en     km
en     km

លោក គី តិច៖ រឿងសុំទោសឬមិនសុំទោសសម្តេច ហ៊ុន សែន ជាការសម្រេចរបស់លោក ស៊ឹង សែនករុណា

Share

សម្តេចហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី(ខាងឆ្វេង) និងលោកសឹង សែនករុណា មន្រ្តីនាំពាក្យសមាគមសិទ្ធិមនុស្សអាដហុក(ខាងស្តាំ)។

ភ្នំពេញ៖លោក គី តិច មេធាវីការពារក្តីជូនសម្តេច ហ៊ុន សែន ប្រាប់វិទ្យុស្រ្តីនៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះថា លោកមិនមានការណែនាំ ឬសន្និដ្ឋានអ្វីទេ ចំពោះលោក សឹង សែនករុណា ដែលត្រូវសុំទោស ឬមិនសុំទោសសម្តេច ហ៊ុន សែន ពោលគឺលោក ស៊ឹង សែនករុណា គួរពិចារណា និងសម្រេចចិត្តដោយខ្លួនឯង។

ការបង្ហើបពីលោក គី តិច បែបនេះតាមរយៈការដាក់សំនួររបស់វិទ្យុស្រ្តីដែលសួរថា តើក្រុមមេធាវីរបស់សម្តេច ហ៊ុន សែន នឹងអាចបញ្ឈប់ការសិក្សាផ្លូវច្បាប់ប្តឹងទៅលោក ស៊ឹង សែនករុណា ដែលឬទេ បើសិនជា លោក ករុណា មន្រ្តីសមាគមអាដហុក ឬសមាគមអាដហុកធ្វើការសុំទោសសម្តេច ហ៊ុន សែន មែននោះ?

កញ្ញា គុជ ស៊ីកុល ជូនសេចក្តីរាយការណ៍ពីព័ត៌មាននេះ…..

ឆ្លើយតបជាមួយវិទ្យុស្រ្តីនៅព្រឹកថ្ងៃនេះ លោក គី តិច ទេសរដ្ឋមន្រ្តី ទទួលបន្ទុកដឹកនាំក្រុមមេធាវីរាជរដ្ឋាភិបាល មិនបានបញ្ជាក់ឱ្យចំនោះទេ ថាក្រុមមេធាវីការពារក្តីជូនសម្តេច ហ៊ុន សែន នឹងអាចរកភស្តុតាងដាក់បន្ទុកដើម្បីចាត់ការតាមផ្លូវច្បាប់លើលោក ស៊ឹង សែនករុណា បានយ៉ាងណា ដោយលោកថានេះជារឿងសម្ងាត់ក្នុងវិជ្ជាជីវៈរបស់មេធាវី ដែលមិនអាចទម្លាយបាន។

លោក គី តិច បានបង្ហើបប្រាប់វិទ្យុស្រ្តីបន្តដែលបានសួរថា តើក្រុមមេធាវីរបស់សម្តេច ហ៊ុន សែន នឹងអាចបញ្ឈប់ការសិក្សាផ្លូវច្បាប់ប្តឹងទៅលោក សឹង សែនករុណា ដែរឬទេ បើសិនជាលោក ករុណា មន្រ្តីនាំពាក្យសមាគមអាដហុក ឬសមាគមអាដហុកធ្វើការសុំទោសសម្តេច ហ៊ុន សែន ? លោក គី តិច បញ្ជាក់យ៉ាងខ្លីថា «លោកមិនមានការណែនាំ ឬសន្និដ្ឋានអ្វីទេ ចំពោះលោក ស៊ឹង សែនករុណា ដែលត្រូវសុំទោស ឬមិនសុំទោសសម្តេច ហ៊ុន សែន ពោលគឺលោក ស៊ឹង សែនករុណា គួរពិចារណា និងសម្រេចចិត្តដោយខ្លួនឯង»

ការបញ្ជាក់របស់លោក គី តិច បែបនេះ បន្ទាប់ពីសម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជាបានបង្ហោះលើទំព័រហ្វេសប៊ុកកាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយចង្អុលបង្ហាញដល់ក្រុមមេធាវីរបស់សម្តេចឱ្យសិក្សាផ្លូវច្បាប់ប្តឹងទៅលោក សឹង សែនករុណា ដែលបានផ្តល់កិច្ចសម្ភាសន៍ដល់សារព័ត៌មានមួយចំនួន ខណៈសម្តេច ហ៊ុន សែន យល់ថាបានប្រមាថមើលងាយបក្សកាន់អំណាច។

សម្រាប់សម្តេច ហ៊ុន សែន ដែលបានជំរុញឱ្យមេធាវីគណបក្សសិក្សាផ្លូវច្បាប់ដើម្បីប្តឹងមន្រ្តីផ្នែកសិទ្ធិមនុស្សនៃអង្គការអាដហុកខាងលើ ព្រោះសម្តេចបញ្ជាក់ថា សម្តេចត្រូវរកយុត្តិធម៌តាមផ្លូវតុលាការ។

