ភ្នំពេញ៖ ការងារជាអ្នកដឹកជញ្ជូននទំនិញតាមការបញ្ជាទិញលើអេប(App) គេសង្កេតឃើញមានមនុស្សមួយ ចំនួនបានប្រកបការងារនេះ ដ្បិតអាចរកប្រាក់កម្រៃបានសមរម្យ ហើយភាគច្រើនបុរសៗសម្បូរជាងនារី។ តែយ៉ាងណា យុវតី ជ្រន សុខលី ជាស្រ្តីម្នាក់ក្នុងចំណោមអ្នកដឹកជញ្ជូនជាស្រ្តីដែលមានតិចតួចនោះបាន សម្រេចធ្វើការងារនេះ ដើម្បីរកកម្រៃទ្រទ្រង់ជីវភាពប្រចាំថ្ងៃនិងដើម្បីបន្តការសិក្សាថ្នាក់មហាវិទ្យាល័យដែល កញ្ញាធ្លាប់បានព្យួរមួយឆ្នាំហើយនោះ។
ចង់ដឹងថា តើដំណើរការនៃអាជីពការងារជាអ្នកដឹកជញ្ជូនទំនិញតាមការបញ្ជាទិញតាមអេបរបស់កញ្ញា សុខលី ជួបការលំបាកនិងបញ្ហាប្រឈមយ៉ាងណា?តទៅនេះ សូមនាង កញ្ញា លោក លោកស្រី អញ្ជើញ ស្តាប់កម្រងជីវិតពិត ដែលចងក្រងរៀបរៀងដោយ កញ្ញា ងិន ស៊ាងលីម ដូចតទៅ!។
សព្វថ្ងៃនិស្សិតមួយចំនួនធំ មិនថាសិក្សានៅរាជធានីភ្នំពេញ ឬតាមខេត្តនានានោះទេ ពួកគេបានប្រកប ការងារផ្សេងៗ ដើម្បីទទួលបានកម្រៃមកបង់ថ្លៃសិក្សា ការហូបចុក និងបង់ថ្លៃផ្សេងៗដូចជាបន្ទប់ផ្ទះជួល ទឹក ភ្លើងជាដើម។ ដោយឡែកយុវតី ជ្រន សុខលី ក៏ជានិស្សិតមួយរូបដែរ ដែលបានឆ្លៀតពេលធ្វើការងារនិងរៀន ផង ហើយការងារដែល សុខលី កំពុងធ្វើនោះ គឺអ្នកដឹកជញ្ជួនទំនិញតាមរយៈការបញ្ជាទិញតាមអេប។
ដ្បិតថា ការងារនេះមិនសូវមានស្រ្តីភេទធ្វើក៏ពិតមែន តែសម្រាប់កញ្ញា ជ្រន សុខលី រស់នៅផ្ទះជួលមួយកន្លែងនៅភ្នំពេញមិនដែលរួញរាឡើយ ចំពោះការងារនេះ ព្រោះរបរនេះជាមធ្យោបាយត្រួសត្រាយផ្លូវឱ្យកញ្ញាបានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅ មហាវិទ្យាល័យតាមក្តីស្រមៃ។
និស្សិតផ្នែកទីផ្សារឆ្នាំទី៤ រូបនេះប្រាប់វិទ្យុស្រ្តីថា កញ្ញាបានចាប់យកការងារមួយនេះរយៈពេលជាង១ឆ្នាំហើយ ដោយការងារនេះបានសម្រួលជីវភាពបានល្អប្រសើរជាងមុន។ កញ្ញាថា ប្រាក់ដែលទទួលបានពី ការងារជាអ្នកដឹកទំនិញឱ្យគេនេះ អាចបង់ថ្លៃលើការចំណាយផ្សេងៗតួយ៉ាង ថ្លៃបន្ទប់ផ្ទះជួល បង់ថ្លៃសិក្សា និងថ្លៃទឹក អគ្គិសនីជាដើម។
