ភ្នំពេញ៖ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ(Human Rights Watch) និងអ្នកពាក់ព័ន្ធមួយចំនួនចាត់ទុកករណីតុលាការកាត់ទោសឱ្យសកម្មជនខ្មែរក្រោមលោកយ័ញ មិញក្វាង ជាប់ពន្ធធនាគារ ថាជារឿងអយុត្តិធម៌ និងធ្វើទុកបុកម្នេញលើជនជាតិដើម ហើយពួកគេទាមទារឱ្យរដ្ឋាភិបាលវៀតណាដោះដោះលែង និងទម្លាក់បទចោទទៅលើសកម្មជនខ្មែរក្រោមរូបនេះជាបន្ទាន់។
លោកយ័ញ មិញក្វាង សកម្មជនសិទ្ធិមនុស្សខ្មែរក្រោម ត្រូវបានតុលាការសម្រេចកាត់ទោសឱ្យជាប់ពន្ធធនាគាឆ្នាំកន្លះ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤។
លោក Phil Robertson នាយករងទទួលបន្ទុកកិច្ចការតំប់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ(Human Rights Watch) ចេញសេចក្តីថ្លែងការណ៍បន្ទាន់ឱ្យរដ្ឋាភិបាលវៀតណាមទម្លាក់បទចោទចំពោះសកម្មជនខ្មែរក្រោមលោក យ័ញ មិញក្វាង ដែលត្រូវបានតុលាការវៀតណាមកាត់ទោសឱ្យសកម្មជនរូបនេះជាប់ពន្ធធនាគាររយៈពេល៣ឆ្នាំ កន្លះ។ នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិរូបនេះ ចាត់ទុកវិធានការរបស់អភិបាលខេត្តឃ្លាំង ដែលបច្ចប្បន្នរដ្ឋាភិបាលវៀតណាមប្តូរឈ្មោះទៅជាខេត្តសុខ ត្រាំង ថា«ជាសកម្មភាពជាន់ឈ្លីសិទ្ធិសេរីភាពនៃការបញ្ចេញមតិដោយមិនមានការអៀនខ្មាស់ ហើយទង្វើទាំងនេះមានបំណងគំរាមកំហែង និង សងសឹកជុំវិញការនិយាយនូវទស្សនៈ នយោបាយរបស់ប្រជាពលរដ្ឋម្នាក់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។»
ខ្លឹមសារនៃសេចក្តីថ្លែងការណ៍របស់លោក Phil Robertson រិះគន់រដ្ឋាភិបាលវៀតណាមយ៉ាងចំៗថា «រដ្ឋាភិបាលវៀតណាមប្រើប្រាស់ច្បាប់ និងមាត្រាមួយចំនួនក្នុងគោលបំណងរំលោភសិទ្ធិប្រជាពលរដ្ឋសាមញ្ញ ហើយមិនបើកឱកាសឱ្យទូលាយដើម្បីប្រជាពលរដ្ឋមានសិទ្ធិបញ្ចេញមតិឡើយ។»
ជុំវិញការសម្រេចរបស់តុលាការឱ្យលោកយ័ញ មិញក្វាង ជាប់ន្ធធនាគានេះ លោក សឺន ជុំជួន មន្ត្រីសហព័ន្ធខ្មែរកម្ពុជាក្រោម ធ្លាបប្រាប់វិទ្យុស្រ្តីថាការចោទប្រកាន់ផ្ដន្ទាទោសលើសកម្មជនខ្មែរក្រោមនេះ ជាករណីអយុត្តិធម៌ដែលផ្ទុយពីគោលការណ៍សិទ្ធិមនុស្ស។ ផ្ទុយពីគោលការណ៍សិទ្ធិមនុស្សដ្បិតថា ជាគោលការណ៍ការជំនុំជម្រះដោយយុត្តិធម៌ចាំបាច់ត្រូវផ្ដល់មេធាវីការពារក្ដីឱ្យជនជាប់ចោទ ប៉ុន្តែករណីសកម្មជនសិទ្ធិមនុស្សខ្មែរកម្ពុជាក្រោមនេះ មិនត្រូវបានតុលាការវៀតណាមផ្ដល់មេធាវីឡើយ។
លោកយ័ញ មិញក្វាង ត្រូវបានតុលាការវៀតណាមកាត់ទោសឱ្យជាប់ពន្ធធនាគារ នៅថ្ងៃទី៧ កុម្ភៈ ឆ្នាំ២០២៤ក្រោមបទចោទពីបទ «កេងចំណេញលើសិទ្ធិសេរីភាពលទ្ធិប្រជាធិបតេយ្យ និងបំពានលើផលប្រយោជន៍របស់រដ្ឋ និងបទល្មើសផ្សេងទៀត។» មុនការចាប់ខ្លួន លោក យ័ញ មិញក្វាង បានប្រើប្រាស់បណ្ដាញផ្សព្វផ្សាយតាមរយៈសង្គមហ្វេសប៊ុក ចែករំលែកព័ត៌មានពីការរំលោភសិទ្ធិមនុស្សជនជាតិដើមខ្មែរក្រោម ពីសំណាក់វៀតណាមនិងផ្សព្វផ្សាយអំពីប្រវត្តិសាស្ត្រខ្មែរ៕