ភ្នំពេញ៖ រដ្ឋបាលខេត្តពោធិ៍សាត់នៅថ្ងៃទី០៥ ខែកុម្ភៈនេះ បានចេញសេចក្តីប្រកាសព័ត៌មានដោយបដិសេធគណនីហ្វេសប៊ុក ឈ្មោះ «Than Sothea» ដែលបានចោទថា អភិបាលខេត្តនិងបក្ខពួកធ្វើស្រែរាប់រយហិកតានាំឱ្យខ្វះទឹកដល់កសិករផ្សេងៗ។
សម្រាប់រដ្ឋបាលខេត្តចាត់ទុកការបង្ហោះនោះថា ជាការផ្សព្វផ្សាយបែបអគតិ ញុះញង់ ធ្វើឱ្យមានការរើសអើង និងបំពុលបរិយាកាសសង្គម។ រដ្ឋបាលខេត្តរំលឹកថា ការដែលកសិករសម្រុកធ្វើស្រូវច្រើន ព្រោះឆ្នាំនេះស្រូវមានតម្លៃថ្លៃទើបធ្វើឱ្យបរិមាណទឹកមិនអាចផ្គត់ផ្គង់បានតាមតម្រូវការបង្កបង្កើនផល។
សេចក្តីបំភ្លឺព័ត៌មានបញ្ជាក់ថា ការផលិតកម្មដំណាំស្រូវរបស់ពលរដ្ឋក្នុងខេត្ត ត្រូវពឹងផ្អែកស្ទើរតែទាំងស្រុងពីទំនប់ស្តុកទឹក នៅតំបន់ខាងលើនៃខេត្ត (ក្នុងស្រុកភ្នំក្រវាញ) ដែលអាចផ្គត់ផ្គង់ សម្រាប់ដំណាំស្រូវប្រមាណ ២០.០០០ហិកតា។ តែឆ្នាំនេះ មានភាពអំណោយផលលើតម្លៃស្រូវ ធ្វើឱ្យពលរដ្ឋសម្រុកធ្វើប្រមាណជាង ៥៥.០០០ហិកតា ដែលលើសផែនការអនុវត្ត។
សូមរំលឹកថា កន្លងមកនេះរដ្ឋបាលតាមបណ្តាលខេត្តមួយចំនួនបានប្រកាសដល់ប្រជាកសិករត្រូវផ្អាកការធ្វើស្រែប្រាំងលើទី២ ព្រោះមូលហេតុប្រភពទឹកដែលមានមិនអាចផ្គត់ផ្គង់ការស្រោចស្រពស្រែបាននោះទេ ដោយត្រូវផ្តត់ផ្គង់ក្នុងការប្រើប្រាស់ប្រចាំថ្ងៃផងដែរ៕