«ព្រោះដោយសារខាង Delivery មានអត្ថប្រយោជន៍ច្រើនដូចជាខ្ញុំដឹកក្នុងរយៈពេលមួយ១ម៉ោង អាចទទួល បានប្រាក់ចន្លោះពី១ដុល្លា ទៅ២ដុល្លា អាហ្នឹងជាមធ្យមបង បើសិនបើជាខ្ញុំមានពេលទំនេរដឹកច្រើនម៉ោង គឺខ្ញុំនឹងទទួលបានទឹកប្រាក់តាមហ្នឹង ហើយមួយទៀត ខ្ញុំអាចបង់ថ្លៃផ្ទះជួលហើយនៅម្នាក់ឯងបានស្រួល ក៏អាចសន្សំចាយវាយបានស្រួលជាងមុន ពេលដែលទៅស្រុក គឺខ្ញុំមានលុយសម្រាប់ជូនអ្នកផ្ទះខ្ញុំតិចតួច ហើយនឹងទុកទៅរៀនបង»។
យុវតីសម្បុរ សណ្តែកបាយ សក់ស្លូត រូបនេះបន្តថា កញ្ញាបានចំណាយពេលលើការងារដឹកជញ្ជូនទំនិញនេះ ជាង ៩ ម៉ោងក្នុងមួយថ្ងៃ ហើយមានពេលខ្លះក៏ត្រូវដឹកទំនិញជូនភ្ញៀវពេលយប់ផងដែរតាមពេលទំនេរ ជាក់ស្តែងដែលមាន។
«ខ្ញុំធ្វើចាប់ពី៨ ទៅ៩ម៉ោងបង ពីម៉ោង៦ព្រឹកដល់ម៉ោង៣រសៀល ឬម៉ោង៤រសៀលអស់ អាហ្នឹងខ្ញុំធ្វើជាប្រចាំហ្មង ដោយសារពេលល្ងាចខ្ញុំត្រូវរៀនបន្ថែម។ អាចថាជាផាតថែម(Part time) ក៏បាន ហ្វូថែមក៏បាន(Full time)ក៏បាន ព្រោះក្រុមហ៊ុនដែលខ្ញុំធ្វើហ្នឹងមានលក្ខណៈភាពងាយស្រួលបង ដោយសារតែយើងអាចជ្រើសម៉ោងដឹកបាន ភាពបទបែនដោយខ្លួនឯង។ ពេលខ្លះ មានរវល់ដល់ពេលអ៊ីចឹងខ្ញុំអាចជ្រើសដឹកតែមួយវេន ឬក៏អាចថា៤ម៉ោង៥ម៉ោងក៏បានដែរបង បើខ្ញុំរវល់មួយកំណាត់ថ្ងៃ ណាមួយខ្ញុំនៅរៀនទៀតអ៊ីចឹងខ្ញុំ ដើម្បីស្រួលទៅសាលារៀនឱ្យទាន់ពេល អ៊ីចឹងខ្ញុំក៏សម្រេចធ្វើខាងដឹកជញ្ជូន។»
មុនមកធ្វើការងារជាអ្នករត់ដឹកទំនិញនេះ កញ្ញា សុខលី ធ្លាប់ធ្វើការងារឱ្យក្រុមហ៊ុនមួយកន្លែង កាលសិក្សានៅឆ្នាំទី២ ហើយជាការនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ទៀតផង តែដោយសារសម្ពាធការងារកញ្ញាក៏សម្រេចលាឈប់វិញ។ កញ្ញារៀបរាប់ថា ដោយសារតែភាពតានតឹងក្នុងការងារនិងការរៀន សូត្រស្របពេលសេដ្ឋកិច្ច ក៏ធ្លាក់ចុះផងនោះ កញ្ញាបានព្យួរការសិក្សារយៈពេល១ឆ្នាំ។ ប៉ុន្តែដោយចង់ឃើញខ្លួនឯងមានអនាគតល្អ ធ្វើឱ្យគ្រួសារសប្បាយចិត្ត និងមានមោទនភាពចំពោះខ្លួន កញ្ញាក៏ត្រឡប់មកបន្តការសិក្សាវិញ ដោយឆ្លៀតពេលធ្វើជាអ្នកដឹកជញ្ជួនពេលព្រឹកនិងពេលរសៀល។ មួយវិញទៀតកញ្ញាថា ការងារនេះជួយដល់ជំនាញ ដែលកញ្ញារៀននៅមហាវិទ្យាល័យផងដែរ ព្រោះបានជួបមនុស្សច្រើនក្នុងមួយថ្ងៃៗ។
