en     km
en     km

លោក ព្រំ ប៊ុនថន ព្រមានសរសេរលិខិតទៅកាន់រដ្ឋាភិបាលសុំកិច្ចអន្តរាគនម៍ពីរដ្ឋាភិបាល ជុំវិញវិវាទដីធ្លីជាមួយនឹងអាជ្ញាធរឃុំត្រពាំងស្តៅ ខេត្តស្វាយរៀង

Share

 

លោកព្រំ ប៊ុនថន ប្រធានសមាគមអភិវឌ្ឍន៍ជីវភាពពលរដ្ឋកម្ពុជាខេត្តស្វាយរៀង(CDPLA) និងបរិវេនផ្ទះរបស់លោក។ រូបភាព៖ លោកព្រំ ប៊ុនថន។ 

ភ្នំពេញ៖ លោក ព្រំ ប៊ុនថន ប្រធានសមាគមអភិវឌ្ឍន៍ជីវភាពពលរដ្ឋកម្ពុជាខេត្តស្វាយរៀង(CDPLA) គ្រោងដាក់ពាក្យស្នើសុំអន្តរាគមន៍ពីរដ្ឋាភិបាល ព្រោះថាមកទល់នឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ គ្មានភាគីពាក់ព័ន្ធណាមួយផ្តល់ឱកាសឱ្យលោកបង្ហាញឯកសារកម្មសិទ្ធិដីធ្លីដែលកំពុងមានទំនាស់ជាមួយនឹងអាជ្ញាធរឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀងឡើយ។ អ្នកតាមដានសង្គមមើលឃើញថានេះជាវិធីតែមួយគត់ដើម្បីវែកញែក​រកភាពត្រឹម​ត្រូវជូនគ្នា បើពុំដូច្នេះបញ្ហានេះនឹងនៅតែស្ថិតក្នុងភាពចម្រូងសម្រាស។

សូមស្តាប់ការរាយការណ៍ពី កញ្ញា គុជ ស៊ីកុល

លោក ព្រំ ប៊ុនថន ប្រធានសមាគមអភិវឌ្ឍន៍ជីវភាពពលរដ្ឋកម្ពុជាខេត្តស្វាយរៀង(CDPLA) ថាខ្លួនរងភាពអយុត្តិធម៌ចំពោះវិវាទដីធ្លីរបស់ខ្លួន រវាងអាជ្ញាធរឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង ហើយលោកនឹងបន្តក្តីក្តាំងនេះរហូតទទួលបានដំណោះស្រាយ។

ក្នុងបទសម្ភាសន៍ជាមួយវិទ្យុស្រ្តី លោកព្រំ ប៊ុនថន ថាករណីបើអាជ្ញាធរនៅតែមិនអើពើរ​ ដោយមិនបើកឱ្យមានការសិក្សាជាថ្មីលើសំណុំឯកសារដីធ្លីរបស់លោកទេ នោះលោកនឹងដាក់ពាក្យបណ្តឹងជាថ្មីទៅតាមនីតិវិធីច្បាប់។ លើសពីការដាក់ពាក្យបណ្តឹងមន្រ្តីសង្គមស៊ីវិលរូបនេះគ្រោង​នឹងបើកឱ្យមានជាសន្និសិទកាសែតបន្ថែម ដើម្បីឱ្យមានការយកចិត្តទុកដាក់ក្នុងការរកដំណោះស្រាយ និងភាពយុត្តិធម៌ជូនគ្រួសារលោក ព្រមទាំងពលរដ្ឋដទៃដែលមានបញ្ហាស្រដៀងខ្លួនហ៊ានចេញមុខតវ៉ាដើម្បីភាពយុត្តិធម៌។

«ករណីបើអាជ្ញាធរស្រុករមាសហែក និងខេត្តស្វាយរៀងមិនបើកឱ្យមានការសើបអង្កេតទេ ក្នុងនាមខ្ញុំជាជនរងគ្រោះខ្ញុំមិននៅស្ងៀមទេ ខ្ញុំនឹងធ្វើទៅតាមនីតិវិធី និងសរសេរលិខិតកាន់ទៅមុខរដ្ឋាភិបាលដើម្បីសូមកិច្ចអន្តរាគមន៍ចំពោះករណីនេះ​បន្ថែមទៀត រហូតអាចឈានដល់ធ្វើសន្និសិទកាសែតដើម្បីបង្ហាញភស្តុតាងជាសាធារណៈ។»

ជាការឆ្លើយតបអភិបាលរងខេត្តស្វាយរៀង លោក ម៉ែន អេង ឱ្យដឹងថា ប្រសិនបើភាគីលោកព្រំ ប៊ុនថន ដាក់ពាក្យបណ្តឹងនោះគឺអាស្រ័យទៅលើការសម្រេចរបស់តុលាការតែប៉ុណ្ណោះ។

