en     km
en     km

ជំងឺអុតស្វា នៅតែបន្តរកឃើញជាបន្តបន្ទាប់ ដែលលើកនេះរកឃើញករណីទី៥ហើយ

Share

ប្រភពរូប ពី Northeast HealthDustrict

ក្រសួងសុខាភិបាល បានអំពាវនាវក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ជាថ្មីម្ដងទៀត ឱ្យការពារខ្លួនពីជំងឺអុតស្វា។ ការអំពាវនាវជាថ្មីនេះ ក្រោយពេលដែល ក្រុមការងារសុខាភិបាលរកឃើញករណីវិជ្ជមានជំងឺអុតស្វាជាលើកទី៥។

(កញ្ញា សួ សុវណ្ណិកា រាយការណ៍)

ករណីរកឃើញជំងឺអ៊ឹមផក (Mpox) ឬអុតស្វា ចំនួន១ករណីបន្ថែមទៀត នេះ គឺកើតលើបុរសម្នាក់ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យត្រឹមត្រូវ ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៍មានរបស់ក្រសួងសុខាភិបាល នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយយោងលទ្ធផល ទទួលបានពីវិទ្យាស្ថានជាតិសុខភាពសាធារណៈនិងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ ។

ក្រសួងសុខាភិបាល បានអំពាវនាវក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ជាថ្មីម្ដងទៀត ដើម្បីបង្ការនូវការចម្លងជំងឺអុតស្វាដោយស្វែងយល់របៀបឆ្លង និងត្រូវអនុវត្តនូវវិធានការបង្ការនានា និងយកចិត្តទុកដាក់ប្រុងប្រយ័ត្នផ្ទាល់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវឱ្យបានខ្ពស់ផងដែរ។

ជំងឺអ៊ឹមផក (Mpox) ដែលមានឈ្មោះដើម ជំងឺអុតស្វានេះ គឺ ឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត តាមរយៈការរួមភេទគ្រប់ទម្រង់ ជាមួយអ្នកជំងឺ និងការប៉ះពាល់ដោយផ្ទាល់នឹងកន្លែងមានដំបៅ ទឹកសារពាង្គកាយ ទឹកមាត់ តំណក់តូចៗ តាមផ្លូវដង្ហើម និងសម្ភារ:ប្រើប្រាស់ដែលប្រឡាក់ប្រឡូសជាមួយនឹងវីរុស រួមមាន សម្លៀកបំពាក់ ពួក កន្សែង ឬសម្ភារ ស្លាបព្រាបាយ កែវទឹក ជាដើម។ ជំងឺនេះឆ្លងពីម្តាយទៅកូនផងដែរតាមរយៈទងសុក ក្នុងអំឡុងពេលឬក្រោយពេលសម្រាល តាមរយៈ ការប៉ះផ្ទាល់ បើស្ត្រីមានផ្ទៃពោះឬឪពុកម្តាយមានជំងឺអ៊ីមផក។

ចំណែកឯការបង្ការការចម្លងវិញគឺត្រូវ អនុវត្តការរួមភេទដែលមានសុវត្ថិភាពដោយប្រើប្រាស់ស្រោមអនាម័យរាល់ពេលរួមភេទ និងចៀសវាង មានដៃគូរួមភេទច្រើន។ ចៀសវាងប៉ះពាល់ផ្ទាល់ ជាមួយអ្នកដែលមានចេញរោគសញ្ញាជំងឺអ៊ឹមផក ប៉ះពាល់ជាមួយសម្លៀកបំពាក់ កម្រាលពូកខ្នើយ ឬកន្សែងពោះគោ ឬ ចាន ស្លាបព្រា ឬពែង ឬផ្ទៃនៃទីតាំង ដែលអ្នកមានជំងឺអ៊ឹមផក ប្រើប្រាស់។ ការប៉ះពាល់ជាមួយតំណក់ទឹកចេញពីផ្លូវដង្ហើម ឬសារធាតុរាវតាមមាត់របស់អ្នកជំងឺអ៊ឹមផក និងត្រូវពាក់ម៉ាសប្រសិនបើអ្នកនៅជិតអ្នកដែលមានរោគសញ្ញាជំងឺនេះ ជាពិសេសត្រូវរក្សាអនាម័យផ្លូវដង្ហើមផងដែរ ។ នេះបើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាល។

ក្រសួងក៏បានណែនាំផងដែរចំពោះ បុគ្គលដែលមានរោគសញ្ញាដូចជា កន្ទួលរមាស់ជាមួយពងទឹកនៅលើមុខ បាតដៃ ជើង ដងខ្លួន ភ្នែក មាត់ ឬប្រដាប់ភេទ គ្រុនក្តៅ ហើមកូនកណ្តុរ ឈឺក្បាល ឈឺសាច់ដុំ និងឈឺចង្កេះ អស់កម្លាំង ទោះបាន ប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺអុតស្វា ឬមិនមានប្រវត្តិប៉ះពាល់ជាមួយអ្នកជំងឺអុតស្វា ត្រូវទៅពិគ្រោះ យោបល់ជាមួយមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដើម្បីធ្វើការពិនិត្យ ពិគ្រោះ ឬធ្វើតេស្តរកជំងឺអុតស្វា ឬទូរស័ព្ទមកកាន់លេខ១១៥ ដើម្បីទទួលបានការណែនាំ និងពិគ្រោះយោបល់៕

អត្ថបទ៖សួ សុវណ្ណិកា

Share

Image
Image
Image