en     km
en     km

បណ្តាញសង្គមហ្វេសប៊ុក តិកតុក និងអ៊ិច ត្រូវសភាអាមេរិកចោទប្រកាន់ថា កេងប្រវ័ញ្ចសិទ្ធិកុមារតាមប្រព័ន្ធឌីជីវថល

Share

 

ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គមមួយចំនួនដូចជា ហ្វេសប៊ុក តិកតុក និងអ៊ិច ត្រូវសភាអាមេរិកចោទប្រកាន់ថា បណ្តាញផ្សព្វផ្សាយទាំងនេះមិនអនុវត្តវិធានការការពារសិទ្ធិមនុស្សលើប្រព័ន្ធអនឡាញឱ្យបានគ្រប់គ្រាន់នោះឡើយ។ ជាមួយគ្នានេះ សមាជិកសភារួមគ្នាបង្កើតកិច្ចព្រមព្រៀងលើករណីនេះ ក៏ប៉ុន្តែវាមិនច្បាស់ទេថាតើវានឹងគ្រប់គ្រាន់ដើម្បីអនុម័តច្បាប់ស្តីពីសុវត្ថិភាពកុមារតាមអ៊ីនធឺណិតដែរឬទេ។

(កញ្ញា កែវ សុជាតា រាយការណ៍)

 

កាលពីថ្ងៃពុធ ទី៣១ ខែមករា ឆ្នាំ២០២៤ នាយកប្រតិបត្តិនៃក្រុមហ៊ុនបណ្ដាញសង្គមធំៗ រួមមាន Meta Platforms, TikTok, X ឬគេស្គាល់ថាជាTwitter និងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងទៀត អញ្ជើញចូលរួមផ្តល់សក្ខីកម្មនៅខាងមុខគណៈកម្មាធិការតុលាការរបស់ព្រឹទ្ធសភាជុំវិញបញ្ហានៃសិទ្ធិអ្នកប្រើប្រាស់បណ្តាញសង្គម។ ក្នុងនោះ សវនាការនៃសភាអាមេរិកនេះ ចាប់ផ្តើមពីសក្ខីកម្មរបស់ឪពុកម្តាយអាណាព្យាបាល ដែលកូនៗរបស់ពួកគេត្រូវបានកេងប្រវ័ញ្ចលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ នេះបើយោងតាមសារព័ត៌មាន South China Morning Post នៅថ្ងៃព្រហស្បតិ៍ ទី១ ខែកុម្ភៈ ឆ្នាំ២០២៤។

នៅក្នុងវគ្គសំណួរ និងចម្លើយដ៏ក្តៅគគុក លោក Mark Zuckerberg នាយកប្រតិបត្តិនៃក្រុមហ៊ុន Meta ដែលមានបណ្តាញសង្គមធំៗជាច្រើនដូចជា ហ្វេសប៊ុក, Instagram និង WhatsApp ជាដើមនោះ បានសុំទោសជាសាធារណៈទៅកាន់អាណាព្យាបាលទាំងឡាយចំពោះការបាត់បង់កូនៗជាទីស្រឡាញ់ ដែលសម្រេចបញ្ចប់ជីវិតរបស់ខ្លួនក្រោយមានបញ្ហាសុខភាព។ លោកបញ្ជាក់ដែរថា ក្រុមហ៊ុនមិនមានសំណងសម្រាប់ជនរងគ្រោះ ឬក្រុមគ្រួសារជនរងគ្រោះចំពោះអ្វីដែលពួកគេបានឆ្លងកាត់នោះទេ។

