en     km
en     km

មន្រ្តីសង្គមស៊ីវិលម្នាក់ស្នើសុំអាជ្ញាធរខេត្តស្វាយរៀងផ្ទៀងផ្ទាត់ឯកសារជាថ្មីខណៈមានភាពសម្រូងចម្រាសលើកម្មសិទ្ធិដីធ្លី

Share

ភ្នំពេញ៖ មន្រ្តីក្រៅរដ្ឋាភិបាលមួយរូបនៅតែប្រកាន់ជំហរថា ខ្លួននិងពលរដ្ឋមួយចំនួនត្រូវបានអាជ្ញាធរស្រុករមាសហែក ខេត្តស្វាយរៀងធ្វើទុកបុកម្នេញ និងរំលោភបំពានសិទ្ធិលំនៅឋាន ដោយអះអាងថា ដីទំនាស់នោះជាមរតកតពីឪពុក តែតុលាការខេត្តកាត់សេចក្តីប្រគល់កម្មសិទ្ធិឱ្យសាលាឃុំត្រពាំងស្តៅទៅវិញ។ មន្រ្តីសង្គមស៊ីវិលរូបនេះ ស្នើសុំឱ្យមានការផ្ទៀងផ្ទាត់ឯកសារឡើងវិញដើម្បីស្វែងរកភាពយុត្តិធម៌ តែអភិបាលរងខេត្តថារឿងនេះបានចប់សព្វគ្រប់ដោយអំណាចសាលក្រមរបស់តុលាការហើយ តែរឿងដែលត្រូវដោះស្រាយគឺការកាប់ដើមឈើមួយចំនួនលើដីទំនាស់នោះតែប៉ុណ្ណោះ។

លោក ព្រំ ប៊ុនថន ប្រធានសមាគមអភិវឌ្ឍន៍ជីវភាពពលរដ្ឋកម្ពុជាខេត្តស្វាយរៀង(CDPLA)។ រូបភាព៖ ហ្វេសប៊ុកលោក ព្រំ ប៊ុនថន

រដ្ឋបាលខេត្តស្វាយរៀង និងពលរដ្ឋឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង ស្ថិតក្នុងភាពសម្រូងចម្រាសជុំវិញព័ត៌មានដែលថាមានករណីអជ្ញាធរ រំលោភបំពានសិទ្ធិលំនៅឋានពលរដ្ឋ។ ករណីនេះកើតឡើងបន្ទាប់ពីប្រធានសមាគមអភិវឌ្ឍន៍ជីវភាពពលរដ្ឋកម្ពុជាខេត្តស្វាយរៀង(CDPLA) លោក ព្រុំ ប៊ុនថន បានសរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ថា អាជ្ញាធរឃុំត្រពាំងស្តៅ បានគំរាមកំហែងរំលោភបំពានសិទ្ធិកាន់កាប់លំនៅឋានដែលជាកម្មសិទ្ធិរបស់លោក និង ប្រជាពលរដ្ឋជាច្រើនគ្រួសារដែលកំពុងរស់នៅដោយហាមឃាត់មិនឱ្យប្រើសិទ្ធិក្នុងនាមជាម្ចាស់ដី ចាត់ចែង និងប្រើប្រាស់ដើម្បីដាំដំណាំលើដីលើដីកេរ្តិ៍ដូនតាតកូនតចៅយ៉ាងធ្ងន់ធ្ងរជាបន្តបន្ទាប់សព្វថ្ងៃនេះ។