«ឆ្នាំមុនខ្ញុំឈប់រៀនម្តងដោយសារខ្ញុំស្ត្រេស(Stress)នឹងការងារពេកបង ទោះបីការងារហ្នឹងរកលុយបាន ប៉ុន្តែខ្ញុំស្ត្រេស ហើយខ្ញុំជឿពាក្យគេថា ការងារមួយខែ យើងរកបានច្រើនហើយគង់តែយើងរៀនចប់ទៅ ជូនការមិនបានប្រាក់ខែប៉ុណ្ណឹងផង! ហើយយើងយកលុយហ្នឹងទៅបង់ថ្លៃសាលា វាខាតពេលខាតអី ខ្ញុំជឿពាក្យគេគឺខ្ញុំស្ត្រេសរៀនផងការងារផង ខ្ញុំក៏ឈប់មួយឆ្នាំ។ បន្ទប់មកខ្ញុំធ្វើការនៅកន្លែងហ្នឹង ខ្ញុំស្រ្តេសខ្លាំង ហើយសេដ្ឋកិច្ចក៏ធ្លាក់ចុះ ខ្ញុំក៏សម្រេចចិត្តឈប់ពីកន្លែងការងារ ហើយអ្នកផ្ទះខ្ញុំក៏Support(គាំទ្រ)ឱ្យចូលរៀនវិញអ៊ីចឹងហាបង! ខ្ញុំក៏ខ្មាសគេដែរ ខ្ញុំចង់ៗរៀនឲ្យចប់ ចង់ឃើញខ្លួនឯងស្លៀកឈុតទទួលសញ្ញាបត្រហា!បង ពេលនុងខ្ញុំជិះបណ្តើរហើយខ្ញុំដឹកទៅចំកន្លែងគេ ហឺ! វិមានឯករាជ្យ ខ្ញុំឃើញគេស្លៀកៗទទួលសញ្ញាបត្រហើយឃើញគេថតរូបជាមួយគ្រួសារ ពេលហ្នឹងខ្ញុំជិះបណ្តើរ ខ្ញុំចង់ស្រក់ទឹកភ្នែកបណ្តើរ ខ្ញុំឃើញថា ខ្ញុំខំរៀនដល់ឆ្នាំទី២ហើយ មានអារម្មណ៍ស្តាយហាបង ប៉ុន្តែខ្ញុំមិនអាចហាមាត់សុំលុយអ្នកផ្ទះដើម្បីមករៀនវិញបានហេ! ព្រោះខ្ញុំឈប់រៀនចិត្តឯង អត់បានសួរគាត់ផង អ៊ីចឹងខ្ញុំខ្លាចចិត្តគាត់ ព្រោះគាត់ក៏អត់ធូរធាដែរហាបង ប៉ុន្តែពីដើមមកគឺគាត់support ឱ្យខ្ញុំរៀនរហូតទោះបីខ្វះខាតម៉េចក៏ដោយ។»
ការងារហាលថ្ងៃ ហាលខ្យល់ ក្រោមកម្តៅព្រះអាទិត្យផង និងពេលខ្លះត្រូវទទឹកភ្លៀងផង យុវតីជាអ្នកដឹក ជញ្ជួន សុខលី ថា ទំនងមិនសូវមានបងប្អូនស្រ្តីចូលចិត្តនោះទេ។ មិនសូវចូលចិត្តដ្បិត ត្រូវប៉ះផ្សែងឡានម៉ូតូ មុខអាចជាំខ្មៅឡើងមុន និងមានក្លិនខ្លួន ជួនសក់ក៏បែកចុងផងដែរ។ តែបញ្ហាសម្រស់ មិនចោទជាឧបសគ្គធំ នោះឡើយសម្រាប់ កញ្ញា សុខលី ដ្បិតកញ្ញាបានដាក់គោលដៅដើម្បីបន្តការសិក្សាជាសំខាន់ជាងសម្រស់។
«ភាគច្រើនមនុស្សស្រីគាត់ស្រឡាញ់មែន ព្រោះជិះហាលថ្ងៃសក់ក៏បែកចុងដែរបង ហើយវាបែកញើសក្បាល វាក្លិនខ្លួន វាអត់ក្រអូបទេ។ ភាគច្រើនគាត់អត់ចង់ធ្វើខាងហ្នឹង ទោះបីជាដឹងថាប្រាក់ចំណូលមធ្យមមែន ក៏ប៉ុន្តែគាត់សុខចិត្តយកប្រាក់ ទទួលប្រាក់ចំណូលទាបជាងហ្នឹង តែគាត់ចង់បានត្រជាក់ចា! ព្រោះគាត់ស្រឡាញ់មុខគាត់អ៊ីចឹងទៅ អឹម!! គាត់ឃើញអ្នកដឹកមួយថ្ងៃៗហាលថ្ងៃ ដៃក៏ខ្មៅ មុខក៏ជាំអីអ៊ីចឹងទៅ។»
