en     km
en     km

រកឃើញក្មេងស្រីអាយុ៣ឆ្នាំនៅមានជីវិត ក្នុងគ្រោះបាក់ដីនៅហ្វីលីពីន

Share

បេសកកម្មជួយសង្គ្រោះកុមារដែលប្រើរយៈពេលជិត ៦០ម៉ោង បន្ទាប់ពីមានគ្រោះបាក់ដី និងបានបង្កឱ្យមានការវាយប្រហារភូមិជីករ៉ែមាសមួយ នៅភាគខាងត្បូងនៃប្រទេសហ្វីលីពីន បានធ្វើឱ្យក្រុមអ្នកជួយសង្គ្រោះបោះបង់ក្តីសង្ឃឹមក្នុងការស្វែងរកអ្នកនៅរស់រានមានជីវិតបន្តទៀតកាលពីថ្ងៃសៅរ៍ ទី១០ ។ ប៉ុន្តែ ដោយសារមានអព្ភូតហេតុ មួយបានកើតឡើង ក្រុមអ្នកជួយសង្គ្រោះក៏បានបន្ត ការរុករកបន្តទៀត។

(កញ្ញា សៃ ចន្ធី រាយការណ៍)

 

ក្រុមមន្ត្រីហ្វីលីពីនបាននិយាយថា គ្រោះមហន្តរាយបាក់ដីដែលបានវាយប្រហារលើភូមិជីករ៉ែមាស Masara នៅលើកោះ Mindanao ភាគខាងត្បូងនៃប្រទេសហ្វីលីពីន កាលពីថ្ងៃសុក្រ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤ បណ្ដាលឱ្យមានចំនួនអ្នកស្លាប់កើនឡើងជិតទ្វេដង ពោលគឺស្លាប់រហូតដល់ទៅ ២៧នាក់។ នេះបើយោងតាមសារព័ត៌មាន The Guardian ចុះថ្ងៃចន្ទ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៤។

យោងតាមកាកបាទក្រហមហ្វីលីពីនបាននិយាយថា ក្មេងស្រីមានអាយុ ៣ឆ្នាំ ក៏ស្ថិតក្នុងចំណោមមនុស្សជាច្រើននាក់ដែលបានបាត់ខ្លួន បន្ទាប់ពីមានគ្រោះបាក់ដីដោយសារភ្លៀងធ្លាក់នេះផងដែរ។ ប៉ុន្តែ​ ក្រុមអ្នកជួយសង្គ្រោះបានរកឃើញក្មេងស្រីនេះ បន្ទាប់ពីអ្នកជួយសង្គ្រោះបានខិតខំកាយថ្មតាមគំនរដីបាក់ ដោយប្រើដៃ និងប៉ែលដើម្បីកាយស្វែងរកអ្នករស់រានមានជីវិត។ នេះបើតាមការបញ្ជាក់ពី មន្ត្រីទីភ្នាក់ងារគ្រោះមហន្តរាយ លោក Edward Macapili មកពីខេត្ត Davao de Oro ។

លោក Macapili បានបន្តទៀតថា ក្មេងស្រីត្រូវបានគេរកឃើញ ហើយនេះគឺជាអព្ភូតហេតុមួយ ដែលក្មេងស្រីតូចនេះនៅមានជីវិត និងបានផ្តល់ក្តីសង្ឃឹមដល់អ្នកជួយសង្គ្រោះ ខណៈអ្នករុករកគិតថាអ្នកដែលបាត់ខ្លួនប្រហែលជាស្លាប់ ព្រោះភាព​ធន់​របស់​កុមារ​ជា​ធម្មតា​មាន​ចំនួន​តិច​ជាង​មនុស្ស​ពេញ​វ័យ ប៉ុន្តែ​កុមារ​នេះបែរជានៅ​រស់​រាន​មាន​ជីវិត។ លោក​បាន​បន្ថែម​ថា ឪពុក​របស់​ក្មេង​ស្រីរូប​នេះបាន​ឃើញ​កូន​​មុន​ពេល​ក្មេងស្រីនេះ​ត្រូវ​បាន​គេ​នាំ​ទៅ​កាន់​មន្ទីរ​ពេទ្យ។

យ៉ាងណាមិញកាកបាទក្រហមហ្វីលីពីនបានបង្ហោះរូបថតនៅលើបណ្ដាញសង្គមហ្វេសប៊ុក ពីក្រុមអ្នកជួយសង្គ្រោះ ដែលបានដឹកក្មេងស្រីនោះដោយរុំក្នុងភួយសង្គ្រោះបន្ទាន់ និងមានដាក់ធុងអុកស៊ីហ្សែនចូលទៅក្នុងមន្ទីរពេទ្យក្នុងក្រុង Mawab ។

សូមជម្រាបថា គ្រោះមហន្តរាយបាក់ដីបានកើតឡើងកាលពីយប់ថ្ងៃអង្គារ ទី០៦ ខែកុម្ភៈ បានបំផ្លាញផ្ទះសម្បែង និងខ្ទេចខ្ទាំរថយន្តក្រុងចំនួន៣គ្រឿង និងរថយន្តទំនើបម៉ាក Jeepney ដែលរង់ចាំទទួលកម្មករពីអណ្តូងរ៉ែមាសនៅតំបន់នេះ។ការរអិលបាក់ដីនេះគឺជាហានិភ័យកើតញឹកញាប់នៅទូទាំងប្រជុំកោះ នៃប្រទេសហ្វីលីពីន ដោយសារតំបន់ភ្នំ ភ្លៀងធ្លាក់ខ្លាំង និងការកាប់បំផ្លាញព្រៃឈើយ៉ាងទូលំទូលាយពីការជីកយករ៉ែ ការធ្វើកសិកម្មកាប់បំផ្លាញ និងការកាប់ឈើខុសច្បាប់។ ប្រជាជនរាប់រយគ្រួសារមកពី Masara និងភូមិចំនួនបួននៅក្បែរនោះ ត្រូវជម្លៀសចេញពីផ្ទះរបស់ពួកគេ និងជ្រកកោននៅក្នុងមណ្ឌលសង្គ្រោះបន្ទាន់ ហើយសាលារៀនទូទាំងក្រុងបានផ្អាកថ្នាក់រៀនដោយសារការភ័យខ្លាចកើតមានការបាក់ដីបន្ថែមទៀត៕

ប្រភព៖ The Guardian ចុះថ្ងៃចន្ទ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៤

 

 

 

Share

Image
Image
Image