ទាក់ទងបញ្ហានេះឃើញថានៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ រដ្ឋបាលខេត្តស្វាយរៀងបដិសេធតាមរយៈការចេញសេចក្តីប្រកាសព័ត៌មាន ដោយប្រតិកម្មថា ការលើកឡើងរបស់បុគ្គលឈ្មោះ ព្រំ ប៊ុនថន ដែលរៀបរាប់ថាពលរដ្ឋទទួលរងការរំលោភបំពានសិទ្ធិលំនៅឋានពីអាជ្ញាធរនោះថាជារឿងមិនពិត។ រដ្ឋបាលខេត្តស្វាយរៀង បញ្ជាក់ហេតុផលថា ករណីនេះជាករណីទំនាស់ដីធ្លី រវាងសាលាឃុំត្រពាំងស្តៅ ស្រុករមាសហែក និងឈ្មោះ ព្រំ មន់ (បច្ចុប្បន្នបានទទួលមរណភាព) ត្រូវជាឪពុករបស់លោក ព្រំ ប៊ុនថន ដែលបានកើតមានតាំងពីឆ្នាំ១៩៩៥។ បើតាមរដ្ឋបាលខេត្ត ករណីនេះត្រូវបានសាលាដំបូងខេត្តស្វាយរៀង ចេញសាលក្រមឱ្យសាលាឃុំត្រពាំងស្តៅ ឈ្នះក្ដីរួចហើយផងដែរ ដូច្នេះរដ្ឋបាលឃុំត្រពាំងស្តៅ មានសិទ្ធិកម្មសិទ្ធិក្នុងការប្រើប្រាស់ អាស្រ័យផល និងចាត់ចែង លើដីធ្លីដែលខ្លួនគ្រប់គ្រង ស្របតាមច្បាប់ជាធរមាន។

យ៉ាងណាតាមរយៈបទសម្ភាសតាមទូរស័ព្ទជាមួយវិទ្យុស្រ្តីនៅព្រឹកថ្ងៃពុធ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀងនៅតែច្រានចោលនូវព័ត៌មានទាំងនោះថា ជារឿងមិនពិត។ មិនពិតដ្បិតថា ដំណើររឿងនេះអាជ្ញាធរបានហាមឃាត់ការកាប់លក់ដើមឈើមួយចំនួនដែលដាំលើដីទំនាស់ ហើយបង្កើតឱ្យមានការតវ៉ានិងការសើរើរឿងកម្មសិទ្ធិដីធ្លីនេះឡើងវិញ។ លោក ម៉ែន អេង បញ្ជាក់ថា បញ្ហានេះត្រូវបានដោះស្រាយរួមមកហើយ ដោយកន្លងមកអាជ្ញាធរមិនបានបង្កសកម្មភាពធ្វើទុកបុកម្នេញដូចការលើកឡើងឡើយ។

«វាអញ្ចេះទេក្មួយ ពួកគាត់មកសុំលក់ដើមធ្នង់ កាប់ដើមឈើលក់ហើយរដ្ឋបាលស្រុកហ្នឹងមិនអនុញ្ញាតហើយសុំគោលការណ៍សិន ដោយសាររឿងនេះវាដំណើរការមកហ្នឹងលើប្រព័ន្ធតុលាការរួចមកហើយអញ្ចឹងណាក្មួយ រឿងនេះពូសុំមិនបកស្រាយអ្វីលើសហ្នឹងទៀតទេក្មួយ សេចក្តីប្រកាសព័ត៌មានយើងហ្នឹងមានរួចមកហើយ។»

ប៉ុន្តែលោក ព្រំ ប៊ុនថន បញ្ជាក់ថា លោកនៅតែប្រកាន់គោលជំហរ ថាអាជ្ញាធរពិតជារំលោភបំពានសិទ្ធិលំនៅដ្ឋានមែន ដោយលោករៀបរាប់ពីសកម្មភាពរបស់អាជ្ញាធរដោយថា រាល់ពេលដែលលោកស្នើឱ្យធ្វើប្លង់កម្មសិទ្ធិដីធ្លីថ្មីដើម្បីបញ្ជាក់ពីភាពជាម្ចាស់កម្មសិទ្ធិលើដីតពីឳពុករបស់លោក គឺអាជ្ញាធរមិនបានយកចិត្តទុកដាក់ ហើយលោកចាត់ទុកថាទង្វើទាំងនេះគឺជាការធ្វើទុកបុកម្នេញទៅកាន់លោក និងពលរដ្ឋដទៃទៀតដែលមានករណីស្រដៀងនឹងលោកផងដែរ។

