៤០០នាក់ ក្នុងមួយឆ្នាំ ឬប្រមាណ៤នាក់ក្នុងមួយថ្ងៃ។


អាជ្ញាធរជាតិប្រយុទ្ធជំងឺអេដស៍សង្កត់ធ្ងន់ថា មកដល់ពេលបច្ចុប្បន្ននេះ ការឆ្លងរីករាលដាលមេរោគអេដស៍នៅកំពុងបន្ដកើតឡើងក្នុងចំណោមប្រជាជនគន្លឹះ ពិសេសក្រុមយុវវ័យបុរសរួមភេទជាមួយបុរស។ នៅក្នុងឆ្នាំ២០២៣ តាមការប៉ាន់ប្រមាណរបស់អាជ្ញាធរជាតិប្រយុទ្ធជំងឺអេដស៍ថា មានអ្នកផ្ទុកមេរោគអេដស៍ចំនួនប្រមាណ៧៦០០០នាក់។ បន្ថែមពីនេះ ក្នុងចំណោមអ្នកឆ្លងមេរោគអេដស៍ថ្មីប្រមាណ៤២% គឺជាយុវវ័យដែលមានអាយុពី១៥-២៤ឆ្នាំ។


ក្រសួងពាក់ព័ន្ធដូចជា ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងកិច្ចការនារី, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជាដើម ក៏បានអំពាវនាវ ក្នុងការទប់ស្កាត់សកម្មភាពមិនប្រក្រតីក្នុងទិវានៃក្ដីស្រលាញ់នេះដែរ។
ក្រសួងវប្បធម៌បានអំពាវនាវដល់មាតា បិតា អាណាព្យាបាល សមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជាពិសេសយុវជន សូមចូលរួមផ្សព្វផ្សាយ អប់រំ ពន្យល់ណែនាំ ក្រើនរំលឹកដល់ បងប្អូន កូនចៅ ក្នុងគោលដៅប្រើប្រាស់ទិវានេះ ឱ្យស្របតាមគន្លងប្រពៃណីរបស់ខ្មែរ ដើម្បីកិត្តិយស និងភាពថ្លៃថ្នូររបស់ខ្លួន របស់ក្រុមគ្រួសារខ្លួន ពិសេសរួមចំណែកលើកកម្ពស់កិត្យានុភាពនៃសង្គមជាតិ។

ចំណែករដ្ឋមន្ដ្រីក្រសួងអប់រំ លោក ហង់ជួន ណារ៉ុន បានចេញការណែនាំក្នុងការទប់ស្កាត់សកម្មភាពមិនប្រក្រតីក្នុងទិវានៃក្ដីស្រលាញ់នៅតាមគ្រឹះស្ថានអប់រំ ទាំងរដ្ឋ និងឯកជនផងដែរ ដើម្បីបង្ការការយល់ប្រលំរបស់សិស្សានុសិស្សមួយចំនួនតូច។
ដោយឡែកក្រសួងកិច្ចការនារី ក៏បានចេញសារដាស់តឿនដល់យុវជន យុវនារីខ្មែរ ឱ្យយល់ច្បាស់ពីអត្ថន័យខ្លឹមសារនៃទិវានៃក្ដីស្រលាញ់ដូចគ្នា ដោយក្រសួងជឿជាក់ថា អាណាព្យាបាល អាជ្ញាធរ នឹងចូលរួមផ្សព្វផ្សាយ អប់រំ ណែនាំដល់សាច់ញាតិ និងក្រុមគ្រួសារ ក្នុងការលុបបំបាត់សកម្មភាពអវិជ្ជាមាននានាក្នុងសង្គមនាឱកាសទិវានៃក្ដីស្រលាញ់នេះ៕

Share

Image
Image
Image