ក៏ប៉ុន្តែ លោក Mark Zuckerberg និយាយបន្តទៀតថា ក្រុមហ៊ុន​ Meta ប្តេជ្ញាបន្តវិនិយោគ និងធ្វើការលើ កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍបច្ចេកវិទ្យាឱ្យកាន់តែទំនើបដើម្បីការពារកុមារ។ លោកថា វិធីសាស្រ្តទូទៅរបស់ ក្រុមហ៊ុន Meta គឺធ្វើយ៉ាងណាឱ្យអាណាព្យាបាល ឬអ្នកប្រើប្រាស់ទុកចិត្តមកលើខ្លួន ពីព្រោះថាក្រុមហ៊ុននឹងព្យាយាមខិតខំដោះស្រាយបញ្ហា បង្កើតឧបករណ៍ឈានមុខគេក្នុងឧស្សាហកម្ម និងផ្តល់អំណាចដល់ឪពុកម្តាយឬអាណាព្យាបាលគ្រប់គ្រងលើការប្រើប្រាស់បណ្តាញសង្គមរបស់កូនៗពួកគេ។

នាយកប្រតិបត្តិ TikTok លោក Chew Shou Zi បាននិយាយថា TikTok មានការប្រុងប្រយ័ត្នចំពោះការអនុវត្តគោលនយោបាយលើសិទ្ធិកុមារ ដោយរារាំងកុមារអាយុក្រោម ១៣ឆ្នាំពីការប្រើប្រាស់កម្មវិធីនេះ។ ចំណែក Snapchat ក្លាយជាកម្មវិធីដំបូងដែលគាំទ្រច្បាប់ស្តីពីការទទួលខុសត្រូវតាមនីតិវិធី និងវេទិកាសង្គមដែលណែនាំមាតិកាបង្កគ្រោះថ្នាក់ដល់អនីតិជន។ ក្រៅពីនេះ នាយកប្រតិបត្តិកម្មវិធី X ដែលជាអតីត Twitter អ្នកស្រី Linda Yaccarino អះអាងថា កម្មវិធីនេះមិនផ្តល់សេវាកម្មដល់កុមារទេ ពោលគឺកុមារមិនមានសិទ្ធិក្លាយជាអ្នកប្រើប្រាស់លើបណ្តាញសង្គមនេះឡើយ។

គួរបញ្ជាក់ដែរថា ឪពុកម្តាយគ្រប់រូបដែលមានមានកូនអាយុក្រោម ១៣ឆ្នាំ មានការភ័យខ្លាចថានៅពេលក្មេងទាំងនេះគ្រប់វ័យដែលអាចប្រើប្រាស់បណ្តាញសង្គមបាន ប្រព័ន្ធផ្សព្វផ្សាយសង្គមអាចនឹងប៉ះពាល់ដល់ការលូតលាស់ និងផ្នែកបញ្ញាស្មារតីរបស់ពួកគេ។ ជាងនេះ អ្នកនយោបាយនៅសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស សហភាពអឺរ៉ុប និងអូស្ត្រាលី កំពុងសម្តែងការព្រួយបារម្ភជាសាធារណៈអំពីផលប៉ះពាល់លើសុខភាពផ្លូវចិត្តរបស់មនុស្សវ័យជំទង់ទាំងនេះ។

យោងតាមប្រភពសារព័ត៌មាន South China Morning Post បង្ហាញថា អ្នកប្រើប្រាស់ដែលមានវ័យក្មេងទាំងឡាយ កំពុងប្រឈមនឹងការបៀតបៀនផ្លូវភេទតាមប្រព័ន្ធអនឡាញ ការប្រមាថជាសាធារណៈ ការគំរាមគំហែង និងឈានដល់ការបាត់បង់ចំណង់ហូបចំណីអាហារជាដើម។ ប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គមទាំងនេះ ធ្វើឱ្យអ្នកប្រើប្រាស់ញៀន កែប្រែអត្តចរិក កើតជំងឺវិបត្តិផ្លូវចិត្ត ឬឈានដល់ការធ្វើអត្តឃាតសម្លាប់ខ្លួនឯង៕

ប្រភព៖ South China Morning Post ចុះថ្ងៃសុក្រ ទី២ ខែកុម្ភៈ ឆ្នាំ២០២៤

Share

Image
Image
Image