en     km
en     km

ពលរដ្ឋច្រើនគ្រួសារទាមទារឱ្យលោក យ៉ង់ សាំងកុមារសងលុយដែលវិនិយោគ ខណៈខុសសន្យាជាច្រើនឆ្នាំ

Share

ពលរដ្ឋជាច្រើនគ្រួសារ បន្ដទាមទារលុយពីការវិនិយោគលើវិស័យកសិកម្មជាមួយគ្រួសារលោក យ៉ង សាំងកុមារ ទោះមានការជូនដំណឹងថានឹងសងចាប់ពីខែមីនា ឆ្នាំ២០២៤តទៅក៏ដោយ។ ពលរដ្ឋថា ការសន្យាសងនេះបានធ្វើឡើងជាច្រើនឆ្នាំមកហើយ តែមិនធ្វើដូចកិច្ចសន្យានោះទេ និងរយៈពេលចុងក្រោយនេះបានកែប្រែគោលការណ៍នានាផងដែរពីប្រធានគម្រោងដែលជាភរិយាលោក យ៉ង សាំងកុមារ ធ្វើឱ្យសមាជិកខ្លះប៉ះពាល់ដល់លុយរបស់ពួកគេ។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

ពលរដ្ឋជាច្រើនគ្រួសារបានបង្ហោះសារព្រោងព្រាតលើទំព័រហ្វេសប៊ុក ដោយទាមទារឱ្យលោកបណ្ឌិតកសិកម្ម យ៉ង សាំងកុមារ តួនាទីជារដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងភរិយារបស់លោក គឺអ្នកស្រី នូ សុជាតិ ដែលជាប្រធានគម្រោងសហគមន៍សម្បូរសប្បាយ សងលុយដែលវិនិយោគដល់ពួកគេវិញ បន្ទាប់ពីគម្រោង​បាន​បំពាន​កិច្ចសន្យា​ច្រើន​ដង។

រឿងរ៉ាវនេះ ប្រជាពលរដ្ឋជាច្រើនគ្រួសារបានប្រតិកម្មលើហ្វេសប៊ុក កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ តែមានគ្រួសារខ្លះបានទុកពេលឱ្យ​លោក យ៉ង សាំងកុមារ ដោះស្រាយត្រឹមថ្ងៃទី១២ ខែកុម្ភៈ។ យ៉ាងណា ដោយមិនអាចរកឃើញពន្លឺសម្រាប់ខ្លួនក្នុងការទទួលបានប្រាក់វិនិយោគមកវិញបន្ដទៀត កាលពីរសៀលថ្ងៃទី១២ ខែកុម្ភៈ ម្សិលមិញ ម្ចាស់ហ្វេសប៊ុកឈ្មោះគៀន ចាន់រ៉េត បានlive វីដេអូនិយាយពីបញ្ហានេះថា លោកមិនចង់បានអ្វីក្រៅពីការទាមទារឱ្យម្ចាស់គម្រោងទទួលខុសត្រូវលើកិច្ចសន្យានោះទេ ខណៈអ្នកស្រី នូ សុជាតិបានដូរគោលការណ៍នានា ក្នុងការសងប្រាក់ទៅកាន់លោកវិញ។

គួរជម្រាបថា កាលពីមុនប្រធានសហគមន៍សម្បូរសប្បាយ គឺលោក យ៉ង សាំងកុមារ តែក្រោយពេលលោកបានចូលបម្រើការរដ្ឋនៅក្រសួងកសិកម្ម លោកបានផ្ទេរតួនាទីប្រធានសហគមន៍ទៅភរិយារបស់លោកវិញ។ ផ្អែកតាមលិខិតមួយដែលលោក យ៉ង សាំងកុមារ បានចុះហត្ថលេខានាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ បានយល់ព្រមសងលុយដល់សមាជិកដែរ តែពេលអ្នកស្រី នូ សុជាតិ ឡើងកាន់តំណែង ក៏បានដូរគោលការណ៍នានាទៅវិញ។ លោក គៀន ចាន់រ៉េត បានបញ្ជាក់ក្នុងLive ថា អ្នកស្រីមិនបានសងតាមការសន្យាក្នុងកិច្ចសន្យានោះទេ និងកែកុនកិច្ចសន្យាធ្វើឱ្យលោកដាច់លុយសំណងតែម្ដង។

