en     km
en     km

សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ត្រូវអាជ្ញាធរខេត្តកំពង់ស្ពឺឃាត់ខ្លួន ពិតឬទេ?

Share

ផ្ទៀងផ្ទាត់៖ សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺកញ្ញា ភឹង​ សោភា និងលោក ស្រ៊ុន ស្រន ត្រូវអាជ្ញាធរស្រុកគងពិសី ខេត្តកំពង់ស្ពឺ ចុះមកសួរនាំ និងកោះអញ្ជើញអ្នកទាំងពីទៅសួរនាំរយៈពេលជាង៣ម៉ោង និងធ្វើកិច្ចសន្យា ក្រោយពេលដែលបើកវគ្គបណ្ដុបណ្ដាលដល់ពលរដ្ឋមូលដ្ឋាននៅតំបន់នោះ កាលពីថ្ងៃទី១១​ខែកុម្ភៈ។ លោក គីម ចាន់ចាវ រាយការណ៍

 

ព័ត៌មាននៃការឃាត់ខ្លួន សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស កញ្ញា ភឹង​ សោភា និងលោក ស្រ៊ុន ស្រន កាលពីថ្ងៃទី១១ ខែកុម្ភៈ  ឆ្នាំ២០២៤ អំឡុងពេលអ្នកទាំងពីបណ្ដុះបណ្ដាលដល់ប្រជាជននៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ពីច្បាប់ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ត្រូវបានគេចាប់អារម្មណ៍តាមដាន ក្រោយពេលដែលអ្នកទាំងពីរត្រូវបានអាជ្ញាធរចុះមកជួបដល់ទីតាំង និងតម្រូវ​ឱ្យចុះកិច្ចសន្យា។

ជុំវិញករណីនេះ ក៏មានការងឿងឆ្ងល់ចោទសួរពីប្រិយមិត្តវិទ្យុស្ត្រីដែរថា សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសទាំងពីរ ត្រូវអាជ្ញាធរខេត្តកំពង់ស្ពឺឃាត់ខ្លួន ពេលគាត់ទាំងពីផ្សព្វផ្សាយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដល់ពលរដ្ឋ ពិតមែនឬទេ ព្រោះនៅថ្ងៃផ្សាយថាឃាត់ខ្លួននោះ គេឃើញអ្នកទាំងពីរ នៅឡាយfacebookបកស្រាយនៅឡើយ?

ជុំវិញបញ្ហានេះ ក្រុមការងារផ្ទៀងផ្ទាត់ព័ត៌មាននៃវិទ្យុស្ត្រីបានព្យាយាមទាក់ទងសុំការផ្ដល់បទសម្ភាសពី កញ្ញា ភឹង​ សោភា។ ក្នុងការផ្ដល់សម្ភាសនៅថ្ងៃទី១២ ខែកុម្ភៈ ស្ត្រីសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសរូបនេះបញ្ជាក់ថា អាជ្ញាធរស្រុកគងពិសីពិតជាមកតាមដានសួរនាំសកម្មភាពបណ្ដុះបណ្ដាលរបស់អ្នកទាំងពីរ ដល់ពលរដ្ឋនៅទីតាំងនោះមែន និងបានកោះអញ្ជើញអ្នកទាំងពីរទៅកាន់សាលាស្រុកដើម្បីសួរនាំបន្ថែម ប៉ុន្តែកញ្ញាចាត់ទុកថាមិនមែនជាការឃាត់ខ្លួននោះឡើយ។

«វាមិនមែនជាការឃាត់ខ្លួនទេបង ព្រោះទី១ពួកខ្ញុំទៅដល់ហ្នឹង គឺពួកគាត់អត់មានប្រើពាក្យអសីលធម៌អីដាក់ពួកខ្ញុំទេ ហើយទី២ គាត់បានចុះទៅដល់កន្លែងដែលពួកខ្ញុំបង្រៀនតាំងពីដែលពួកខ្ញុំបង្រៀនតាំងពីម៉ោង១ដែរ ប៉ុន្តែគាត់អត់បានបញ្ឈប់សកម្មភាពបង្រៀនអ៎បង្រៀនហ្នឹងហា៎ណាបង។ ហើយទី៣គឺពួកខ្ញុំធ្វើដំណើរពីកន្លែងរៀនទៅដល់សាលាស្រុកហ្នឹង គឺពួកខ្ញុំធ្វើដំណើរដោយឡានខ្លួនឯង ដោយម៉ូតូខ្លួនឯង ហើយអត់មានត្រូវជិះឡានរបស់អាជ្ញាធរទៅទាំងអស់»។

ទោះយ៉ាងណា កញ្ញា ភឹង សោភា បញ្ជាក់ថា ដើម្បីដឹងបន្ថែមពីសកម្មភាពនៃការបណ្ដុះបណ្ដាលកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងច្បាប់របស់កញ្ញានេះ អាជ្ញាធរត្រូវប្រើពេលសាកសួរជាង៣ម៉ោង និងតម្រូវឱ្យ កញ្ញា និងលោក ស្រ៊ុន ស្រន ចុះកិច្ចសន្យាលើលិខិតមួយដែល ត្រូវតម្រូវឱ្យ សកម្មជនទាំងពីរ ត្រូវជូនដំណឹងទៅម្ចាស់ផ្ទះ ឱ្យជូនដំណឹងទៅអាជ្ញាធរអំពីការរៀនច្បាប់កិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស រដ្ឋធម្មនុញ្ញ​ ច្បាប់សិទ្ធិមនុស្សកម្ពុជា ច្បាប់ភូមិបាល។ ទី២. មិនជាប់និន្នាការគណបក្សនយោបាយ។ និងទី៣.សន្តិសុខនៅលើម្ចាស់ទីតាំង ឬម្ចាស់ផ្ទះ។ កញ្ញា ភឹង សោភា ចាត់ទុកថាការការសួរនាំអ្នកទាំងពីរ និងតម្រូវឱ្យចុះកិច្ចសន្យាផ្ដិតមេដៃលើលិខិតខាងលើនេះ គឺបង្ករការព្រួយបារម្ភរបស់ពួកគេលើសកម្មភាពផ្សព្វផ្សាយច្បាប់ និងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា៕

Share

Image
Image
Image