en     km
en     km

ក្មេងប្រុសអាយុ១៦ឆ្នាំ នៅខេត្តក្រចេះ កើតជំងឺផ្តាសាយបក្សីប្រភេទហាស់៥ អ៊ុន១ (H5N1) 

Share

ប្រភពរូបភាពពីទំព័រហ្វេសប៊ុកក្រសួងសុខាភិបាល

ជំងឺផ្ដាសាយបក្សីត្រូវបានរកឃើញលើក្មេងប្រុសម្នាក់អាយុ ១៦ឆ្នាំ ដែលមានទីលំនៅទីលំនៅក្នុងភូមិកាប៉ូ១ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ។ ការរកឃើញនេះ ត្រូវបានបញ្ជាក់ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈថា កុមារម្នាក់ដែលមានវ័យ១៦ឆ្នាំនោះ មានវិជ្ជមានវីរុស ផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ុន១ (H5N1)កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចេញនៅថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២៤ បានឱ្យដឹងថា ករណីក្មេងប្រុសវ័យ១៦ឆ្នាំរូបនេះមានវិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ុន១ (H5N1) គឺត្រូវជាបងប្រុសរបស់កុមារាដែលបានស្លាប់ដោយសារជំងឺប្រភេទនេះ កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤  តែក្មេងប្រុសវ័យ១៦ឆ្នាំនេះ មិនមានបញ្ហាដង្ហើមនោះទេ គ្រាន់តែមានវិជ្ជមានវីរុសលើជំងឺនេះ។

ទន្ទឹមនឹងការប្រកាសពីករណីរកឃើញថ្មី ក្រសួងសុខាភិបាល បានក្រើនរំលឹកសារជាថ្មី ដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សីជានិច្ច ពីព្រោះជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់សុខភាពប្រជាពលរដ្ឋ។ ក្រសួងក៏បានណែនាំដល់ប្រជាពលរដ្ឋថា ប្រសិនបើមានអាការៈក្តៅខ្លួន ក្អក ហៀរសំបោរ ឬពិបាកដកដង្ហើម និងមានប្រវត្តិធ្លាប់បានប៉ះពាល់ជាមួយមាន់ទាឈឺឬស្លាប់ក្នុងអំឡុង១៤ថ្ងៃ។ មុនថ្ងៃចាប់ផ្ដើមមានរោគសញ្ញា សូមកុំទៅជួបជុំ ឬទីប្រជុំជនដែលមានមនុស្សច្រើន និងត្រូវស្វែងរកការ ពិគ្រោះយោបល់ និងការពិនិត្យព្យាបាលនៅតាមមូលដ្ឋានសុខាភិបាល ដែលនៅជិតលោកអ្នកបំផុតឱ្យបាន ឆាប់ទាន់ពេលវេលា។

លើសពីនេះ ដើម្បីទប់ស្កាត់ការឆ្លងបន្តទៅអ្នកដទៃទៀតក្នុងសហគមន៍ ក្រសួងនឹងបន្តការស្វែងរកប្រភពចម្លងទាំងលើសត្វនិងមនុស្ស ហើយបន្តស្វែងរកករណីសង្ស័យ និងអ្នកប៉ះពាល់ ព្រមទាំងចែកជូនឱសថតាម៊ីហ្លូ (Tamiflu) ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុខាងលើផងដែរ។

កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងជំងឺផ្តាសាយបក្សី ១ករណីលើបុរសវ័យ ៦៩ឆ្នាំ នៅក្នុងភូមិតាប្រុយ ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប។ក្រោយមក ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤  រកឃើញអ្នកឆ្លងជំងឺផ្តាសាយបក្សី ១ករណីដែរ នៅស្រុកកំពង់ត្របែក និងខេត្តព្រៃវែង ក្មេងប្រុសអាយុ៣ឆ្នាំ។ ចំណែឯឆ្នាំ២០២៣  ខែតុលាវិញ ក៏មានករណីស្លាប់ដោយសារជំងឺផ្ដាសាយបក្សីផងដែរ លើកុមារីម្នាក់អាយុ២ឆ្នាំ និងបុរសម្នាក់អាយុ៥០ឆ្នាំ នៅខេត្តព្រៃវែងផងដែរ៕

អត្ថបទ៖សួ សុវណ្ណិកា 

Share

Image Not Found
Image

ព័ត៌មានទាក់ទង