ក្រៅពីលោក គៀន ចាន់រ៉េត នៅមានម្ចាស់ហ្វេសប៊ុកផ្សេងទៀត ដូចជា លោក សោម វាសនា (Som Veasna) ហេង លីហួរ (Lyhour Heng) អ៊ាត សុភក្ដ្រ និងឈីវ គឺមលេង (Chiv Kimleng) ជាដើមបានស្នើឱ្យលោក យ៉ង សាំងកុមារ ដោះស្រាយបញ្ហានេះដល់ពួកគេ ខណៈពួកគេត្រូវការលុយត្រលប់មកវិញដើម្បីយកមកដោះស្រាយជីវភាពប្រចាំថ្ងៃ។

ទាក់ទងរឿងនេះ អ្នកស្រី នូ សុជាតិ ប្រធានគម្រោងសហគមន៍សម្បូរសប្បាយ កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានចេញការជូនដំណឹងដល់សមាជិកគម្រោងថា គម្រោងបានធ្វើការផ្លាស់ប្តូរគោលការណ៍នៃការបង់ប្រាក់ត្រឡប់ជូនទៅសមាជិកដែលបានដល់ កាលបរិច្ឆេទទូទាត់នៅដើមខែមករា ដោយគម្រោងសម្រេចទូទាត់ប្រាក់ត្រឡប់ប្រចាំខែជូនសមាជិកវិញចាប់ពីខែមីនា ឆ្នាំ២០២៤ តទៅ ទៅតាមលទ្ធភាពនិងសមត្ថភាពរបស់គម្រោង រហូតដល់អស់ប្រាក់ដែលស្នើដកទុន។

អ្នកស្រីបញ្ជាក់ពីមូលហេតុនៃការផ្លាស់ប្តូរគោលការណ៍ក្នុងការទូទាត់ប្រាក់ ដោយសារគម្រោងកំពុងជួបប្រទះ នឹងបញ្ហាខ្វះលំហូរសាច់ប្រាក់ ក្នុងគោលបំណងបន្តនិរន្តភាពក្នុងការអភិវឌ្ឍន៍គម្រោង និងរកប្រាក់សងត្រឡប់មកសមាជិកដែលឈប់ពីគម្រោង។

វិទ្យុស្ដ្រីមិនអាចសុំការឆ្លើយតបពីលោក យ៉ង សាំងកុមារ បានទេ ទាំងតេឡេក្រាម និងការទូរសព្ទទៅផ្ទាល់។ យ៉ាងណាកាលពីពេលកន្លងទៅលោក ក៏ត្រូវបានចោទប្រកាន់រឿងលុយ៣០លានដុល្លាដែរ តែលោកបានចេញមុខបដិសេធ និងបង្ហាញការហួសចិត្តលើការចោទប្រកាន់នោះ។

បែបនេះក្ដីចំពោះរឿងលុយគម្រោង សមាជិកនៃសហគមន៍សម្បូរសប្បាយថានឹងបន្ដទាមទារលុយពួកគេត្រលប់មកវិញ ព្រោះពួគគេអះអាងថា មិនមែនជាការចូលលុយគ្នារកស៊ី ខាត ឬចំណេញទាំងអស់គ្នានោះទេ តែជាការវិនិយោគ ដែលមានកិច្ចព្រមព្រៀង ដោយមានការទទួលខុសត្រូវរៀងៗខ្លួនរវាងម្ចាស់គម្រោងជាអ្នកម៉ៅការអនុវត្ត និងផ្តល់ដីឱ្យសមាជិក ហើយសមាជិកជាអ្នកបង់លុយជូនម្ចាស់គម្រោង តែសមាជិកគ្មានសិទ្ធិឆែកមើលការចំណូលចំណាយចំណេញខាតនោះទេ៕

Share

Image
Image
Image