en     km
en     km

នាទីសុខភាព៖កត្តាប្រឈមសម្រាប់ស្រ្តីមានផ្ទៃពោះពេលកូនគំរាមកើតមិនគ្រប់ខែ

Share

កូនគំរាមសម្រាលមិនគ្រប់ខែគឺជាការសម្រាលកូនមុនកំណត់ មុន ៣៧ សប្តាហ៍នៃគភ៌។ វាកើតឡើងមានលើស្ត្រីកំពុងពរពោះ ហើយវាអាចបង្កគ្រោះថ្នាក់ទៅដល់សុខភាពរបស់ម្តាយ និងទារក។

កត្តាដែលបណ្តាលឱ្យកូនគំរាមកើតមិនគ្រប់ខែមាន  រលាកប្លោកនោម  រលាកមាត់ស្បូន ការក្លាយរោគ​ ការជក់បារី និងពិសារគ្រឿងស្រវឹង  ការលើស ឬស្រកទម្ងន់ខ្លាំងក្នុងអំឡុងពេលមានផ្ទៃពោះ  ម្តាយមានបញ្ហាសុខភាព  មានផ្ទៃពោះកូនភ្លោះឬច្រើន  មានទឹកភ្លោះច្រើន មានផ្ទៃពោះញឹកពេក  មានប្រវត្តិកើតកូនមិនគ្រប់ខែ ឬគំរាមកើតមុនខែ  ពិនិត្យសុខភាពមិនបានទៀតទាត់ ការប្រើប្រាស់ថ្នាំដោយគ្មានវេជ្ជបញ្ជាត្រឹមត្រូវ និងការធ្វើការងារច្រើនហួសកម្លាំង។ នេះដោយយោងតាមការលើកឡើងរបស់ទំព័រហ្វេសប៊ុកមន្ទីរពេទ្យ កាល់ម៉ែត។

ចំពោះរោគសញ្ញានៃជំងឺ ជាទូទៅកូនគំរាមកើតមិនគ្រប់ខែ អាចស្តែងចេញជារោគសញ្ញាដូចជា ស្បូនកន្ត្រាក់ចង្កោងរឹង (ធ្វើឱ្យមានអារម្មណ៍រឹងនៅត្រង់ផ្ទៃពោះ)  រោយចង្កេះ និងណែនធ្ងន់លើថ្ងាសក្រោមពោះ  លីងចង្កេះ មានទឹករំអិលធ្លាក់មកជួនកាលមានលាយឈាមប្រាលៗខុសពីធម្មតា។

កូនគំរាមសម្រាលមិនគ្រប់ខែមានផលប៉ះពាល់ និងបញ្ហាប្រឈមរួមមាន ទារកអាចស្លាប់  សុខភាពកូនមិនល្អ មានបញ្ហាសម្រាប់ការលូតលាស់របស់ទារក (ប្រព័ន្ធផ្លូវដង្ហើម ប្រព័ន្ធរំលាយអាហារ ការលូតលាស់ខួរក្បាល ) ហើយម្តាយអាចប្រឈមមុខនឹងសម្រាលមិនគ្រប់ខែសម្រាប់គហ៌លើកក្រោយទៀត រួមទាំងបញ្ហាផ្លូវចិត្ត (ក្តីបារម្មណ៍ចំពោះទារក)ជាដើម។

សម្រាប់វិធីការពារវិញ យើងអាចការពារបានដោយ ពិនិត្យ និងតាមដានផ្ទៃពោះឱ្យបានទៀងទាត់  កុំធ្វើការងារធ្ងន់ និងហួសកំលាំង  ហាមធ្វើដំណើរផ្លូវឆ្ងាយញឹកញាប់ក្នុងអំឡុងពេលមានផ្ទៃពោះ  ពុំគួរមានកូនច្រើនញឹកញាប់  ជៀសវាងការរំលូតកូនដោយគ្មានបច្ចេកទេសត្រឹមត្រូវ។

ប្រភពមន្ទីរពេទ្យកាល់ម៉ែតបានឱ្យដឹងដែរថា ប្រសិនបើស្រ្តីមានអាការៈមិនប្រក្រតីគួរតែឆាប់រួសរាន់មកពិនិត្យ​ផ្ទៃពោះ ដើម្បី​ស្វែងរកសញ្ញាគ្រោះថ្នាក់ដែលមាន ហើយអាចធ្វើការព្យាបាល ឬអន្តរាគមន៍វេជ្ជសាស្ត្រទាន់ពេលវេលា ប្រកបដោយសុវត្ថិភាពទាំងមាតា និងទារក៕

អត្ថបទ៖ចាន់រ៉ាត់ សៀវមិញ

Share

Image
Image
Image