អ្នកបើករថយន្តបង្កដែលបុកម៉ូតូនៅលើផ្លូវ៦០ម៉ែត្រក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ បណ្ដាលឱ្យក្មេង ស្រីម្នាក់ស្លាប់ និងរងរបួស២នាក់ កាលពីយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ត្រូវបានស្រាវជ្រាវរកឃើញ ហើយ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្រោយជនបង្កចតប្លុងចោលនៅមុខអាគារបុរី R&F ស្ថិតនៅលើផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ បើតាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជនសង្ស័យភេទប្រុស ជនជាតិចិន មានមុខរបរជាអ្នកត្រួតពិនិត្យបច្ចេកទេសយានយន្តនៅម្ដុំអូឡាំព្យា ខណ្ឌ៧មករា ត្រូវបានឃាត់ខ្លួននៅ វេលាម៉ោង១១:១០នាទី។ បច្ចុប្បន្នរថយន្តបង្ក ត្រូវបានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ហើយសមត្ថកិច្ចកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។
គ្រោះថ្នាក់ចរាចរណ៍កើតឡើងកាលពីយប់វេលាម៉ោង២១និង៣០នាទីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅផ្លូវ៦០ម៉ែត្រនេះ គឺបុរសជាឪពុកជិះម៉ូតូម៉ាកCUPស៊េរីចាស់ ដឹកកូនប្រុសស្រី២នាក់ទៅយក ប្រពន្ធចេញពីធ្វើការ តែនៅតាមផ្លូវត្រូវរថយន្តមួយបាំងកន្លះពណ៌ស បើក លឿនទៅបុកពីក្រោយម៉ូតូរបស់ជនរងគ្រោះ បណ្ដាលឱ្យកូនស្រីរងរបួសធ្ងន់ធ្ងរ និងបានស្លាប់ពេល បញ្ជូនទៅមន្ទីរពេទ្យ រីឯឪពុកនិងកូនប្រុសម្នាក់ទៀតរងរបួស។ ទោះជាជួបគ្រោះថ្នាក់បុកម៉ូតូខាងលើក្ដី ប៉ុន្តែរថយន្តបង្កមិនបន្ថយល្បឿនឡើយ ដោយកិនអូសម៉ូតូទៅកល់ជាប់ពំនូកខ្សាច់ខ្ទេចខ្ទីស្ទើរទាំងស្រុង ហើយក៏បន្ថែមល្បឿនបើកគេចខ្លួនបាត់៕