en     km
en     km

តុលាការ​វៀតណាម​កាត់ទោស​សកម្មជន​សិទ្ធិ​មនុស្ស​ខ្មែរ​ក្រោម​ម្នាក់​ទៀត ដាក់ពន្ធនាគារ៣​ឆ្នាំកន្លះ

Share

សកម្មជន​ខ្មែរ​កម្ពុជា​ក្រោម ​លោក យ័ញ មិញក្វាង នៅ​ថ្ងៃប្រកាសសាលក្រម នៅ​តុលាការ​វៀតណាម កាល​ពី​ថ្ងៃ​ទី៧ កុម្ភៈ ២០២៤

តុលាការ​វៀតណាម​បន្ត​ផ្ដន្ទាទោស​សកម្មជន​សិទ្ធិ​មនុស្ស​ខ្មែរ​កម្ពុជាក្រោម​ម្នាក់​ទៀតដាក់​ពន្ធនាគារ​ ៣​ឆ្នាំ​ ៦ខែ ពាក់ព័ន្ធនឹងសកម្មភាពតស៊ូទាមទារ ​លទ្ធិ​ប្រជាធិបតេយ្យ​ និង​សិទ្ធិសេរីភាព​របស់​រដ្ឋ។ ទោះ​យ៉ាង​ណា​ អគ្គលេខាធិការ សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ លោក សឺន ជុំជួន​ ​ចាត់ទុក​សាលក្រម​តុលាការ​វៀតណាម​ថា ជា​រឿង​អយុត្តិធម៌​និង​ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​ជនជាតិ​ដើម។ លោក គីម ចាន់ចាវ រាយការណ៍

 

តុលាការវៀតណាម​បានចោទ​ប្រកាន់​សកម្មជន​ខ្មែរ​កម្ពុជា​ក្រោម ​លោក យ័ញ មិញក្វាង កាល​ពី​ថ្ងៃ​ទី៧ កុម្ភៈ ពី​បទ «កេង​ចំណេញ​លើ​សិទ្ធិ​សេរីភាព​លទ្ធិ​ប្រជាធិបតេយ្យ​ និង​បំពាន​លើ​ផល​ប្រយោជន៍​របស់​រដ្ឋ និង​បទ​ល្មើស​ផ្សេង​ទៀត​។ លោកយ័ញ មិញក្វាង និងសកម្មជនខ្មែរក្រោម៣នាក់ផ្សេងទៀតត្រូវបានអាជ្ញាធរវៀតណាមចាប់ខ្លួន​ កាល​ពី​ចុង​ឆ្នាំ២០២៣។ មុនការចាប់ខ្លួន​ លោក ​យ័ញ ​មិញក្វាង ​បាន​ប្រើប្រាស់​បណ្ដាញ​សង្គម ​(Facebook) ​ផ្សព្វផ្សាយ​ព័ត៌មាន​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​ជនជាតិ​ដើម​ខ្មែរ​ក្រោម ពី​សំណាក់​វៀតណាម​និងផ្សព្វ​ផ្សាយអំ​ពី​ប្រវត្តិសាស្ត្រ​ខ្មែរ។

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ បាន​បដិសេធ​ការ​ចោទ​ប្រកាន់​របស់​តុលាការ​វៀតណាម​។ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​អះអាង​ថា ការ​ចាប់​ខ្លួន​សកម្មជន​ខ្មែរ​ក្រោម​ដោយ​សារ​តែ​អាជ្ញាធរ​វៀតណាម​មិន​ពេញ​ចិត្ត​នឹង​សកម្មភាព​ផ្សព្វផ្សាយ​សៀវភៅ​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រោម ​សៀវភៅ​ស្ដីពី​សិទ្ធិ​ជន​ជាតិ​ដើម និង​ការ​បោះ​ពុម្ព​អាវ​យឺត​ដែល​មាន​រូប​​ទង់​ជាតិ​ខ្មែរ​ក្រោម​ចែក​ចាយ​ទៅ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម​ជាដើម។ បើរាប់ទាំងលោក យ័ញ មិញក្វាង រហូតដល់ពេលនេះសកម្មជនសិទ្ធិមនុស្សខ្មែរក្រោម២នាក់ហើយ ក្នុងចំណោម៤នាក់ ដែលត្រូវបានអាជ្ញាធរវៀតណាមកាត់ទោស ក្រោយការចាប់ខ្លួនកាលពីអំឡុងឆ្នាំ២០២៣។

