en     km
en     km

លោកស្រី មឹន មាណវី៖ ២០២៣ អ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ជិត១,៦០០នាក់ភាគច្រើនអ្នកជិះម៉ូតូ

Share

លោកស្រី មឹន មាណវី អគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឱ្យដឹងថាក្នុងឆ្នាំ២០២៣កន្លងទៅករណីគ្រោះថ្នាក់ចរាចរណ៍បានកើនឡើងជាង៣០០លើក បើប្រៀបធៀបនឹងឆ្នាំ២០២២។ ភាគីពាក់ព័ន្ធស្នើដល់ មន្រ្តីជំនាញពាក់ព័ន្ធបន្តជំរុញការអនុវត្តច្បាប់ឱ្យបានសម្រេចទិសដៅការងារឆ្នាំ២០២៤ ដើម្បីសម្រេចបាននូវផែនការទសវត្សសុវត្តិភាពចរាចរណ៍ផ្លូវគោកជាសកលរយៈពេល១០ឆ្នាំ(២០២១-២០៣០) ខណៈមានការព្រួយបារម្ភពីគ្រោះថ្នាក់ឈានដល់បន្ទាត់ក្រហម។ លោក គីម​ចាន់ចាវ រាយការណ៍

 

លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបញ្ជាក់ថា ឆ្នាំ២០២៣កន្លងទៅ នៅកម្ពុជាមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុបចំនួន៣,៣១៧លើក ក្នុងនោះកើតឡើងនៅពេលយប់ប្រមាណជាង៥០ភាគរយ ដែលបានបណ្ដាលឱ្យមនុស្សស្លាប់ចំនួន១,៥៩០នាក់ និងរបួស៤,៥១៥នាក់។ ក្នុងចំណោមអ្នកស្លាប់មានអ្នកជិះម៉ូតូរហូតដល់៨០ភាគរយ ហើយករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅរាជធានីភ្នំពេញច្រើនជាងគេ។ ក្នុងចំណោមអ្នកស្លាប់ទាំង១,៥៩០នាក់ មានអ្នកប្រើប្រាស់ម៉ូតូរហូតដល់១,២៧៩នាក់ ដែលអ្នកមិនពាក់មួកសុវត្ថិភាពជិត៧០ភាគរយ។

បើតាមតួលេខនេះបញ្ជាក់ថា ក្នុងឆ្នាំ២០២៣កន្លងទៅករណីគ្រោះថ្នាក់ចរាចរណ៍បានកើនឡើង៣៤១លើក បើប្រៀបធៀបនឹងឆ្នាំ២០២២។ លោកស្រី បង្ហាញរបាយការណ៍នេះ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤។

លោកស្រី មឹន មាណវី៖

លោក ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបានចាត់ទុកថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅតែជាឃាតករលាក់មុខផ្ដាច់ជីវិតប្រជាពលរដ្ឋគួរឱ្យព្រួយបារម្ភនៅទូទាំងប្រទេសកម្ពុជា ហើយឥរិយាបទនៃការបើកបរ ជាកត្តានាំមុខដែលបណ្ដាលឱ្យមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍កើតឡើង ដ្បិតថា ថាគិតជាមធ្យមប្រចាំថ្ងៃ ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង៩លើក បណ្ដាលឱ្យមានអ្នកស្លាប់លើសពី៤នាក់ក្នុងមួយថ្ងៃ។

បើតាមលោកស្រី មឹន មាណវី មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់ រួមមាន៖ ការបើកបរលើសល្បឿនកំណត់៤១ភាគរយ, មិនគោរពសិទ្ធិអាទិភាព២២ភាគរយ, មិនប្រកាន់ស្ដាំ៩ភាគរយ, ការបត់៩ភាគរយ ,ការប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់៧ភាគរយ, កត្តាយានយន្ត៥ភាគរយ, កត្តាស្រវឹង៣ភាគរយ, ភ្លើងសញ្ញា១ភាគរយ, កត្តាសុខភាព(ងងុយ)១ភាគរយ, និងកត្តាអាកាសធាតុ១ភាគរយ។

លោករដ្ឋមន្រ្តីមហាផ្ទៃ កាលពីខែមុនបានចាត់ទុកឆ្នាំ២០២៤ ជាឆ្នាំឈានចូលបន្ទាត់ក្រហមនៃបញ្ហាគ្រោះថ្នាក់ចរាចរណ៍។ លោកបានព្យាករណ៍ថា ប្រសិនបើនៅឆ្នាំ២០២៤ នេះ គ្រប់ភាគីពាក់ព័ន្ធមិនបានបង្កើនសកម្មភាព ជាពិសេសការគោរព និងអនុវត្តច្បាប់ឱ្យបានខ្ជាប់ខ្ជួនទេនោះ អត្រាអ្នកស្លាប់ដោយឃាតករលើដងផ្លូវមួយនេះ នឹងបន្តកើនឡើងលើសពីចំនួន២០០០នាក់ពុំខានឡើយ។

ដើម្បីរក្សាសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២៤ លោករដ្ឋមន្រ្តីបានស្នើដល់អភិបាលរាជធានី-ខេត្ត និងមន្រ្តីពាក់ព័ន្ធបន្តជំរុញការអនុវត្តឱ្យបានសម្រេចទិសដៅការងារឆ្នាំ២០២៤ ដែលបានដាក់ចេញ ក្នុងន័យឈានទៅសម្រេចបាននូវផែនការទសវត្សសុវត្តិភាពចរាចរណ៍ផ្លូវគោកជាសកលរយៈពេល១០ឆ្នាំ(២០២១-២០៣០)។ ចំណែកនគរបាលចរារណ៍ក៏ត្រូវបន្តជំរុញបន្ថែមដោយត្រូវអនុវត្តឱ្យខ្លាំងក្លា ក្នុងការរឹតបន្តឹងការអនុវត្តច្បាប់ ការផ្សព្វផ្សាយអប់រំ ជាពិសេសនៅភូមិសាស្រ្តដែលមានកំណើនគ្រោះថ្នាក់ចរាចរណ៍ខ្ពស់៕

 

 

Share

ព័ត៌មានទាក់ទង

Image