en     km
en     km

អ៊ីស្រាអែល៖ ចំណាប់ខ្មាំងអ៊ីស្រាអែលជាង ៣០នាក់ត្រូវក្រុមហាម៉ាស់សម្លាប់នៅហ្គាហ្សា

Share

 

យ៉ាងហោចណាស់ ចំណាប់ខ្មាំងអ៊ីស្រាអែលជាង ៣០នាក់ ត្រូវក្រុមហាម៉ាស់សម្លាប់នៅក្នុងភ្លើងសង្រ្គាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់កាលពីឆ្នាំ២០២៣។ ករណីនេះ បានធ្វើឱ្យប្រជាពលរដ្ឋអ៊ីស្រាអែលខឹងជាខ្លាំង និងតវ៉ាទាមទារឱ្យរដ្ឋាភិបាលអ៊ីស្រាអែលចាត់វិធានការជាបន្ទាន់។

(កញ្ញា​ កែវ សុជាតា រាយការណ៍)

 

មន្ត្រីអ៊ីស្រាអែលបានសន្និដ្ឋានថា ចំណាប់ខ្មាំងដែលក្រុមហាម៉ាស់បានចាប់ខ្លួនកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ប្រមាណ ១៣៦នាក់ ក្នុងចំណោមនោះយ៉ាងហោចណាស់ចំណាប់ខ្មាំងចំនួន ៣០នាក់ បានស្លាប់ ក៏ប៉ុន្តែក្រុមហាម៉ាស់លាក់ការណ៍មិនផ្សព្វផ្សាយជាសាធារណៈនោះឡើយ។ នេះបើយោងតាមការវាយតម្លៃសម្ងាត់ និងបានពិនិត្យ ឬផ្ទៀងផ្ទាត់ដោយកាសែត The New York Times ចុះផ្សាយនៅថ្ងៃអង្គារ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៤។

ដំណឹងនៃការស្លាប់ចំណាប់ខ្មាំងទាំងនេះ បានបង្កភាពខឹងសម្បាចំពោះប្រជាពលរដ្ឋអ៊ីស្រាអែលដែលបានបាត់បង់មនុស្សជាទីស្រឡាញ់ និងសាច់ញាតិ នៅបន្ទាប់ពីក្រុមហាម៉ាស់បានលុកលុយប្រទេសអ៊ីស្រាអែលកាលពីប៉ុន្មានខែចុងក្រោយនេះ។ អ៊ីស្រាអែលធ្លាប់អះអាងថា នឹងធានាសេរីភាពនិងសុខសុវត្ថិភាពរបស់ចំណាប់ខ្មាំងដែលក្រុមហាម៉ាស់បានចាប់ធ្វើជាចំណាប់ខ្មាំង ដែលនេះជាគោលដៅសំខាន់ក្នុងការធ្វើសង្រ្គាមជាមួយនឹងក្រុមហាម៉ាស់។

ឧត្តមនាវីទោ លោក Daniel Hagari មេបញ្ជាការមន្រ្តីអ៊ីស្រាអែល បាននិយាយថា កងកម្លាំងអ៊ីស្រាអែលបានជូនដំណឹងដល់គ្រួសារជនរងគ្រោះទាំង ៣១នាក់នេះពីដំណឹងអកុសលថាមនុស្សជាទីស្រលាញ់របស់ពួកគេបានចែកឋានទៅហើយ។ បើទោះបីជាសាកសពខ្លះត្រូវបានរកឃើញ និងខ្លះទៀតមិនទាន់រកឃើញ លោកមេបញ្ជាការប្រាប់ គ្រួសារជនរងគ្រោះទាំងអស់ថា អាចធ្វើបុណ្យតាមប្រពៃណីជូនជនរងគ្រោះបាន។

ជុំវិញករណីនេះ លោក Daniel បញ្ជាក់ទៀតថា ចំណាប់ខ្មាំងយ៉ាងហោចណាស់ ២០នាក់ផ្សេងទៀត ត្រូវបានសម្លាប់ ដោយជនរងគ្រោះខ្លះត្រូវសម្លាប់នៅក្នុងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃផ្ទុះចលាចល ខណៈចំណាប់ខ្មាំងផ្សេងទៀតត្រូវបានសម្លាប់នៅកន្លែងលាក់ខ្លួនរបស់ក្រុមហាម៉ាស់។ ក៏ប៉ុន្តែលោកថា ទិន្នន័យអ្នកស្លាប់មួយចំនួនពុំមានមូលហេតុច្បាស់លាស់នៅឡើយទេ។ មេបញ្ជាការមន្រ្តីអ៊ីស្រាអែលរូបនេះ បានគូសបង្ហាញថា កាលពីខែមករា ឆ្នាំ២០២៤ សមាជិកគ្រួសារជនរងគ្រោះមួយចំនួនបានសម្រុកចូលសភាអ៊ីស្រាអែល ដើម្បីទាមទារឱ្យសមាជិកសភាចាត់វិធានការឱ្យកាន់តែខ្លាំងដើម្បីធ្វើយ៉ាងណាធានាឱ្យមានការដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់ទាំងឡាយ។

សូមរំលឹកថា ចំណាប់ខ្មាំងជាង ២៤០នាក់ត្រូវបានចាប់ខ្លួនដោយក្រុមហាម៉ាស់ និងសម្ព័ន្ធមិត្តរបស់ក្រុមហាម៉ាស់ ក្នុងអំឡុងពេលការវាយឆ្មក់កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ មកកាន់ប្រទេសអ៊ីស្រាអែល។ ហេតុការណ៍នេះ ជំរុញឱ្យអ៊ីស្រាអែលបើកការសងសឹកទ្រង់ទ្រាយធំតាមអាកាស និងតាមផ្លូវគោកមកទល់សព្វថ្ងៃនេះ។ ក៏ប៉ុន្តែ ភាគីទាំងសងខាងប្រកាសបទឈប់បាញ់បណ្តោះអាសន្ន និងបានដោះលែងចំណាប់ខ្មាំងរៀងៗខ្លួនជាងពាក់កណ្តាលកាលពីខែវិច្ឆិកា ឆ្នាំ២០២៣៕

ប្រភព៖ The New York Times ចុះថ្ងៃពុធ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៤

Share

Image
Image
Image