សកម្មជន​ខ្មែរ​កម្ពុជា​ក្រោម ​លោក យ័ញ មិញក្វាង នៅ​ថ្ងៃចាប់ខ្លួនកាលពីឆ្នាំ២០២៣

កាល​ពី​សប្ដាហ៍​មុន​តុលាការ​វៀតណាម​នៅ​ខេត្ត​ឃ្លាំង ក៏​បាន​កាត់ទោស ​លោកស្រី​ ឌិញ ធី វិន ​អាយុ ​៤៤ឆ្នាំ​ រស់​នៅ​ស្រុក​បាយឆៅ ​ដាក់​ពន្ធនាគារ​​ពីរ​ឆ្នាំ ​ពី​បទ​ ​”មិន​អនុវត្ត​សាលក្រម” ករណី​អាជ្ញាធរ​វៀតណាម​រឹបអូស​យក​ដីធ្លី​របស់​គាត់​តាំង​ពី​ខែ​សីហា ​ឆ្នាំ​២០១៦។ លោកស្រី​ត្រូវ​អាជ្ញាធរ​វៀតណាម​ចាប់​យក​ឃុំឃាំង​កាលពី​​ខែ​សីហា ​ឆ្នាំ២០២៣ ប៉ុន្តែ​ទើប​កាត់​ទោស​ កាល​ពី​ថ្ងៃ​ទី២ កុម្ភៈ ឆ្នាំ២០២៤។

​ លោក សឺន ជុំជួន សឺន ជុំជួន អគ្គលេខាធិការ សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ បានលើកឡើងថាជាគោលការណ៍ការជំនុំជម្រះដោយយុត្តិធម៌ចាំបាច់ត្រូវផ្ដល់មេធាវីការពារក្ដីឱ្យជនជាប់ចោទ ប៉ុន្តែករណីសកម្មជនសិទ្ធិមនុស្សខ្មែរកម្ពុជាក្រោមនេះ មិនត្រូវបានតុលាការវៀតណាមផ្ដល់មេធាវីឡើយ។ លោកអះអាងថា ការចោទប្រកាន់ផ្ដន្ទាទោសលើសម្មជនខ្មែរក្រោមនេះ ជាករណីអយុត្តិធម៌ដែលផ្ទុយពីគោលការណ៍សិទ្ធិមនុស្ស។

«ការចោទប្រកាន់ទាក់ទងទៅនឹងការកេងប្រវញ្ចលទ្ធិប្រជាធិបតេយ្យរបស់រដ្ឋ ការកេងចំណេញទាក់ទងទៅនឹងសិទ្ធិសេរីភាពអីជាដើមហ្នឹង វាមានចិរកលក្ខណៈមួយដែលវាមិនអាចឆ្លើយតបទៅនឹងគោលការណ៍សិទ្ធិមនុស្ស។ ពីព្រោះថា គោលការណ៍សិទ្ធិមនុស្សយើងមិនត្រូវបានអនុញ្ញាតឱ្យមាន ច្បាប់ណាមួយដែលចែងឡើងដោយផ្ដោតការរឹតបន្តឹងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋទេ។»

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោមអះអាងថា ពួកគេគ្រោង​នឹងធ្វើរបាយការណ៍អំពីករណីនេះ ទៅកាន់អង្គការសហប្រជាជាតិដោយផ្ទាល់នៅសប្តាហ៍ក្រោយដោយរួមបញ្ចូលទាំងបញ្ហានានា ដែលក្រុមពលរដ្ឋខ្មែរកម្ពុជាក្រោមប្រឈមជាមួយអាជ្ញាធរវៀតណាម។ ​បន្ថែមពីនេះពួកគេកំពុងពិចារណាក្នុងការដឹកនាំ​បាតុកម្ម​អហិង្សា​នៅ​ទូទាំង​ពិភពលោក​នៅ​​​មុខ​ស្ថានទូត​វៀតណាម ​ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កុម្មុយនិស្ត​វៀតណាម​ដោះលែង​សកម្មជន​ខ្មែរ​ក្រោម សរុប​បួន​នាក់ ​ដែល​កំពុង​ជាប់​ឃុំ​ដោយ​សារ​តែ​ការ​ទាមទារ​សិទ្ធិ​ជនជាតិ​ដើម៕

 

Share

Image Not Found
Image

ព័ត៌មានទាក់ទង