«បាទគ្រាន់តែគាត់ធ្វើទុក្ខបុកម្នេញយើងអញ្ចេះអញ្ចុះដាក់យើងក៏ប៉ុន្តែយើងអាស្រ័យផលរៀងរាល់ឆ្នាំដីហ្នឹង ក៏ប៉ុន្តែគាត់ធ្វើទុក្ខបុកម្នេញយើងពេលយើងចង់បញ្ជាក់ដីចុះធ្វើប្លង់អីហ្នឹងគេអត់បញ្ជាក់អោយយើង អញ្ចឹងវាស្មើយើងអត់មានប្លង់[តើមានពលរដ្ឋផ្សេងទៀតទេដែលត្រូវបានអាជ្ញាធររំលោភបំពានសិទ្ធិលំនៅឋាន?] មានថ្មីៗនឹងមានមានការដកហូតយកដីគេទៅកាត់លក់ធ្វើឯកសារថាជាដីរដ្ឋយកទៅលក់អោយក្រុមហ៊ុនធ្វើផ្លូវ ក៏ប៉ុន្តែខ្ញុំគិតថាជនរងគ្រោះភាគច្រើនគាតមិនហ៊ានឆ្លើយ។»

ក្នុងករណីនេះដែរលោក ព្រំ ប៊ុនថន ធ្លាប់បានចេញសេចក្តីស្រាយបំភ្លឺរួចមកហើយកាលពីថ្ងៃទី០៥ ខែកុម្ភៈ ដោយច្រានចោលនូវការលើកឡើងរបស់រដ្ឋបាលខេត្តថា ខ្វះការស៊ើបអង្កេត គ្មានធាតុផ្សំ អង្គហេតុ និងអង្គច្បាប់គ្រប់គ្រាន់ក្នុងការវិនិច្ឆ័យ ដោយគ្រាន់តែយោងតាមរបាយការណ៍របស់រដ្ឋបាលឃុំត្រពាំងស្មៅ ដែលធ្វើឡើងដោយស្នៀ​នឃុំឈ្មោះ នង ម៉ូវ ជាមូលដ្ឋានសម្រាប់ធ្វើសេចក្តីប្រកាសព័ត៌មាន។ លើសពីនេះលោកថាអាជ្ញាធរមិនផ្តល់ឱកាសដល់ខ្លួនដើម្បីបង្ហាញភស្តុតាងពីកម្មសិទ្ធិដីធ្លីដែលជាមរតករបស់ឳពុកលោកទៅកាន់គណៈកម្មការណាមួយឡើយ។

«សេចក្តីប្រកាស់របស់សាលាស្រុកខេត្តស្វាយរៀងគឺជារឿងមួយជាការក្លែងឯកសារជាការបន្លំហើយរៀបចំឡើងដោយស្មៀនឃុំឈ្មោះនង ម៉ូវព្រោះខ្ញុំមានប្រភពមួយរចំនួនខ្ញុំជឿទុកចិត្តបានដែលគេផ្តល់មកខ្ញុំនឹងមានប្រភពគ្រប់គ្រាន់ដែលតាក់តែងមកហើយខ្ញុំវបានមើលឯកសារនឹងទៀតគឺឯកសាររបស់ឃុំស្រុករបស់ខេត្តគឺឯកសារតែមួយអ្នករៀបចំប្រភពឯកសារនឹងឈ្មោះ​ ម៉ូវ ជាអ្នករៀបចំហើយសរសេរតាក់តែងតាមគំនិតខ្លួនមាននេះឯង អញ្ចឹងមកដល់ស្មារនេះអត់មានគណៈកម្មការណាមួយសួរយើងថាបង្ហាញភស្តុតាងអីអត់មានអីអត់មានចឹងបានន័យថាយកតែអំណះអំណាងរបស់ឃុំមកធ្វើជាមូលដ្ឋានឫក្រៅពីសេចក្តីថ្លែកការមួយដែលគេប៉ះពាល់សិទ្ធនឹងប៉ះពាល់ប្រយោជន៍របស់ខ្ញុំ។»

ជាការឆ្លើយតបវិញនោះលោក ម៉ែន អេង ថាទោះបីជាយ៉ាងណាក៏ដោយក៏លោកនៅតែអះអាងថាបញ្ហានេះជារឿងមិនពិត។