សូមរំលឹកបន្តិចថា សម្តេច ហ៊ុន សែន បានទុកឱកាសដល់ក្រុមមេធាវីសិក្សាប្តឹងលោក សឹង សែនករុណាបន្ទាប់ពីសារព័ត៌មាន ឌឹខេមបូឌា ឌេលី បានចុះផ្សាយអត្ថបទមួយមានចំណងជើងថា «លោក សុន ឆ័យ គ្រោងលក់ផ្ទះចុងក្រោយរបស់លោកជាង១លានដុល្លារដើម្បីសងជំងឺចិត្តបក្សកាន់អំណាច»។ ក្នុងអត្ថបទនោះ ឌឹខេមបូឌា ឌេលី បានបញ្ចូលនូវទស្សនៈរបស់អ្នកនាំពាក្យសមាគមអាដហុក លោក សឹង សែនករុណា ដោយដាក់ជាសម្រង់សម្តីមិនផ្ទាល់ដែលអត្ថាធិប្បាយថា វិវាទរបស់អ្នកនយោបាយគួរបញ្ចប់ដោយនយោបាយ មិនគួរប្រើប្រព័ន្ធតុលាការមកដោះស្រាយទេ។ មន្ត្រីសង្គមស៊ីវិលរូបនេះកត់សម្គាល់បន្ថែមថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សមួយមានធនធានថវិកាច្រើន ដូច្នេះលោកយល់ថា បក្សកាន់អំណាចគួរយោគយល់ដល់លោក សុន ឆ័យ។

លោក ស៊ឹង សែនករុណា បន្តប្រាប់សារព័ត៌មានឌឹខេមបូឌា ឌេលី ទៀតថា «គណបក្សកាន់អំណាចតែងតែយកតុលាការមកធ្វើជារបាំងក្នុងការគាបសង្កត់ដៃគូនយោបាយប្រឆាំងរបស់ខ្លួន។ លោកថា គណបក្សនយោបាយទាំងអស់គួរតែប្រើវិធីចាស់ទុំដើម្បីធ្វើការប្រកួតប្រជែងគ្នា គួរបញ្ឈប់នូវវប្បធម៌គំរាមកំហែងដៃគូនយោបាយរបស់ខ្លួន ដើម្បីទុកជាគំរូសម្រាប់អ្នកនយោបាយជំនាន់ក្រោយ។»

ពាក់ព័ន្ធករណីនេះ វិទ្យុស្រ្តីមិនអាចទាក់ទងទៅលោក ស៊ឹង សែនករុណា ដើម្បីសុំការបកស្រាយបន្ថែមឡើយ ដោយទូរស័ព្ទទាក់ទងមិនចូល គិតត្រឹមថ្ងៃចន្ទ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៤។

ជុំវិញរឿងនេះ លោក ឯម សុវណ្ណារ៉ា អ្នកវិភាគ និងជាសាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ មិនទាន់អាចសន្និដ្ឋានក្នុងលក្ខខ័ណ្ឌជាក់លាក់ណាមួយឡើយថា បញ្ហានេះនឹងវិវត្តន៍ទៅជាបែបណា ទោះបីជាលោក ស៊ឹង សែនករុណា ក៏ដូចជាសមាគមសិទ្ធិមនុស្សអាដហុកចេញជាសារសុំទោសសម្តេច ហ៊ុន សែន ក្នុងទម្រង់ណាមួយនោះ។ ក៏ប៉ុន្តែចំពោះការមើលឃើញរបស់លោកសាស្ត្រាចារ្យ ឯម សុវណ្ណារ៉ា ជុំវិញបញ្ហាដែលមានការសិក្សាតាមផ្លូវច្បាប់ដើម្បីប្តឹងលោក ស៊ឹង សែនករុណា នេះអាចនឹងមិនមានការបន្ធូរបន្ថយពីប្រធានគណបក្សប្រជាជនកម្ពុជាឡើយ ដោយលោកអះអាងថា គណបក្សកាន់អំណាចហាក់ដូចជាប្រកាន់ជំហរក្នុងការបន្តករណីនេះ។

«មិនហ៊ាននិយាយអីទេរឿងនឹងវា៥០/៥០ បានន័យថាវាមិនមានការអធ្យាស្រ័យមិនមានទោសអី ឬក៏និងមិនមានការមិនលើកលែងទោសយើងអត់ទាន់ច្បាស់ទេព្រោះប្រិត្តិការណ៍វាប្រែប្រួលវាវិរឌ្ឍន៍សម័យកាលនេះអត់ទាន់ដឺកថាមិនដែរ ហើយមើលសាររបស់ប្រធានបក្ស គណបក្សកាន់អំណាចហាក់ដូចជាខ្លាំងខ្លាដែរ ដូច្នេះយើងមានការតាំងចិត្តដូចមិនផ្អែកទៅលើគោលការណ៍ដែលអធ្យស្រ័យនេះបានទេយើងពិបាកវិភាគដែលអញ្ចឹងបានថាពាកណ្តាលៗ»