ក្រៅពីប្រឈមបញ្ហាសម្រស់ដែលនារីគ្រប់រូបតែងប្រាថ្នាចង់បានភាពស្រស់ស្អាតនោះ ការងារជាអ្នកដឹកជញ្ជួនក៏ប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍ បញ្ហាសុវត្ថិភាព និងបញ្ហាទំនិញរបស់ភ្ញៀវផងដែរ។ ប៉ុន្តែកញ្ញាថាបញ្ហានេះ មិនសូវមានសម្ពាធផ្លូវចិត្តនោះឡើយ ព្រោះមិនមែនជួបរាល់ថ្ងៃនោះទេ ពោលអាចមួយសប្តាហ៍ជួបម្តង ឬពីរដងប៉ុណ្ណោះ។
«បើឆ្ងាយគឺគ្រាន់តរូវរង់ចាំ ពេលខ្លះភ្ញៀវរាងមួម៉ៅ ដោយសារតែគាត់ចង់បានលឿន ទើបកម្ម៉ងតាមអែប(App) ប៉ុន្តែដែលគាត់ចាំយូរ គាត់អត់សប្បាយចិត្ត ពេលខ្លះភ្លៀវគាត់ដូចជាធ្វើការនៅធនាគា ឬក៏កន្លែងការងារផ្សេងៗ គឺគាត់មានរយៈពេលត្រឹមតែ១ម៉ោង។ ប៉ុន្តែបើប្អូនដឹកទៅយឺត គឺគាត់អត់មានពេលញ៉ាំបង។ បញ្ហាប្រឈមមួយទៀតគឺបើគាត់ខឹង គាត់បិទលេខទូរសព្ទ អាហ្នឹងប្អូនទាក់ទងអត់បានក៏ពិបាកដែរបង។ បើសិនជាពេលយប់មានភាពខ្លាចច្រើនដែលបង ដោយសារតែទី១ នៅទីក្រុងកន្លែងតំបន់ខ្លះ គឺផ្លូវតូចៗអីគួរឱ្យខ្លាចមែនបង ព្រោះមានមនុស្ស អាចនិយាយបានថាមនុស្សអង្គុយតាមផ្លូវ ខ្ញុំអត់ដឹងថាគាត់ជាចោរ ឬជាអ្នកជក់ថ្នាំជក់អី គឺខ្ញុំអត់ដឹងថាគាត់ជានរណាគេហេស! ឱ្យតែឃើញគឺខ្ញុំខ្លាច។»
ក្នុងដំណើរការងារជាអ្នកដឹកជញ្ជូនទំនិញតាមការបញ្ជាទិញតាមរយៈអែបនេះ កញ្ញា ជ្រន សុខលី ចង់ទទូចដល់អតិថជនដែលជារឿយៗតែងតែមិនសប្បាយចិត្តចំពោះសេវាដឹកជញ្ជូនយឺតយូរ។ ដោយត្រង់ចំណុចនេះ អ្នកដឹកជញ្ជូនដូចកញ្ញាក៏ត្រូវទន្ទឹងរង់ចាំការរៀបចំទំនិញរបស់ម្ចាស់ហាងដូចគ្នា និងជួនកាលស្ទះចរាចរណ៍ និងពិបាករកទីតាំងជាដើម។ ដូច្នេះកញ្ញាសូមអតិថិជន តោងស្តាប់ហេតុផលរបស់អ្នកដឹកទំនិញមុនដាក់ការស្តីបន្ទោសពីភាពយឺតយ៉ាវ៕
អត្ថបទខ្លីសរសេរដោយ កញ្ញា ងិន ស៊ាងលីម សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយឧបត្ថម្ភពី ភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និង កិច្ចសហប្រតិបត្តិការ (SDC) ជាមួយនិងស្ថានទូតស៊ុយអែតប្រចាំកម្ពុជា តាមរយៈអង្គការ BBC Media Action៕