en     km
en     km

សិក្ខាកាមវគ្គបណ្ដុះបណ្ដាល«អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ»យល់ថាការថតរូបនិងវីឌីអូមានសារៈសំខាន់សម្រាប់អ្នកសារព័ត៌មាន

Share

បច្ចុប្បន្ននេះ មនុស្សជាច្រើនចាប់អារម្មណ៍លើរូបភាពជាខ្លាំង មុននិងអានអត្ថបទណាមួយ។ រូបភាពខ្លះអាចបញ្ជាក់ន័យលើអត្ថបទទាំងមូលបាន ព្រោះបានអាចក្ដោបខ្លឹមសារនៃអត្ថបទនោះ។ សិក្ខាកាមម្នាក់នៃវគ្គបណ្ដុះបណ្ដាល អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ របស់អង្គការមណ្ឌលព័ត៌មានស្ដ្រីកម្ពុជាយល់ឃើញថា ការថតរូប និងវីឌីអូមានសារៈសំខាន់សម្រាប់អ្នកសារព័ត៌មាន។

(កញ្ញា ងិន ស៊ាងលីម ជូនសេចក្ដីរាយណ៍)

នៅក្នុងវិស័យសារព័ត៌មាន ការផលិតអត្ថបទទាក់ទាញជារឿងមួយសំខាន់ ព្រោះអាចបង្ហាញឱ្យអ្នកអាន ឬអ្នកស្ដាប់បានយល់ពីសាច់រឿងនោះកាន់តែច្បាស់លាស់។ តែសម័យនេះ រូបភាពដែលភ្ជាប់ជាមួយអត្ថបទព័ត៌មានក៏កាន់តែសំខាន់ផងដែរ ព្រោះអាចឱ្យអ្នកអាន អ្នកស្ដាប់ ឬអ្នកទស្សនា បានឃើញរូបភាពកើតឡើងជាក់ស្ដែងផ្ទាល់ និងភ្នែករបស់ពួកគេ។
កាលពីពេលកន្លងទៅថ្មីៗនេះ អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា បានបើកវគ្គបណ្តុះបណ្តាលមួយស្តីពី«អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ»ក្រោមការសហការដោយ អង្គការ BBC MEDIA ACTION ក្នុងនោះមានសិក្ខាកាមម្នាក់បានលើកឡើងថា  មេរៀនការថតរូប និងវីឌីអូមានសារៈសំខាន់សម្រាប់អ្នកសារព័ត៌មាន ក្នុងវិស័យសារព័ត៌មាន។
ការលើកឡើងរបស់សិក្ខាកាម ខន រក្សា ធ្វើឡើងបន្ទាប់ពីកញ្ញា បានឆ្លងកាត់វគ្គថតរូប និងវីដេអូក្នុងវគ្គបណ្ដុះបណ្ដាលនោះ។ កញ្ញា បាននិយាយថា កាលពីមុនកញ្ញាចេះតែថតមិនដឹងពីបច្ចេកទេស ឬវិធីសាស្ត្រដែលធ្វើយ៉ាងណាឱ្យរូបភាពមានគុណភាពល្អ និងមានអត្ថន័យនោះទេ ប៉ុន្តែក្រោយពីបានចូលរៀនមក កញ្ញាយល់ដឹងបានច្រើនអំពីការថតរូបនេះ។

កញ្ញា ខន រក្សា សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ(ខាងឆ្វេងដៃ)

