មុនថ្ងៃ១៤កុម្ភៈ ដែលជាទិវានៃក្ដីស្រលាញ់ ក្រសួងកិច្ចការនារីនៅថ្ងៃទី១៣ ខែកុម្ភៈនេះ បានចេញសារដាស់តឿនដល់យុវជន យុវនារីខ្មែរ ឱ្យយល់ច្បាស់ពីអត្ថន័យនៃទិវានៃក្ដីស្រលាញ់ ខណៈកន្លងមកក្រសួងសង្កេតឃើញថា ប្រជាពលរដ្ឋ និងយុវជន យុវនារីមួយចំនួននៅតែមានការយល់ខុស និងភាន់ច្រលំខ្លឹមសារនៃទិវានេះ។
លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖
ក្រសួងកិច្ចការនារីថា កន្លងមកមនុស្សមួយចំនួនបានប្រើប្រាស់ទិវា១៤កុម្ភៈ ប្រព្រឹត្តសកម្មភាពដែលមិនគប្បី ប្រាចាកសីលធម៌ វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់របស់ខ្មែរ។ ទន្ទឹមគ្នាដែរក្នុងការអំពាវនាវរបស់ក្រសួងកិច្ចការនារីនៅថ្ងៃនេះ ស្នើឱ្យប្រជាពលរដ្ឋ ជាពិសេសយុវជន យុវនារី ប្រកាន់ខ្ជាប់នូវកិត្តិយស សេចក្ដីថ្លៃថ្នូរ និងចូលរួមលើកស្ទួយតម្លៃមរតកខ្មែរ ដែលបន្សល់ទុកតាំងពីបុរាណកាលមក។
គួរជម្រាបថា ទិវានៃសេចក្ដីស្រលាញ់ ត្រូវបានធ្វើឡើងដំបូងក្នុងបណ្ដាប្រទេសនៅតំបន់អឺរ៉ុប ពោលគឺប្រទេសអ៊ីតាលី នាទីក្រុងរ៉ូម និងបន្ដរាលដាល់ដល់ពាសពេញពិភពលោកនាពេលបច្ចុប្បន្ន។ ពាក់ព័ន្ធទិវានៃសេចក្ដីស្រលាញ់នេះ មានរឿងតំណាលថា នាអំឡុងពេលកលយុគ្គនៅក្នុងទីក្រុងរ៉ូម រដ្ឋាភិបាលអ៊ីតាលី មានការលំបាកក្នុងការកែនពលរដ្ឋធ្វើកងទ័ព តែបុរសៗមិនចង់ចាកចេញពីអ្នកដែលខ្លួនស្រឡាញ់ និងគ្រួសាររបស់ពួកគេទេ។ ដូច្នេះរដ្ឋាភិបាលក៏បានប្រកាសរំសាយចោលនូវការរៀបការ និងពិធីភ្ជាប់ពាក្យទាំងអស់នៅក្នុងទីក្រុងរ៉ូម។
នាគ្រិស្តសករាជ២៦៩ មានព្រះសង្ឃគ្រិស្តសាសនា មួយអង្គព្រះនាម Saint Valentine បានសហការជាមួយមិត្តរបស់គាត់ Saint Marius បន្តជួយរៀបអាពាហ៍ពិពាហ៍ដល់គូស្នេហ៍វ័យក្មេងជាសម្ងាត់។ ប៉ុន្តែទង្វើទាំងនេះត្រូវបានគេរកឃើញ ហើយលោក Valentine ត្រូវបានចាប់ដាក់ពន្ធនាគារធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរ និងត្រូវគេប្រកាសប្រហារជីវិតដោយកាត់កនៅថ្ងៃទី១៤ កុម្ភៈ។
នៅក្នុងពន្ធនាគារ លោក Valentine បានលួចស្រឡាញ់នារីវ័យក្មេងម្នាក់ ដែលជាកូនស្រីរបស់ឆ្មាំគុក ដោយសារនាងឧស្សាហ៍ចេញចូល សួរសុខទុក្ខ និងគាំទ្រគាត់។ មុនពេល គេនាំគាត់ទៅប្រហារជីវិតនៅថ្ងៃទី១៤ កុម្ភៈ លោក Valentine បានសរសេរសំបុត្រយ៉ាងខ្លីមួយផ្ញើរទៅនាងដើម្បីបញ្ជាក់ពីមិត្តភាព និងភាពស្មោះត្រង់របស់គាត់ ចំពោះនាងដោយមានចុះហត្ថលេខាថា ពី Valentine របស់អ្នក។
ចាប់តាំងពីពេលនោះមក នៅរៀងរាល់ថ្ងៃទី១៤ កុម្ភៈ គេឃើញមានការរៀបចំ ទិវានៃក្តីស្រឡាញ់ នេះ ដោយមានភ្ជាប់មកជាមួយនូវវត្ថុអនុស្សាវរីយ៍ជូនគ្នាទៅវិញទៅមក មានផ្កាកុលាប និងស្ករគ្រាប់ជាដើមដើម្បីបង្ហាញពីការគោរពស្រឡាញ់រាប់អាន និងដឹងគុណដល់លោក Valentine។
ក្នុងន័យនេះ ក្រសួងកិច្ចការនារីជឿជាក់ថា អាណាព្យាបាល អាជ្ញាធរ នឹងចូលរួមផ្សព្វផ្សាយ អប់រំ ណែនាំដល់សាច់ញាតិ និងក្រុមគ្រួសារ ក្នុងការលុបបំបាត់សកម្មភាពអវិជ្ជាមាននានា ក្នុងសង្គម៕