«ក្មួយចង់បានព័ត៌មានលម្អិតក្មួយអាចទាក់ទងបន្ថែមទៅរដ្ឋបាលស្រុករមាសហែកបានក៏ប៉ុន្តែជារួមក្មួយត្រូវដឹងថាយើងមានអំណាចបីដែលដាច់ដោយឡែកពីគ្នាណាក្មួយ អំណាច​ប្រតិបត្តិ បញ្ញត្តិ និងអំណាចតុលាការ អ៊ីចឹងដូចពូបាញ់អានេះ(សេចក្តីស្រាយបំភ្លឺរដ្ឋបាលខេត្តស្វាយរៀង និងរដ្ឋបាលស្រុករមាសហែក) ម្តងទៀតហ្នឹងចង់បញ្ជាក់ប្រាប់ក្មួយថារឿងនេះវានៅលើដៃរបស់តុលាការអ៊ីចឹងបើគាត់ចង់ប្តឹងផ្តល់ហ្នឹងគេទុកឱកាសឱ្យគាត់ប្តឹងឧទ្ធរណ៍អ៊ីចឹងណា៎ក្មួយ។»

ដើម្បីបានការឆ្លើយតបបន្ថែមវិទ្យុស្រ្តីព្យាយាមទាក់ទងទៅមន្តី្ររដ្ឋបាលស្រុករមាសហែកដែរ ប៉ុន្តែទូរស័ព្ទទាក់ទងមិនបានគិតត្រឹមព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

បើតាមសេចក្តីបំភ្លឺរបស់សាលាស្រុករមាសហែកទំនាស់សាលាឃុំត្រពាំងស្តៅ និងភាគីលោក ព្រំ ប៊ុនថន កើតឡើងតាំងពីឆ្នាំ១៩៩៥ មកម្ល៉េះនៅពេលលោក ព្រុំ មន់ ត្រូវជាឪពុករបស់ព្រំ ប៊ុនថន បានសែងផ្ទះមកនៅលើដីទំនាស់ដែលជាកម្មសិទ្ធិឃុំត្រពាំងស្តៅ។សាលាស្រុករមាសហែកបញ្ជាក់ទៀតថា រឿងនេះសាលាដំបូងខេត្តស្វាយរៀងកាត់ក្តីឲ្យឃុំឈ្នះក្តីចំនួន ២ លើក ប៉ុន្តែមិនទាន់មានចេញឯកសារអ្វីបញ្ជាក់ ដោយទុកឲ្យភាគីចុងចោទប្តឹងឧទ្ធរណ៍បន្ត។

ជាការឆ្លើយតប លោក ព្រំ ប៊ុនថន នៅតែអះអាងថាខ្លួនពិតជារងការរំលោភបំពានសិទ្ធិលំនៅឋានពី​អាជ្ញាធរ​មូលដ្ឋាន​ខេត្ត​ស្វាយរៀងយ៉ាងពិតប្រាកដមែន ហើយលោកនៅតែច្រានចោលនូវខ្លឹមសារសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តស្វាយរៀង និងរដ្ឋបាលស្រុករមាស​ហែកថាសាលាដំបូងខេត្តស្វាយរៀងកាត់ក្តីឲ្យឃុំឈ្នះក្តីចំនួន ២ លើកនេះ គឺជាការ​ប្រឌិត​ឡើង​ដោយ​ស្មៀនឃុំ​ត្រពាំងស្ដៅ ឈ្មោះនង ម៉ូវ តែប៉ុណ្ណោះ។

«ខ្ញុំសូមបញ្ជាក់ថា ចំពោះការលើកឡើងរបស់សាលាស្រុកនេះគ្រាន់តែការសរសេរសេសាវតារឿងដោយ នង ម៉ូវហើយនង ម៉ូវ គាត់មិនយល់ពីសាច់រឿងទេអ៊ីចឹងហើយគាត់សរសេរថាសាលាឃុំឈ្នះពីរដងនេះគឺជាការមួយដែលនិយាយកុហក់សុទ្ធសាត ពីព្រោះនីតិវិធីតុលាការគេមិនអាចចេញអង្គសេចក្តីពីរដងក្នុងរឿងតែមួយទេ គេថាចឹងហាស៎ ដូចថាវាអស់ជមនុំហាស៎​ ជាក់ស្តែងសាលាដំបូងខេត្តស្វាយរៀនចេញតែម្ដងគត់នៅឆ្នាំ ២០០០ហ្នឹង ឱ្យខ្ញុំដើមក្តី ហើយខ្ញុំបានប្តឹងជំទាស់រួមពេលហ្នឹងមកហើយ ហើយការប្តឹងជំទាស់ហ្នឹងមានន័យថាភាគីចុងចម្លើយហ្នឹងមិនបាន ទីផ្សារក្រមឲ្យខ្ញុំដឹងក្ដីកំប្លែងខ្មោចចំពោះនឹងវាហើយវាកើតឡើងចំពោះនោះគឺមានន័យថាភាគីចុងចម្លើយគឺមិនបានធ្វើសាក្ខីកម្មនៅសាលាឧទ្ធរណ៍ទេ បើយើងគិតទាំងពីឆ្នាំ២០០០ ដល់ឥឡូវនេះគឺ២៣ឆ្នាំហើយបានន័យថាបើពន្យល់ជាច្បាប់បានន័យថាបើចុងចម្លើយមិនឡើងមកធ្វើផ្តល់ចម្លើយ ឬធ្វើជាសាក្ខីកម្មទេបានន័យថាសិទ្ធិរបស់ចុងចម្លើយ ប្រយោជន៍ត្រូវបានមកដើមបណ្តឹងរដ្ឋប្បវេណី គឺខ្ញុំដើមបណ្តឹងរដ្ឋប្បវេណីហ្នឹងឯង។»

