en     km
en     km

នាទីសុខភាព៖វិធីសាស្រ្តបឋមដើម្បីបង្ការនិងព្យាបាល ជំងឺគ្រុនផ្តាសាយ!

Share

ជំងឺគ្រុនផ្តាសាយ ជាជំងឺដែលបង្កឡើងដោយ វីរុស(Virus) ។ ភាគច្រើនជំងឺនេះច្រើនកើតឡើងនៅរដូវវស្សា និងរដូវលំហើយ។ ជំងឺផ្តាសាយឆ្លងតាមរយៈ ការក្អក កណ្តាស់ សំបោរ ស្លេស្ម ឬនៅក្បែរអ្នកជំងឺផ្តាសាយ និងប៉ះវត្ថុដែលមានមេរោគ។ ឯកសារពីមន្ទីរពេទ្យកាល់ម៉ែត បញ្ជាក់ថា ចំពោះ អាការៈទូទៅនៃជំងឺគ្រុនផ្តាសាយ ចាប់ផ្តើមឈឺគ្រុនក្តៅភ្លាមៗ អស់កម្លាំង ខ្សោយ ល្ហិតល្ហៃ ឈឺខ្លួន ឈឺក ឈឺក្បាល រងារ ញាក់ និងក្អកហៀរសំបោរ ។
ប្រភពដដែលបន្ដថា ដើម្បីបង្ការកុំអោយឆ្លងជំងឺគ្រុនផ្តាសាយ យើងត្រូវអនុវត្ត ចាក់ថ្នាំបង្ការជំងឺគ្រុនផ្តាសាយរៀងរាល់១ឆ្នាំម្តង ឬនៅពេលកើតមានជំងឺនេះ ត្រូវខ្ទប់មាត់របស់អ្នកដោយប្រើក្រដាស ឬកន្សែង ឬខ្ទប់មាត់ដោយដៃរបស់អ្នក រួចលាងសម្អាតដៃឱ្យបានស្អាត សម្អាតសម្ភារៈប្រើប្រាស់ និងពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ ។
ចំណែកវិធីសាស្រ្តបឋម ដើម្បីព្យាបាលជំងឺគ្រុនផ្តាសាយ មន្ទីរពេទ្យកាល់ម៉ែតថា មានវិធីព្យាបាលតាមបែបធម្មជាតិ និង វិធីព្យាបាលដោយប្រើប្រាស់ឱសថ។

សម្រាប់វិធីព្យាបាលតាមបែបធម្មជាតិមាន ការសម្រាកអោយបានគ្រប់គ្រាន់ និងមានខ្យល់អាកាសបរិសុទ្ធ ផឹកទឹកអោយបានច្រើន។ មួយទៀតត្រូវហាន់ខ្ញីជាចំណិតៗ តូចៗហើយលាយជាមួយទឹកក្តៅផឹករាល់ថ្ងៃ។ ដោយឡែកវិធីសាស្ដ្រធម្មជាតិមួយទៀតដែរ គឺលាយទឹកឃ្មុំ ២ស្លាបព្រាកាហ្វេ និងទឹកក្រូចឆ្មា១ស្លាបព្រាកាហ្វេ រួចយកទៅលាយជាមួយទឹកក្តៅមួយកែវតូចល្មមដើម្បីផឹករាល់ថ្ងៃ។
រីឯ វិធីព្យាបាលដោយប្រើប្រាស់ឱសថវិញ ដែលអាចប្រើប្រាស់បាននៅក្នុងគេហដ្ឋាន បើមានអាការៈឈឺក្បាល ឬគ្រុនក្តៅ៖ ប្រើឱសថប៉ារ៉ាសេតាម៉ុល មិនអោយលើសពី ៣ក្រាមក្នុងមួយថ្ងៃ (ចំពោះមនុស្សធំ) ឬមិនអោយលើសពី ៦០មីលីក្រាមក្នុង ១គីឡូ (ចំពោះក្មេង)។ ករណីមានអាការៈ ផ្តាសាយហៀសំបោរបន្ថែម គួរប្រើឱសថ ប្រូមេតាស៊ីនបន្ថែម ២ ទៅ ៤ដងក្នុង១ថ្ងៃ មិនអោយលើសពី ១៥០មីលីក្រាមក្នុង១ថ្ងៃ (ចំពោះមនុស្សធំ) ឬ តាមីហ្លូ (Tamiflu) ចំនួន៧៥មីលីក្រាម ២ដងក្នុងមួយថ្ងៃ (រយៈពេល៥ថ្ងៃ)។ នេះបើផ្អែកតាមការណែនាំពីមន្ទីរពេទ្យកាល់ម៉ែត។
ប្រភពនេះ បញ្ជាក់ថា បើលោកអ្នកមានរោគសញ្ញាណាមួយកើតឡើងដូចជា ឈឺបំពង់ក ឈឺច្រមុះ និងក្តៅខ្លួនខ្លាំងលើសពី៣៨អង្សាសេ អ្នកជំងឺគួរពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ទទួលបានការពិនិត្យ ព្យាបាលត្រឹមត្រូវ និងជៀសវាងការផ្សំថ្នាំលេបដោយគ្មានវេជ្ជបញ្ជាត្រឹមត្រូវដែលអាចនាំអោយប៉ះពាល់ដល់សុខភាពលោកអ្នក៕

អត្ថបទ៖ចាន់រ៉ាន់ សៀវមិញ

Share

Image
Image
Image