«ពីមុនមកយើងចេះតែថតៗឃើញកន្លែងណាស្អាត ប្លង់ដែលយើងចាប់អារម្មណ៍ធម្មតាៗខ្លួនឯងផុស(Post)អី នៅក្នុងSocial Media ប្រព័ន្ធបណ្តាញសង្គមរបស់យើង។ ប៉ុន្តែនៅពេលខ្ញុំចូលរៀនវគ្គនេះហើយ ធ្វើឱ្យខ្ញុំដឹងពីវិធីសាស្រ្តថតរូបឱ្យបានស្អាត ហើយយើងចង់បង្ហាញអីទៅលើអ្នកមើលថាអត្ថន័យនៃការថតរូបមួយសន្លឹកហ្នឹង ទីតាំងមួយហ្នឹងចង់បង្ហាញពីអត្ថន័យអីគេស!អ៊ីចឹង។ វាពិតជាពិសេសមែនទែននៅពេលដែលយើងធ្លាប់តែថតអត់មានវគ្គ អត់មានដឹងពីរបៀបនៃការថត នៅពេលដែលយើងមករៀនអ៊ីចឹង ធ្វើឱ្យយើងកាន់តែច្បាស់លាស់ជាមួយនឹងការថតរូប និងជំនាញមួយ yes!!ជំនាញដែលគេផ្តល់ឱ្យយើងហាស! ដោយមិនបាច់រៀននៅខាងក្រៅអស់លុយ។»

បន្ថែមពីនេះ កញ្ញា រក្សា បន្ដទៀតថានៅក្នុងអត្ថបទព័ត៌មាន បើសិនជាគ្មានរូបភាពអមជាមួយអត្ថបទជាភស្តុតាងនោះទេ វាប្រៀបដូចជាការប្រតិដ្ឋឡើង មិនមានប្រភពដែលមិនអាចទុកចិត្តបាន។

 «មានអត្ថបទហើយ អត់មានជារូបភាព ទី១ នរណាក៏អាចសរសេរអត្ថបទបានដូចគ្នា អាចប្រតិដ្ឋរឿង ឬក៏សរសេរព័ត៌មានដូចគ្នា។ ប៉ុន្តែនៅពេលដែលយកមានរូបថតភ្ជាប់ជាមួយនឹងសាច់រឿង ឬក៏អត្ថបទរបស់យើង ទី១បង្កើននូវការទាក់ទាញសម្រាប់អ្នកមើល។ ទី២ បង្ហាញទិដ្ឋភាពពិតប្រាកដដែលអ្នកមើលអត្ថបទហ្នឹងហើយ គាត់ឃើញពីរូបភាពមួយហ្នឹងទៀត អ៊ីចឹងធ្វើឲ្យគាត់ពិបាកស្រម៉ៃថា តើទីតាំងហ្នឹងវាកើតឡើងហ្នឹងរឿងបែបណា? អ៊ីចឹងគ្រាន់តែគាត់មើលរូបភាពទៅគឺគាត់ដឹងជាមួយនឹងអត្ថបទ ឬអត្ថន័យនៃការសរសេរហ្នឹងហើយ។ ហើយមួយទៀត ជាទូទៅនៅពេលយើងភ្ជាប់ជាមួយរូបភាព គេជឿជាក់មែនទែនថារឿងហ្នឹងវាកើតឡើងបែបហ្នឹង ទីតាំងហ្នឹងមែន ព្រោះបើយើងអត់មានរូបភាពទេ អ្នកណាក៏អាចសរសេរអត្ថបាន អាចប្រតិដ្ឋនូវរឿងហ្នឹងបានដែរចា!។»

ទាក់ទងនឹងការថតរូបនេះ កញ្ញា គឹម សិទ្ធី គ្រូបង្គោលនៃវគ្គបណ្ដុះបណ្ដាលពី«អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ» បានបញ្ជាក់ថា មេរៀនថតរូបនេះសំខាន់ណាស់ ព្រោះជាគន្លឹះមួយដែលធ្វើឱ្យការថតរូបបានត្រឹមត្រូវ និងមានលក្ខណៈស្តង់ដារ។ កញ្ញា ថាការថតរូបមានច្រើនបែប និងច្រើនដំណាក់កាល តែវគ្គបណ្តុះបណ្តាលនេះមានរយៈពេលខ្លី ដូច្នេះបង្រៀនត្រឹមតែមូលដ្ឋានគ្រឹះ និងចំណុចគោលៗ ដើម្បីឱ្យសិក្ខាកាមស្គាល់ថា អ្វីទៅជាប្លង់នៃការថតរូបមួយៗប៉ុណ្ណោះ។

