សកម្មជននយិបាយខ្មែរត្រូវបានអាជ្ញាធរថៃចាប់ខ្លួនរួមមានលោកគង់ រៃយ៉ា លោកផាន់ ផាណា និងលោកលឹម សុខា នៅថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ២០២៤។ រូបភាព៖ ហ្វេសប៊ុក
ភ្នំពេញ៖ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ(Human Rights Watch) ទាមទារឱ្យអាជ្ញាធរថៃដោះលែងសកម្មជននយោបាយខ្មែរដែលអាជ្ញាធរចាប់ខ្លួនពួកគេកាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលជាថ្ងៃមុនដំណើរទស្សនកិច្ចរបស់សម្តេច ហ៊ុន ម៉ាណែត ទៅកាន់ទីក្រុងបាំងកក។ អង្គការឃ្លាំមើលសិទ្ធិមនុស្សចេញមុខអះអាងតាមរយៈសេចក្តីថ្លែងការណ៍ថានេះមិនមែនជារឿងត្រឹមត្រូវទេ។ ជាមួយនឹងការស្នើឱ្យដោះលែងសកម្មជនឱ្យមានសេរីភាពឡើងវិញ អង្គការឃ្លាំមើលសិទ្ធិមនុស្ស ក៏មានភ្ជាប់ជាមួយការរិះគន់ទៅលើប្រមុខរដ្ឋាភិបាលផងដែរ។
កញ្ញា គុជ ស៊ីកុល ជូននូវសេចក្តីរាយការណ៍
ជុំវិញករណីអាជ្ញាធរថៃចាប់ខ្លួនសកម្មជននយោបាយខ្មែរចំនួន៣រូប រួមមានលោក គង់ រៃយ៉ា លោក ផាន់ ផាណា និងលោក លឹម សុខា កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ ករណីគេរាយការណ៍ថាបានត្រៀមខ្លួនតវ៉ាប្រឆាំងនឹងវត្តមានរបស់សម្តេច ហ៊ុន ម៉ាណែត ដែលធ្វើទស្សនកិច្ចទៅកាន់ទីក្រុងបាំងកក នៅតែបង្កឱ្យមានការភ្ញាក់ផ្អើលពីសំណាក់អង្គការក្នុងស្រុក និងក្រៅស្រុក ខណៈគេសង្កេតឃើញថាមិនទាន់មានការឆ្លើយតបណាមួយពីភាគីរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរថៃបកស្រាយថាសំណុំរឿងរ៉ាវសកម្មជនទាំងនេះនឹងវិវត្តទៅជាបែបណាឡើយ។
ជាក់ស្តែងនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ លោក Phil Robertson នាយករងប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សចេញសេចក្តីថ្លែងការណ៍ជាលើកទី២ ក្នុងគោលបំណងទាមទារឱ្យអាជ្ញាធរថៃដោះលែង សកម្មជននយោបាយខ្មែរទាំងនោះឱ្យមានសេរីភាពឡើងវិញ ដោយឥតលក្ខខ័ណ្ឌ។
លោក Phil Robertson ចាត់ទុកថាសកម្មភាពដែលចាប់ខ្លួនសកម្មជននយោបាយនេះទង្វើរដែលធ្វើឡើងដើម្បីចាប់ខ្លួនជនភៀសខ្លួនកម្ពុជាដែលរត់ចេញពីការគ្រប់គ្រងដោយកណ្តាប់ដៃ របស់សម្តេចហ៊ុន ម៉ាណែត ហើយលោកពិតជាមានការសោកស្តាយជាខ្លាំង។
លើសពីការទទូចឱ្យមានការដោះលែងសកម្មនយោបាយទាំងនេះ នាយករងប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សរូបនេះ ភ្ជាប់ជាមួយនឹងការរិះគន់ទៅលើប្រមុខរដ្ឋាភិបាលអណត្តិទី៧ ដោយមិនសំចៃមាត់ឡើយ។