ជុំវិញបញ្ហាសម្រូងសម្រាស់នេះ លោក សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា និងជាអ្នកតាមដានរឿងរ៉ាវវិវាទដីធ្លីនេះ យល់ថា ក្នុងនាមជាអាជ្ញាធរគួរតែបើឱ្យមានការសើបអង្កេតជាថ្មីទៅតាមសំណើររបស់លោកព្រំ ប៊ុនថន ដោយលោកមើលឃើញថាដើម្បីបញ្ចប់បញ្ហាក្តីក្តាំងនេះកើតមានជាយូរហើយដូច្នេះអាចនឹងមានភាពចន្លោះខ្វះខាតណាមួយ ហើយនេះជាវិធីដោយសន្តិវិធី ដែលអាចបង្ហាញថារឿងរ៉ាវនេះនឹងសម្រេចទៅជាបែបណា?

«ខ្ញុំគិតថាការពិនិត្យទៅលើឯកសារទាំងអស់គ្នាជាពិសេសក្រែងមានការខ្វះខាតព័ត៌មានណាមួយ​ព្រោះមន្រ្តី ដែលធ្វើការបំភ្លឺហ្នឹងក្រែងគាត់ជាមន្រ្តីជំនាន់ក្រោយ ព្រោះសាវតាដីធ្លីហ្នឹងកើតឡើងពីឆ្នាំ១៩៩៥មកម្លេះ អ៊ីចឹងទៅវាអាចមានការខ្វះចន្លោះណាមួយនៅក្នុងការស្វែងរកភស្តុតាងសំអាងបាទ ហើយជួនកាលទៅអាជ្ញាធរនិងពលរដ្ឋចេះតែឈ្លោះគ្នាទៅហើយឯកសារអតីតកាលណាមួយដែលបានបង្ហាញថាភាគីណាមួយរស់នៅដោយស្របច្បាប់ ជាពិសេសត្រូវពិនិត្យមើលថាតើប្លង់ដីរបស់សាលាឃុំ​ហ្នឹង បាទ។ នេះជាជំណុច​មួយដែលត្រូវមានការពិចារណាដែរណាស់ ព្រោះបើតាមខ្ញុំមើលទៅដីផ្ទះដូចជាមានរបងមានអីដែរ ហើយដូច្នេះវាទំនងជាចេញជាការកំណត់ ជាសាវតាអីមួយសម្រាប់ការរស់នៅរបស់ពលរដ្ឋហើយបើពលរដ្ឋរស់នៅយូរមកហើយអាជ្ញាធរបើកចិត្តឱ្យទូលាយទៅប្រគល់ដីហ្នឹងឱ្យទៅគាត់ទៅ។»

លើសពីនេះអ្នកតាមដានសង្គមរូបនេះបន្តទៀតថាអាជ្ញាធរគួរតែពិចារណាឡើងវិញក្នុងការគិតគូរធ្វើប្លង់កម្មសិទ្ធិដីធ្លីដល់ប្រពលរដ្ឋដែលមិនទាន់មានប្លង់ថ្មីបន្តពីកេរដូនតា ជៀសវាងមានវិវាទដូចករណីលោកព្រំ ប៊ុនថនជាថ្មី។

ដំណើររឿងវិវាទដីធ្លីនេះកើតឡើងបន្ទាប់ពី អាជ្ញាធរបានហាមឃាត់ការកាប់លក់ដើមធ្នង់៦ដើម ដែលដាំលើដីទំនាស់ ពោលលើដីដែលលោកព្រំ ប៊ុនថនកំពុងអាស្រ័យផល ហើយបង្កើតឱ្យមានការតវ៉ានិងការសើរើរឿងកម្មសិទ្ធិដីធ្លីនេះឡើងវិញ៕

បរិវេនផ្ទះលោកព្រំ ប៊ុនថន ប្រធានសមាគមអភិវឌ្ឍន៍ជីវភាពពលរដ្ឋកម្ពុជាខេត្តស្វាយរៀង(CDPLA)។ រូបភាព៖ លោកព្រំ ប៊ុនថន

Share

Image
Image
Image