«រឿងនឹងអញ្ចេះទេក្មួយរឿងនឹងស្រួលទេអ្វីក៏ដោយគឺយើងឈនៅលើគោលការណ៍ច្បាប់ អញ្ចឹងអ្នកណាក៏អាចនិយាយបានថាពិតឬមិនពិតដែរ អញ្ចឹងសេចក្តីប្រកាស់ព័ត៌មានរបស់រដ្ឋបាលស្រុក ក៏ដូចជារដ្ឋបាលខេត្តស្វាយរៀងនឹងក្មួយមើលទៅជាគោលការណ៍ផ្លូវច្បាប់ ជាសាវតាយើងនឹងយើងមានជំរាប់ជូនទាំងអស់សាវតារឿងនឹងយ៉ាងមិច។»

លោក ព្រំ ប៊ុនថន ស្នើសុំឱ្យអាជ្ញាធរបើកឱកាសធ្វើការស៊ើបអង្កេតជាថ្មីម្តងទៀត ដោយផ្តល់ឱកាសឱ្យលោកបង្ហាញឯកសារកម្មសិទ្ធិដីធ្លីទៅអ្នកសិក្សាស្រាវជ្រាវ យកទៅផ្ទៀងផ្ទាត់នឹងសំណុំឯកសារដែលរដ្ឋបាលខេត្តយកធ្វើជាភស្តុតាងរបស់ខ្លួន។ ជាងនេះលោកស្នើឱ្យមានការយកចិត្តទុកដាក់ពីអង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធផ្សេងទៀតចូលរួមជ្រោមជ្រែងក្នុងការដោះស្រាយបញ្ហានេះ។

«សូមអោយមានភាពសុក្រិត ទាំងអស់គ្នាសូមបង្ហាញឯកសារទាំងអស់គ្នា ហើយសូមអោយមានការចូលរួមពីអង្គការNGO ឫក៏អ្នកសារព័ត៌មានទាំងអស់គ្នាដើម្បីបង្ហាញឯកសារហ្នឹង ខ្ញុំអត់ខ្លាចក្នុងការបង្ហាញឯកសារហ្នឹងទេសូមអោយមានភាពស្មោះត្រង់នឹងគ្នាហើយយើងយកឯកសារហ្នឹងជាមូលដ្ឋានមកនិយាយអោយសក្សីដឹងឮទាំងអស់គ្នា។»

ទាក់ទិនបញ្ហាការរំលោភសិទ្ធិលំនៅឋាន របាយការណ៍រដែលចេញផ្សាយដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) កាលពីខែតុលា ឆ្នាំ២០២៣ បង្ហាញថា ចាប់ពីខែមីនា ឆ្នាំ២០២០ ដល់ខែសីហា ឆ្នាំ២០២៣ គម្រោងធុរកិច្ច និងសិទ្ធិមនុស្សរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានកត់ត្រាទុកនូវអត្ថបទជាច្រើនស្ដីពីប្រព័ន្ធផ្សព្វផ្សាយនានាដែលផ្ដោតតែទៅលើការបណ្ដេញចេញពីលំនៅឋានដោយបង្ខំដែលមានចំនួនសរុបរហូតដល់ ២២ករណី។ ខ្លឹមសារនៃរបាយការព៍គូសបញ្ជាក់ថា ការបណ្ដេញចេញដោយបង្ខំចំនួន ២២ករណីនេះ ជះឥទ្ធិពលអវិជ្ជមានបង្កឱ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋជាង ១ម៉ឺនគ្រួសារ (១៣១១១គ្រួសារ) ដែលត្រូវបានបណ្តេញចេញ និងកំពុងប្រឈមនឹងការបណ្ដេញចេញនៅក្នុងខេត្ត-ក្រុង-រាជធានីចំនួន ១១ ដូចជា រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី ជាដើម៕

សេចក្តីឆ្លើយបំភ្លឺពីលោកព្រំ ប៊ុនថននៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤។

Share

Image
Image
Image