en     km
en     km

រដ្ឋាភិបាលមីយ៉ាន់ម៉ាបន្តឹងច្បាប់រើសទាហានសកម្មបន្ទាប់ពីបរាជ័យទប់ទល់នឹងក្រុមប្រឆាំង

Share

 

រដ្ឋាភិបាលយោធារបស់មីយ៉ាន់ម៉ា ចាប់ផ្តើមពង្រឹងច្បាប់ស្តីពីពលរដ្ឋស្រី្តនិងបុរសមានកាតព្វកិច្ចចូលហ្វឹកហាត់ក្នុងជួរកងទ័ពយ៉ាងតិចពីរឆ្នាំដែលធ្វើយ៉ាងណាឱ្យច្បាប់នេះមានតម្លាភាព និងសកម្ម។ ការប្រកាសនេះធ្វើឡើងតាមរយៈទូរទស្សន៍រដ្ឋមីយ៉ាន់ម៉ាកាលពីថ្ងៃសៅរ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលថា កងទ័ពក្នុងរបបយោធាបច្ចុប្បន្នរត់ចោលជួរ និងខ្លះរងរបួស ឬស្លាប់ក្នុងអំឡុងពេលតទល់នឹងក្រុមប្រឆាំងនៅពេលផ្ទុះអាវុធ។ នេះបើយោងតាមសារព័ត៌មានAP ចុះផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤។

ជុំវិញពិស្តារនៃច្បាប់កងទ័ពដែលចែងកាលពីឆ្នាំ២០១០ ក្រសួងការពារជាតិមីយ៉ាន់ម៉ាបញ្ជាក់ថា ច្បាប់នេះអនុម័តក្រោមរដ្ឋាភិបាលយោធាពីមុន ដោយបុរសមានអាយុពី១៨-៤៥ឆ្នាំ និងស្រ្តីមានអាយុពី១៨-៣៥ឆ្នាំ មានកាតព្វកិច្ចចូលហ្វឹកហាត់ក្នុងកងកម្លាំងប្រដាប់អាវុធពីពីរឆ្នាំ ហើយអាចបន្តទៅប្រាំឆ្នាំ ប្រសិនជាប្រទេសមានអាសន្ន។ ចំពោះស្រ្តី និងបុរសដែលមានវិជ្ជាជីវៈជាវេជ្ជបណ្ឌិត និងវិស្វករពេទ្យ អាចចូលបម្រើការក្នុងវិស័យពេទ្យក្នុងជួរកងទ័ពក្នុងរយៈពេលយ៉ាងតិច ៣ឆ្នាំ។

ជាមួយគ្នានេះដែរ ឧត្តមសេនីយ Zaw Min Tun អ្នកនាំពាក្យរដ្ឋាភិបាលយោធា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ទៅកាន់ទូរទស្សន៍រដ្ឋ MRTV ថា ការធ្វើឱ្យច្បាប់នេះសកម្ម អាចជួយការពារប្រទេសជាតិពីការឈ្លានពានរបស់សត្រូវ ពិសេស នេះជាការទទួលខុសត្រូវក្នុងការការពារជាតិមិនត្រឹមតែជាភារកិច្ចរបស់ទាហាននោះទេ វាក៏ជាទំនួលខុសត្រូវរបស់ប្រជាជនទាំងអស់ចំពោះជាតិ។

ក្រុមតស៊ូប្រឆាំងនឹងរដ្ឋាភិបាលយោធា អះអាងថា ទាហានជាង ១៤,០០០នាក់បានរត់ចោលជួរពីរបបយោធាចាប់តាំងពីការដណ្តើមអំណាចឆ្នាំ២០២១។ ក្រុមចលនាតស៊ូប្រឆាំងនេះទៀតសោត បញ្ជាក់ដែរថា ចាប់តាំងពីខែតុលា ឆ្នាំ២០២៣ សម្ព័ន្ធភាពនៃអង្គការជនជាតិភាគតិចប្រដាប់អាវុធដែលជាចលនាប្រឆាំងនឹងរបបយោធា ដណ្តើមបានទឹកដីដ៏ធំមួយនៅភាគឦសានប្រទេសមីយ៉ាន់ម៉ាតាមបណ្ដោយព្រំដែនចិន ដែលធ្វើឱ្យទាហានមួយចំនួនក្នុងរបបយោធាបាក់ស្បាត និងលែងមានទំនុកចិត្តលើការគ្រប់គ្រងរបស់មេដឹកនាំខ្លួនជាបន្ត៕

ប្រភព៖ AP ចុះថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤

Share

Image
Image
Image