ប្រហិតចម្រុះ ខូចគុណភាព ទម្ងន់ ២តោន ត្រូវបានកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះប្រតិបត្តិការបង្ក្រាប និងដកហូត ដែលឈ្មួញបានលួចដឹកតាមរថយន្ត នាំចូលពីប្រទេសថៃ។ បើតាមប្រភពពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤បានបង្ក្រាបដោយ ឃាត់រថយន្តម៉ាក Ssang Young Istana ពណ៌ប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2T-6216 ដឹកផលិតផល (ប្រហិតចម្រុះ) ចំនួន ២,០០០គីឡូក្រាម គ្មានសុវត្ថិភាព និងមិនអនុលោមភាព ផ្នែកបទដ្ឋានព័ត៌មានលក្ខខណ្ឌ តម្រូវម្ហូបអាហារ ដោយគ្មានច្បាប់អនុញ្ញាត ពីតំបន់ស នៃព្រំដែនថៃ ឃាត់នៅចំណុចដីឡូតិ៍គ្មានលេខ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ។
បច្ចុប្បន្ន កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានប្រគល់រថយន្ត និងផលិតផល (ប្រហិតចម្រុះ ទម្ងន់២តោន) ជូនអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការ ក្លែងបន្លំ (សាខា ក.ប.ប. រាជធានីភ្នំពេញ) ដើម្បីយកទៅបំផ្លាញចោល តាមនីតិវិធី។
ជាការកត់សម្គាលនៅក្នុងអាណត្តិទី៧នេះ គេសង្កេតឃើញសកម្មភាពបង្ក្រាបទៅលើការនាំចូលសាច់បង្កក និងទំនិញខូចគុណភាពពីក្រៅប្រទេសជាបន្តបន្ទាប់មិនចេះដាច់ ខណៈសាធារណៈមតិមួយចំនួនបានសម្តែងការងឿងឆ្ងល់ចំពោះសមត្ថភាពក្រុមឈ្មួញទុច្ចរិត ដែលអាចគេចផុតពីភ្នែកក្រុមអាជ្ញាធរមានសមត្ថកិច្ច យាមតាមបន្ទាត់ព្រំដែន ដឹកទំនិញគ្មានគុណភាពទាំងនោះ ចូលដល់រាជធានីភ្នំពេញ បានដោយគ្មានឧបសគ្គបែបនេះ៕