លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានលើកទឹកចិត្តដល់សមាគមសហគ្រិនស្ត្រីកម្ពុជាខេត្តសៀមរាប ចូលរួមថែរក្សា និងលើកតម្កើងនូវសម្បត្តិវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរ ដែលបុព្វបុរសខ្មែរបានបន្សល់ទុកមកដល់បច្ចុប្បន្ននេះ ដូចជាការស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីខ្មែរយើង ដែលជាការបង្ហាញ និង រំលឹកអំពីអត្តសញ្ញាណរបស់ជាតិខ្មែរយើងផង ។
ការលើកទឹកចិត្តបែបនេះធ្វើឡើង ក្នុងពេលជួបសំណេះសំណាល ជាមួយក្រុមប្រតិភូសមាគមសហគ្រិនស្ត្រីកម្ពុជា សាខាខេត្តសៀមរាប ចំនួន៥០នាក់ ដោយលើកឡើងអំពីផែនការខេត្ត។ យ៉ាងណា ការជំរុញដល់វិស័យទេសចរណ៍ ដើម្បីបង្កើននូវប្រាក់ចំណូលជូនប្រជាពលរដ្ឋក្នុងខេត្ត លោកអភិបាលខេត្តសៀមរាប ស្នើឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធទាំងរដ្ឋ និង វិស័យឯកជន រួមគ្នាធ្វើការផ្សព្វផ្សាយពីវិស័យទេសចរណ៍ក្នុងខេត្ត ជាពិសេសសមាគមសហគ្រិនស្ត្រីកម្ពុជាសាខាខេត្តសៀមរាប ត្រូវពង្រឹង និង បង្កើនគុណភាពផលិតផលរបស់ខ្លួន ទាំងការវេចខ្ចប់ផលិតផលនាំចេញឱ្យមានស្តង់ដា ស្វែងរកដៃគូសហការដើម្បីពង្រីកទីផ្សារផ្គត់ផ្គង់ រួមទាំងការចូលរួមធ្វើសម្អាតបរិស្ថាន និង អនាម័យក្នុងខេត្ត ។
ជាការឆ្លើយតប លោកស្រី ជា សុកនួន ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា សាខាខេត្តសៀមរាប បានលើកបង្ហាញពីភាពខ្លាំងរបស់ស្ត្រីក្នុងភាពជាអ្នកដឹកនាំទាំងក្នុងសង្គម និង គ្រួសារ ព្រមទាំងបានបញ្ជាក់ពីចក្ខុវិស័យគោលបំណងរបស់ សាខាសមាគមសហគ្រិនស្ត្រីកម្ពុជាខេត្ត ដើមី្បបង្កើនសហគ្រិនភាពស្ត្រីក្នុងខេត្ត រួមចំណែកធ្វើឱ្យសេដ្ឋកិច្ចក្នុងតំបន់មានការរីកចម្រើន ការពង្រឹងសាមគ្គីភាពរបស់សហគ្រិនស្ត្រីពីគ្រប់វិស័យ និង ការរួមចំណែកលើកកម្ពស់អាជីវកម្មរបស់ស្ដ្រីនៅកម្ពុជា។ ពិសេសការប្រមូលផ្តុំសមាជិកការលើកកម្ពស់សហគ្រិនស្ត្រី តាមរយៈការចែករំលែកជាសាធារណៈ ការប្រកួតថ្នាក់ជាតិ អន្តរជាតិ និង ការដឹកនាំសមាគម ព្រមទាំងគាំទ្រពង្រីកទីផ្សារ តាមរយៈការភ្ជាប់បណ្តាញទំនាក់ទំនងអាជីវកម្ម និង ការផ្គូរផ្គង អាជីវកម្មជាដើម៕
អត្ថបទ៖ចាន់ រ៉ាត់សៀវមិញ