ដើម្បីឱ្យស្ថានភាពសេរីភាពនៃការបញ្ចេញមតិស្ថិតក្នុងភាពកាន់តែល្អប្រសើរ និងជៀសវាងបង្កឱ្យមានផលប៉ះពាល់រវាងគ្នា និងគ្នា ជាពិសេសមានការប្តឹងផ្តល់ពីសំណាក់មន្រ្តីជាន់ខ្ពស់ លោក ឯម សុវណ្ណារ៉ា ផ្តល់ជាអនុសាសន៍ថា ក្នុងនាមជាបុគ្គលអ្នកបញ្ចេញមតិផ្ទាល់គួរតែសិក្សាបន្ថែម និងយកចិត្តទុកដាក់នូវរាល់សិទ្ធិរបស់ខ្លួន។ លោកន្ថែមថា ក្នុងនាមជាយុវជន ជាពលរដ្ឋមិនត្រូវបណ្តោយឱ្យអ្នកនយោបាយជាអ្នកសម្រេចលើសិទ្ធិសេរីភាពបញ្ចេញមតិឡើយ លោកថា មានតែពលរដ្ឋខ្លួនឯងទេដែលជាអ្នកសម្រេច និងស្គាល់ពីសិទ្ធិរបស់ខ្លួនឱ្យបានច្បាស់ ហើយបញ្ចេញមតិ ឬទស្សនៈរបស់ខ្លួនប្រកបដោយទំនួលខុសត្រូវ។

«សម្រាប់ខ្ញុំគ្រាន់តេថាអញ្ចេះ ថាពលរដ្ឋកម្ពុជាទូទៅហ្នឹងជាពិសេសយុវជនគួរតែមានការចាប់អារម្មណ័ទៅលើសិទ្ធិសេរីភាពខ្លួនឯងជាជាងផ្តេកផ្តួលទុកឱ្យអ្នកនយោបាយជាអ្នកសម្រេចចិត្តតែម្នាក់ឯងហាស៎ណាស់  វាអត់មានផលប្រយោជន៍អ្វីសម្រាប់ខ្លួនឯងទេ​ បើខ្លួនឯងមិនយល់ពីតម្លៃហ្នឹង សិទ្ធិរបស់ខ្លួនឯងអ្នកនយោបាយគេមិនយល់ទេបាទ!»

ដោយឡែករឿងនេះ មេធាវីតំណាងគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយចាត់ទុកថា ការផ្តល់បទសម្ភាសន៍របស់លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ដល់សារព័ត៌មាននាថ្មីៗនេះ គឺជាការបកស្រាយដែលមានចរិតលក្ខណៈកេងចំណេញនយោបាយ និងធ្វើឱ្យប៉ះពាល់ដល់ការអនុវត្តសិទ្ធិតាមផ្លូវច្បាប់របស់ គណបក្សប្រជាជនកម្ពុជា។

មេធាវីគណបក្សប្រជាជនកម្ពុជាចំនួន ៤រូប បានបកស្រាយឆ្លើយតបនឹងលោក សុន ឆ័យ ដែលផ្តល់បទសម្ភាសឲ្យវិទ្យុបារាំងអន្តរជាតិ (RFI) និងសារព័ត៌មាន ឌឹខេមបូឌា ឌេលី ហើយបទសម្ភាសនៅពេលនោះ ស្របពេលដែលតុលាការកំពូលចេញសាលដីកាសម្រេចឲ្យលោក សុន ឆ័យ បង់សងជំងឺចិត្តគណបក្សប្រជាជន ពាក់ព័ន្ធបរិហាកេរ្កិ៍ជាសាធារណៈ។ ក៏ប៉ុន្តែសេចក្តីថ្លែងការណ៍របស់មេធាវីតំណាងគណបក្សប្រជាជនកម្ពុជា ពុំបានរំលេច ឬថ្កោលទោសលើលោក ស៊ឹង សែនករុណា នោះទេ។

ជាការកត់សម្គាល់ដាច់ដោយឡែក សម្តេច ហ៊ុន សែន កាលនៅកាន់អំណាចជានាយករដ្ឋមន្រ្តីក៏ធ្លាប់ព្រមានប្តឹងចំពោះបុគ្គលនយោបាយ និងសង្គមស៊ីវិល មួយចំនួនដែលធ្វើអត្ថាធិបាយប៉ះពាល់ដល់សម្តេច និងបក្សប្រជាជន ដោយចាត់ទុកថា ជាការបញ្ចេញមតិប៉ះពាល់សិទ្ធិអ្នកដទៃ។ តែមានករណីខ្លះ មិនត្រូវបានសើរើបន្តការប្តឹងផ្តល់នោះទេ និងករណីខ្លះក៏ត្រូវបានដកពាក្យបណ្តឹងវិញ បន្ទាប់ពីបុគ្គលដែលរងការព្រមានធ្វើការសុំទោសដល់សម្តេច ហ៊ុន សែន វិញ៕

Share

Image
Image
Image