លោកថ្លែងជាភាសាអង់គ្លេស ដែលប្រែសម្រួលជាភាសារខ្មែរថា «មោទកភាពដែលសម្តេច ហ៊ុន ម៉ាណែត ថ្លែងជាសារធារណពាក់ព័ន្ធនឹងការមិនលូកដៃចូលកិច្ចការផ្ទៃក្នុងកម្ពុជាករណី ការចាប់ខ្លួនសកម្មជននយោបាយកម្ពុជាដែលកំពុងនិរទេសខ្លួនរបស់ប្រទេសថៃ សបញ្ជាក់ថានាយករដ្ឋមន្រ្តីរូបនេះពិតជាបង្ហាញមុខថាខ្លួនកំពុងតែដើរលើរបបផ្តាច់ការ និងរំលោភសិទ្ធិមនុស្ស។»
លើសពីនេះលោកបន្ថែមថា សម្តេចហ៊ុន ម៉ាណែតពិតជាបង្ហាញមុខមាត់ថ្មីក្នុងការគាបសង្កត់អនុសញ្ញាចុះកិច្ចព្រមព្រៀងនៃតំបន់មេគង្គ ដែលជាតំបន់ផ្តល់ប្រយោជន៍រួមទៅកាន់ប្រទេសជាសមាជិក។
សកម្មជននយោបាយ៣នាក់ដែលត្រូវបានអាជ្ញាធរថៃចាប់ខ្លួននោះគឺជាជនភៀសខ្លួនទៅស្នាក់នៅប្រទេសថៃ ក្នុងគោលបំណងគេចពីការចាប់ខ្លួន និងការធ្វើទុក្ខបុកម្នេញពីរដ្ឋាភិបាលកម្ពុជា។ ក្នុងនោះលោក គង់ រៃយ៉ា អតីតសកម្មជនរបស់គណបក្សភ្លើងទៀន ក៏លោកធ្លាប់ជាប់ពន្ធនាគារក្នុងប្រទេសកម្ពុជាផងដែរ។ លោកគង់ រៃយ៉ា ចាកចេញពីប្រទេកម្ពុជា កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ នៅពេលលោកបានលាឈប់ពីសមាជិកគណបក្សប្រជាជនកម្ពុជាក្រោយការចុះចូលរយៈពេលខ្លី ហើយលោកសម្រេចទៅរស់នៅប្រទេសថៃក្នុងគោលបំណងស្វែងរកសិទ្ធិផ្នែកជ្រកកោននយោបាយ ដោយសារបារម្ភអំពីការធ្វើទុក្ខបុកម្នេញក្នុងប្រទេសកម្ពុជា។ រហូតមកដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ លោក និងភរិយា រួមទាំងកូនៗចំនួន២នាក់ ជាមួយនឹងសកម្មជននយោបាយពីររូបទៀតត្រូវបានអាជ្ញាធរថៃអចាប់ខ្លួន ដែលគេមើលឃើញថាជាហេតុផលនយោបាយ ដោយមានការលើកឡើងថារដ្ឋាភិបាលមិនចង់ឃើញការតវ៉ាណាមួយប្រឆាំងទៅនឹងវត្តមាន សម្តេច ហ៊ុន ម៉ាណែត អំឡុងពេលសម្តេចទៅបំពេញទស្សនកិច្ចនៅប្រទេសថៃឡើយ។
បើទោះបីជាដំណើរទស្សនិកិច្ចទៅកាន់ប្រទេសថៃ របស់ នាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត ត្រូវបានសកម្មជននៅថៃមួយចំនួន ប្រកាសចេញមុខតវ៉ាក្ដី ប៉ុន្តែទន្ទឹមគ្នានោះ ក៏ឃើញកើតមានទម្លាប់ដូចសពមួយដងកាលពីជំនាន់សម្តេច ហ៊ុន សែនកាន់តំណែងនាយករដ្ឋមន្ត្រីដែរ។ នោះគឺមានពលរដ្ឋខ្មែរដែលកំពុងរស់នៅ រៀនសូត្រ ឬធ្វើការនៅក្រៅប្រទេស ចេញមកថ្លែងសារជាក្រុម ឬម្នាក់ឯង បង្ហាញនូវការស្វាគមន៍មេដឹកនាំកម្ពុជា ដែលបង្ហាញពីកាយវិការសាទរចំពោះថ្នាក់ដឹកនាំ ប្រកបដោយការស្វាគមន៍យ៉ាងកក់ក្តៅ ដែលអាចលុបនូវផែនការតវ៉ា ឬបាតុកម្មណាមួយពីសំណាក់ក្រុមដែលមាននិន្នាការប្រឆាំងនឹងរដ្ឋាភិបាល៕