en     km
en     km

គណបក្សប្រជាជនកម្ពុជាចេញមុខប្រកាន់ជំហរនិងគាំទ្រយ៉ាងពេញទំហឹងចំពោះពាក្យបណ្តឹងប្តឹងទៅលើលោក ស៊ឹង សែនករុណា

Share

ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជាចេញមុខគាំទ្រពាក្យបណ្តឹង ដែលក្រុមមេធាវីប្ដឹងទៅព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ទៅលើលោក ស៊ឹង សែនករុណា មន្រ្តីអ្នកនាំពាក្យសមាគមសិទ្ធិមនុស្សអាដហុក ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤។ ផ្ទុយទៅវិញនៅថ្ងៃដូចគ្នាលោក ស៊ឹង សែនករុណា បដិសេធចំពោះពាក្យសម្តី និងប្រកាសជំហរថាការផ្តល់បទសម្ភាសន៍ របស់ខ្លួនគឺជាបេសកម្មដើម្បីពង្រឹងការគោរព សិទ្ធិមនុស្ស ច្បាប់ យុត្តិធម៌សង្គម និងប្រជាធិបតេយ្យ ដោយមិនបម្រើបក្សនយោបាយណាមួយឡើយ ហើយលោករឹតតែគ្មានចេតនាវាយប្រហារបក្សនយោបាយណាមួយនោះទេ។

កញ្ញា គុជ ស៊ីកុល ជូននូវសេចក្តីរាយការណ៍

បន្ទាប់ពីសម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ប្រកាសឱ្យមេធាវីសិក្សាទៅតាមផ្លូវច្បាប់ដើម្បីប្តឹងលោកស៊ឹង សែនករុណា មន្រ្តីអ្នកនាំពាក្យសមាគមសិទ្ធិមនុស្សអាដហុក គណបក្សប្រជាជនកម្ពុជាក៏ចេញសេចក្តីថ្លែងការណ៍មួយផងដែរដោយប្រកាសថា«បក្សគាំទ្រយ៉ាងពេញទំហឹងចំពោះពាក្យបណ្ដឹង របស់ក្រុមមេធាវីតំណាងគណបក្សប្រជាជនកម្ពុជា ដែលបានដាក់ពាក្យប្ដឹងទៅព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ លើឈ្មោះ ស៊ឹង សែនករុណា»។ ខ្លឹមសារនៃសេចក្តីថ្លែងការណ៍ របស់គណបក្សប្រជាជនសង្កត់ធ្ងន់ថា កម្ពុជាមិនអាចយកបញ្ហានយោបាយមកលាយឡំជាមួយបញ្ហាផ្លូវច្បាប់បានទេ ហើយក៏មិនអាចជ្រកក្រោមផ្លាកសិទ្ធិមនុស្ស ឬ អង្គការមិនមែនរដ្ឋាភិបាល ដើម្បីបិទបាំងនូវទង្វើខុសច្បាប់របស់ខ្លួនដែរ ហើយបញ្ហានេះគណបក្សប្រជាជនកម្ពុជាទាមទារយុត្តិធម៌តាមប្រព័ន្ធតុលាការ។

ផ្អែកតាមសេចក្តីប្រកាសគាំទ្ររបស់បក្សកាន់អំណាច លោក ស៊ឹង សែនករុណា ត្រូវបានគណបក្សប្រជាជនដាក់ពាក្យបណ្តឹងក្រោមបទចោទពីបទ «ប្រព្រឹត្តអំពើទុច្ចរិតនិយាយបំផ្លើស និងមួលបង្កាច់ក្នុងចេតនាទំលាក់កំហុសដោយអសុទ្ធចិត្ត និងជាអំពើបង្កចលាចលញុះញង់បង្កើតឱ្យមានការស្អប់ខ្ពើម រើសអើងចំពោះគណបក្សប្រជាជនកម្ពុជា នាំឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់គណបក្សប្រជាជនកម្ពុជា និងមានចេតនាទុច្ចរិតធ្វើឱ្យប៉ះពាល់ដល់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលនឹងប្រព្រឹត្តទៅនាចុងខែកុម្ភៈ ឆ្នាំ២០២៤ នេះ» ។

ដោយឡែកនៅថ្ងៃជាមួយគ្នាដែលក្រុមមេធាវីដាក់ពាក្យបណ្តឹងនោះពោលគឺនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ស៊ឹង សែនករុណា ក៏បានបង្ហោះលើទំព័រហ្វេសប៊ុកដោយសម្តែងការអរគុណដែលមានការជ្រោមជ្រែង និងក្តីបារម្ភពីសំណាក់សាធារណជន ក៏ដូចជាអង្គការសង្គមស៊ីវិលទាំងជាតិ និងអន្តរជាតិដែលបានសួរសុចទុក្ខបន្ទាប់ពីអតីតនាយករដ្ឋមន្រ្តីប្រកាសឱ្យក្រុមមេធាវីសិក្សាដាក់ពាក្យបណ្តឹង។ លើសពីនេះ មន្រ្តីអ្នកនាំពាក្យសមាគមសិទ្ធិមនុស្សអាដហុករូបនេះ ចេញមុខបកស្រាយចំពោះករណីដែលប្រធានគណបក្សប្រជាជនកម្ពុជា សម្តេច ហ៊ុន សែន ប្រតិកម្មនឹងការនិយាយរបស់លោកក្នុងការផ្តល់បទសម្ភាសន៍ជាមួយស្ថាប័នសារព័ត៌មានធំៗមួយចំនួន។  លោកបង្ហាញសំណេរតាមរយៈបណ្តាញសង្គមរបស់លោកផ្ទាល់ថា ការណ៍ដែលលោកផ្តល់បទសម្ភាសន៍នេះគឺជាបេសកម្មរបស់លោក ក្នុងគោលបំណងពង្រឹងការគោរព សិទ្ធិមនុស្ស ច្បាប់ យុត្តិធម៌សង្គម និងប្រជាធិបតេយ្យ ដោយមិនបម្រើបក្សនយោបាយណាមួយឡើយ ហើយលោករឹតតែគ្មានចេតនាវាយប្រហារបក្សនយោបាយណាមួយនោះទេ។