កញ្ញា គឹម សិទ្ធី គ្រូបង្គោលនៃវគ្គបណ្ដុះបណ្ដាលពី«អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ»

«ទាក់ទងនឹងរូបភាព បងគិតថាមួយណាក៏សំខាន់ វាសំខាន់ព័ត៌មានយើងនិយាយពីអី ហើយរូបភាពរបស់យើងស៊ីជាមួយអត្ថបទរបស់យើងឬអត់? អាស្រ័យលើខ្លឹមសារអត្ថបទរូបភាពយើង ឧទាហរណ៍ថា អត្ថបទរបស់យើងនិយាយពីគោ ដល់ពេលហើយយើងថតរូបភាពទាក់ទងទៅនឹងប្រាសាទ ទាក់ទងទៅនឹងដើមឈើ គឺវាបញ្ច្រាស ទោះបីជារូបភាពហ្នឹងស្អាតយ៉ាងណាក៏ដោយ ប៉ុន្តែអត្ថបទរបស់យើងនិយាយពីគ្រោះរាំងស្ងួត គ្រោះទឹកជំនន់ គឺយើងត្រូវដាច់ខាតត្រូវតែមានរូបភាពអស់ហ្នឹងយកមកបង្ហាញទស្សនិកជនដើម្បីជាការទាក់ទាញ ហើយមានភស្តុតាង បញ្ជាក់ថាok អត្ថបទនិយាយពីគ្រោះរាំងស្ងួត មានរូបភាពរាំងស្ងួត យើងនិយាយពីផលប៉ះពាល់ភាពនៃគ្រោះរាំងស្ងួត យើងមានសម្ភាសន៍ទៅកសិករនិយាយពីអារម្មណ៍របស់គាត់ ទឹកមុខរបស់គាត់ អាហ្នឹងរូបភាពយើងទាក់ទាញ និងអត្ថបទរបស់យើង។ ជួនកាល អត្ថបទយើងបានទៅសម្ភាសផ្ទាស់ហើយជាមួយក្រុមគោលដៅ(អ្នកដែលយើងសម្ភាស) ចុះទៅដល់ទីតាំងហ្នឹង យើងពិតជាបានឃើញផ្ទាល់មែន។ ប៉ុន្តែគ្រាន់តែថាយើងមានរូបភាពហ្នឹងមកបញ្ជាក់ទៀតកាន់តែល្អវាទាក់ទាញ។ យើងស្រមៃមកវិញថា សម័យឌីជីថលហើយៗយើងនៅតែបង្ហាញអក្សរ សរសេរអក្សរសុទ្ធ អ៊ីចឹងយើងមើលឃើញថាបរិបទនេះមនុស្សមិនសូវចូលចិត្តអានអក្សរច្រើនហេស! បើមានរូបភាពផង បន្លំទៅភ្នែកគាត់ហើយគាត់អានៗហើយ ហូ!! រូបភាពអត្ថន័យវាអ៊ីចឹង ហើយមានរូបភាពជាភស្តុតាងកាន់តែធ្វើឱ្យស្នាដៃយើង វាទាក់ទាញ»។

បើតាមការអះអាងពីគ្រូបង្គោលរូបនេះដដែល បើអត្ថបទព័ត៌មានមានតែអក្សរសុទ្ធ គេមិនសូវចាប់អារម្មណ៍អាននោះទេ តែបើមានរូបភាព និងទាក់ទាញផង នឹងធ្វើឱ្យអ្នកអានចាប់អារម្មណ៍កាន់តែខ្លាំងបន្ថែមទៀតលើអត្ថបទនោះ៕

  

អត្ថបទខ្លីសរសេរដោយ កញ្ញា ងិន ស៊ាងលីម សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយឧបត្ថម្ភពី ភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និង កិច្ចសហប្រតិបត្តិការ (SDC) ជាមួយនិងស្ថានទូតស៊ុយអែតប្រចាំកម្ពុជា តាមរយៈអង្គការ BBC Media Action៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង