លោក Yang Hengjun ត្រូវបានឃុំខ្លួននៅក្នុងប្រទេសចិនតាំងពីឆ្នាំ ២០១៩។ រូបភាព@BBC News
អន្តរជាតិ៖ អ្នកនិពន្ធជនជាតិអូស្រ្តាលី លោក យ៉ាង ហេងជូន (Yang Hengjun) ជាបុគ្គលមួយរូបដែលស្គាល់ថាជាអ្នកប្រាជ្ញដើរតាមលទ្ធិប្រធិបតេយ្យ និងជាអ្នកនិពន្ធប្រលោមលោក ត្រូវបានតុលាការប្រទេសចិនសម្រេចកាត់ទោសឱ្យជាប់ពន្ធធនាគាអស់មួយជីវិត។ សំណុំរឿងនេះធ្វើឡើងបន្ទាប់ពីគេសិក្សាឃើញថាលោកកំពុងសរសេរអត្ថបទពាក់ព័ន្ធទៅនឹងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ហើយករណីនេះតុលាការប្រទេសចិនកាត់ទោសចោទក្រោមពីបទ«ធ្វើចារកម្ម»។ នេះបើផ្អែកតាមការចុះផ្សាយរបស់ភ្នាក់ងារសារព័ត៌មានអន្តរជាតិ BBC ចុះផ្សានៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤។
មុននឹងមានការចាប់ខ្លួនលោក Yang គ្រួសាររបស់លោកអះអាងថា លោក Yang ត្រូវបានគេសួរចម្លើយជាង ៣០០ដង និង ទទួលទារុណកម្មយ៉ាងធ្ងន់ធ្ងររយៈពេលប្រាំមួយខែ ខណៈពេលដែលលោកស្ថិតក្រោមការឃុំឃាំងជាបណ្តោះអាសន្ន នៅពន្ធធនាគារប្រទេសចិន។
ជុំវិញបញ្ហានេះ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោក Penny Wong និយាយថា រដ្ឋាភិបាលអូស្ត្រាលីមានការភ្ញាក់ផ្អើលជាខ្លាំង។ ចំពោះការសម្រេចចិត្តរបស់តុលការប្រទេសចិននេះ រដ្ឋាភិបាលអូស្រ្តាលីបង្ហាញការឆ្លើយតបរបស់ខ្លួនទៅកាន់ទីក្រុងប៉េកាំងទៅតាមនីតិវិធីផ្លូវច្បាប់«ក្នុងលក្ខខណ្ឌដ៏ខ្លាំងបំផុត» ហើយក៏មានការដាក់ញត្តិ ក្នុងគោលបំណងធ្វើយ៉ាងណាឱ្យមានការដោះលែងលោក Yang ផងដែរ។
លោកនិយាយក្នុងសម្រង់សម្តីដើមថា៖ «យើងសូមអំពាវនាវអំពីច្បាប់នៃភាពយុត្តិធម៌តាមនីតិវិធី និងការប្រព្រឹត្តដោយមនុស្សធម៌សម្រាប់លោកបណ្ឌិត Yang ស្របតាមបទដ្ឋានអន្តរជាតិ និងកាតព្វកិច្ចផ្លូវច្បាប់របស់ប្រទេសចិន យើងនឹងមិនចុះចាញ់នឹងការតស៊ូមតិរបស់យើងឡើយ ព្រោះប្រជាជនអូស្ត្រាលីទាំងអស់ចង់ឃើញលោកបណ្ឌិត Yang ជួបជុំគ្រួសារលោកឡើងវិញ។»
ជាការឆ្លើយតប ក្រសួងការបរទេសចិនបានព្រមានចំៗទៅលើរដ្ឋាភិបាលអូសស្រ្តាលី ដោយមិនឱ្យពួកគេជ្រៀតជ្រែកក្នុងសំណុំរឿងនេះ និងស្នើឱ្យគោរព «អធិបតេយ្យភាពតុលាការ»របស់ប្រទេសចិន។
នេះមិនមែនជាលើកដំបូងទេដែលអ្នកនិពន្ធជនជាតិអូស្រ្តា អាយុ ៥៧ ឆ្នាំរូបនេះត្រូវបានរងបទចោទពីតុលាការចិន ដោយខ្លឹមសារនៃអត្ថបទសារព័ត៌មាន BBC គូសបញ្ជាក់ដែរថា នៅដើមខែមករា ឆ្នាំ២០១៩ លោក Yang ត្រូវបានកងកម្លាំងស្ទាក់ចាប់នៅអាកាសយានដ្ឋានក្វាងចូវ ក្រោមបទចោទប្រកាន់ពីបទចារកម្ម។ នៅអំឡុងពេលនោះប្រទេសចិនបើកឱ្យមានការកាត់ក្តីជាសាធារណៈ និងការកាត់ក្តីដោយសម្ងាត់ ក៏ប៉ុន្តែសំណុំរឿងលោក ត្រូវបានស្ថិតក្រោមការឃ្លាំមើលរបស់តុលាការ រហូតដល់មានការចាប់ខ្លួន និងសម្រេចឱ្យជាប់ពន្ធធនាគារអស់មួយជីវិតនៅឆ្នាំ២០២៤នេះ៕
ប្រភព៖ BBC News ចុះផ្សាយថ្ងៃចន្ទ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៤