បន្ថែមពីនេះលោកបដិសេធដោយមិនទទួលស្គាល់នូវរាល់ការបញ្ចេញបញ្ចូលបន្ថែមទៅលើពាក្យសម្តីរបស់លោកផងដែរ។ លោកបន្តរៀបរាប់ក្នុងសំណេរដើមថា៖«រាល់ការសម្រង់សម្តីរបស់ខ្ញុំ ទៅបន្ថែមបន្ថយបញ្ចេញបញ្ចូលវាយប្រហារចំៗលើឈ្មោះបក្សនយោបាយណាមួយនោះវាមិនមែនជាចេតនា និងគោលបំណងរបស់ខ្ញុំនោះទេ ដូច្នេះខ្ញុំមិនទទួលស្គាល់ឡើយ។»

ជាការឆ្លើយតបបន្ថែមពាក់ព័ន្ធករណីប្តឹងផ្តល់នេះ វិទ្យុស្រ្តីព្យាយាមទាក់ទងទៅលោកស៊ឹង សែនករុណា ក៏ប៉ុន្តែទូរស័ព្ទទាក់ទងមិនចូល គិតត្រឹមព្រឹកថ្ងៃអង្គារ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

យ៉ាងណាមិញបញ្ហានេះ ត្រូវបានអ្នកតាមដានស្ថានភាពនយោបាយមួយចំនួនមើលឃើញថា គណបក្សប្រជាជននឹងមិនមានការបន្ធូរបន្ថយឡើយចំពោះលោកស៊ឹង សែនករុណា។ ក្នុងនោះលោកឯម សុវណ្ណារ៉ា អ្នកវិភាគ និងជាសាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ ក៏សង្កេតឃើញដូច្នេះដែរដោយលោកសំអាងទៅលើការប្រកាន់ជំហររបស់គណបក្សប្រជាជនក្នុងការបន្តករណីនេះ។

ករណី សម្តេច ហ៊ុន សែន បានទុកឱកាសដល់ក្រុមមេធាវីសិក្សាប្តឹងលោក សឹង សែនករុណា បន្ទាប់ពីសារព័ត៌មាន ឌឹខេមបូឌា ឌេលី បានចុះផ្សាយអត្ថបទមួយមានចំណងជើងថា «លោក សុន ឆ័យ គ្រោងលក់ផ្ទះចុងក្រោយរបស់លោកជាង១លានដុល្លារដើម្បីសងជំងឺចិត្តបក្សកាន់អំណាច»។ ក្នុងអត្ថបទនោះ ឌឹខេមបូឌា ឌេលី បានបញ្ចូលនូវទស្សនៈរបស់អ្នកនាំពាក្យសមាគមអាដហុក លោក សឹង សែនករុណា ដោយដាក់ជាសម្រង់សម្តីមិនផ្ទាល់ដែលអត្ថាធិប្បាយថា វិវាទរបស់អ្នកនយោបាយគួរបញ្ចប់ដោយនយោបាយ មិនគួរប្រើប្រព័ន្ធតុលាការមកដោះស្រាយទេ។ មន្ត្រីសង្គមស៊ីវិលរូបនេះកត់សម្គាល់បន្ថែមថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សមួយមានធនធានថវិកាច្រើន ដូច្នេះលោកយល់ថា បក្សកាន់អំណាចគួរយោគយល់ដល់លោក សុន ឆ័យ។

អ្នកនាំពាក្យសមាគមសិទ្ធិមនុស្សអាដហុករូបនេះ បន្តប្រាប់សារព័ត៌មានឌឹខេមបូឌា ឌេលី ទៀតថា «គណបក្សកាន់អំណាចតែងតែយកតុលាការមកធ្វើជារបាំងក្នុងការគាបសង្កត់ដៃគូនយោបាយប្រឆាំងរបស់ខ្លួន។ លោកថា គណបក្សនយោបាយទាំងអស់គួរតែប្រើវិធីចាស់ទុំដើម្បីធ្វើការប្រកួតប្រជែងគ្នា គួរបញ្ឈប់នូវវប្បធម៌គំរាមកំហែងដៃគូនយោបាយរបស់ខ្លួន ដើម្បីទុកជាគំរូសម្រាប់អ្នកនយោបាយជំនាន់ក្រោយ»៕

Share

Image
Image
Image