en     km
en     km

រដ្ឋមន្រ្តីក្រសួងបរិស្ថាន គ្រោងយុទ្ធនាការសំអាតប្លាស្ទិកនៅបឹងទន្លេសាបដើម្បីការពារធនធានមច្ឆា និងជីវចម្រុះ

Share

ភ្នំពេញ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានត្រៀមដាក់ចេញនូវយុទ្ធនាការសំអាតបឹងទន្លេសាប នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ខាងមុខនេះ បន្ទាប់ពីក្រសួងប្រកាសពីភាពជោគជ័យនៃយុទ្ធនាការកាត់បន្ថយសំណល់ប្លាស្ទិកនៅលើគោកជំហានទី១រួចមក។ បើតាមរបាយការណ៍ពីUNDP ថានៅសាកលលោកមួយឆ្នាំមានសត្វក្នុងទឹកប្រមាណ១លានក្បាល បានបាត់បង់ជីវិតដោយសារបញ្ហាប្លាស្ទិកក្នុងទឹក។ ទន្ទឹមគ្នា ឥលូវនេះមានក្រុមហ៊ុនមួយចំនួនបានកំពុងវិវត្តន៍ខ្សែសង្វាក់របស់ខ្លួន ដើម្បីចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

ការផ្តួចផ្តើមគម្រោងយុទ្ធនាការសំអាតបឹងទន្លេសាប កើតឡើងនាជំនួបសម្តែងការគួរសម និងស្វែងយល់អំពីការងារអាទិភាពរបស់ក្រសួងបរិស្ថាន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើររវាងអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង(UNOPS) និងក្រសួងបរិស្ថានកម្ពុជា នៅទីស្តីការក្រសួង កាលពីរសៀលថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០២៤ម្សិលមិញ។ នេះបើតាមទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថាននៅថ្ងៃទី១៣ខែកុម្ភៈនេះ។

តាមរយៈយុទ្ធនាការ «ថ្ងៃនេះ! ខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិកទេ» ដែលមានប្រជាពលរដ្ឋ និងសិស្សានុសិស្សចូលរួមជាង៤លាននាក់បានចូលរួម លោករដ្ឋមន្រ្តីក្រសួងបរិស្ថានបានប្រាប់ថា ប្រជាពលរដ្ឋពិសេសសិស្សានុសិស្សបានផ្លាស់ប្តូរឥរិយាបថជាវិជ្ជមាន តាមរយៈការរៀបចំទុកដាក់សំរាម និងការបែងចែកសំរាមបានត្រឹមត្រូវ និងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកជាដើម។

សម្រាប់ភាគីអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង UNOPS កញ្ញា អ៊ីដា ក្រាចា (Eda Kraja) អ្នកគ្រប់គ្រងប្រចាំប្រទេសកម្ពុជា-ឡាវ បានជម្រាបពីបំណងដើម្បីបន្ត និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងបរិស្ថាន អនុលោមតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានឆ្នាំ២០២៣-២០២៨។

ទាក់ទងនឹងការសម្អាតប្លាស្ទិកនេះដែរ ក្រុមហ៊ុនក្រដាសអនាម័យ MG PACIFIC COMPANY LIMITED បានចូលរួមថែរក្សាបរិស្ថាន តាមរយៈការគម្រោងមួយដែលមានឈ្មោះថា ផ្ដើមចេញពីអ្នក។ យុទ្ធនាការនេះ បានជំរុញឱ្យពលរដ្ឋចូលរួមកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិក ដោយផ្ដើមចេញពីបុគ្គលម្នាក់ៗ និងបញ្ជៀតការយល់ពីផលប៉ះពាល់នៃការប្រើប្រាស់ប្លាស្ទិកពីមនុស្សម្នាក់ទៅមនុស្សម្នាក់ផងដែរ។

ដើម្បីចូលរួមលើកកម្ពស់ការកាត់បន្ថយប្រើប្រាស់ថង់ប្លាស្ទិកនេះ ក្រុមហ៊ុនអិមជី ផេស៊ីហ្វិកបានកែប្រែនូវសង្វាក់ផលិតកម្មរបស់ខ្លួនមួយចំនួន តាមរយៈការប្តូររបៀបវេចខ្ចប់ថ្មីដោយដកថង់រុំស្រោបក្រដាសបង្គន់ប្រភេទកងបន្ទប់ទឹកចេញ រួចជំនួសមកដាក់ក្នុងប្រអប់ជ័រថ្លាថ្មីវិញ។ ការណ៍នេះបានបង្កភាពងាយស្រួលដល់អ្នកប្រើប្រាស់ក្រដាសបន្ទប់ទឹកអិមជីដោយគ្រាន់តែប្តូរប្រអប់ក្រដាសចាស់ដែលប្រើក្រដាសអស់ យកប្រអប់ថ្មីប៉ុណ្ណោះ។ ចំពោះអតិថិជននៅតាម ផ្ទះ ក្រុមហ៊ុន សាលារៀន មន្ទីរពេទ្យ និងកន្លែងធ្វើអាជីវកម្មផ្សេងៗ ក៏មិនពិបាកក្នុងការប្ដូរប្រអប់ផងដែរ ដោយក្រុមហ៊ុននឹងមានសេវាកម្មប្ដូរជូនដល់ទីតាំង។

តែបើងាកមើលរបាយការណ៍ពីផលប៉ះពាល់នៃថង់ប្លាស្ទិក្នុងប្រភពទឹក ដែលក្រសួងបរិស្ថានគ្រោងសម្អាតវិញ មានរបាយការណ៍ពីUNDP ចេញផ្សាយកាលពីឆ្នាំ២០២០ថា មានថនិកសត្វ ត្រី និងបក្សីជាង ១ លានក្បាលទូរទាំងសកលលោក រងការផលប៉ះពាល់ ឬបាត់បង់ជីវិតជារៀងរាល់ឆ្នាំ ព្រោះតែសត្វទាំងនេះបានលេបប្លាស្ទិកចូលទៅក្នុងពោះ ឬត្រូវរុំជាប់ដោយប្លាស្ទិក។ ចំណែកទន្លេមេគង្គដែលជាប្រភពទឹកមួយរបស់ទន្លេសាប ក៏ជាប្រភពនៃការនាំប្លាស្ទិកហូរចូលក្នុងសមុទ្រផងដែរ។ នេះបើតាម UNDP៕

Share

ព័ត៌មានទាក់ទង

Image