en     km
en     km

ក្រុមអ្នកជំនាញបន្តស្រាវជ្រាវករណីសង្ស័យពុលនំបញ្ចុកនៅស្រុកបារាយណ៍

Share

ភ្នំពេញ៖ យ៉ាងហោចណាស់មានមនុស្សម្នាក់ស្លាប់ និងមនុស្សក្មេង ចាស់ ប្រុស ស្រី ចំនួន៦៤នាក់ផ្សេងទៀត កំពុងសម្រាកព្យាយាបាលនៅមន្ទីពេទ្យបង្អែកស្រុកសន្ទុក និងបង្អែកខេត្តកំពង់ធំ ខណៈករណីនេះមានការសង្ស័យថា បណ្តាលមកពីពុលនំបញ្ចុក។ មកទល់ពេលនេះ អ្នកជំនាញកំពុងធ្វើការស្រាវជ្រាវនៅឡើយ។
នេះបើតាមការបញ្ជាក់ពីធ្វើកំណត់ហេតុក្នុងរឿងនេះបញ្ជាក់ប្រាប់វិទ្យុស្រ្តីនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។
អ្នកធ្វើកំណត់ហេតុបញ្ជាក់ថា ករណីនេះ កើតឡើងនៅក្នុងឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ នៅថ្ងៃ២៩ ខែមករា ឆ្នាំ២០២៤។ ប្រភពនៅទីនោះបានបញ្ជាក់ទៀតថា ថ្វីត្បិតតែមិនទាន់មានរបាយការណ៍ច្បាស់លាស់នៅឡើយចំពោះករណីនេះ ប៉ុន្តែជនរងគ្រោះទាំង ៧ ភូមិនោះ រួមទាំងអ្នកស្លាប់ម្នាក់ផង សុទ្ធតែបានទិញ និងបានបរិភោគនំបញ្ចុកនោះ នៅតូបតែមួយជាមួយគ្នា។
បន្ទាប់ពីពួកគេ បានបរិភោគនំបញ្ចុករួចមក ជនរងគ្រោះទាំងនោះក៏មានអាការៈ រាគរូស ក្អួតចង្អោរ វិលមុខ ទន់ខ្លួន អស់កម្លាំង រហូតឈានដល់ក្រុមគ្រួសារ បងប្អូន សាច់ញាតិបញ្ជូនទៅសម្រាកព្យាបាលនៅពេទ្យបង្អែកបារាយណ៍-សន្ទុក និងពេទ្យខេត្ត និងខ្លះទៀតទៅពេទ្យឯកជនផងដែរ។
ក្នុងចំណោមអ្នករងគ្រោះទាំងនោះ ជាអកុសល ក៏មានស្រ្តីវ័យ ៧១ ឆ្នាំម្នាក់ ឈ្មោះ អ៊ុ ងៀម រស់នៅភូមិផ្លូវទទឹង ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានស្លាប់តាមផ្លូវបន្ទាប់ពីដឹកយកមកសង្គ្រោះនៅមន្ទីពេទ្យ។
តាមការឱ្យដឹងពីក្រុមគ្រូពេទ្យ ជនរងគ្រោះដែលបានបាត់បង់ជីវិត ព្រោះជនរងគ្រោះមិនបានមកមន្ទីរពេទ្យទាន់ពេលវេលា ដោយស្ថានភាពសុខភាពចុះដុនដាមខ្លាំងមិនអាចជួយសង្គ្រោះបាន។
ក្រុមគ្រូពេទ្យ៖«ហេតុបណ្តាលឲ្យស្លាប់គឺដោយសារ គាត់បរិភោគពេលល្ងាច អំឡុងពេលមានអាការៈមិនស្រួល គឺចន្លោះម៉ោង១២យប់ មានរាគតិចៗ ចុកដៃចុកជើង ក្តៅខ្លួន ហើយមិនមកព្យាបាលឲ្យទាន់ពេលវេលា ទុករហូតដល់ស្អែកឡើង ប្តីរបស់គាត់ត្រឡប់មកដល់ផ្ទះវិញ ចន្លោះម៉ោង១១ថ្ងៃត្រង់ គឺស្ទើតែហួសពេលទៅហើយ ដែលធ្វើឲ្យគាត់ទទួលមរណៈភាពមុនទៅដល់មន្ទីពេទ្យតែម្តង។ យ៉ាងណាការស្លាប់របស់លោកយាយ និងជនរងគ្រោះឯទៀត ខាងអ្នកជំនាញកំពុងធ្វើការស្រាវ ព្រោះមិនទាន់មានរបាយការណ៍ជាក់លាក់ណាមួយថា ដោយសារនំបញ្ចុកទាំងស្រុងនៅឡើយទេ។»
ដោយឡែក កាលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ លោក អ៊ួង សារឿន អភិបាលស្រុកបារាយណ៍បានបញ្ជាក់ថា ពេលនេះជនរងគ្រោះទាំង ៦៤ រូប បានរួចផុតជីវិត និងមានអាការៈធូរស្បើយគ្រប់ៗគ្នាហើយ៕

  

អត្ថបទខ្លីសរសេរដោយ កញ្ញា ងិន ស៊ាងលីម សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយឧបត្ថម្ភពី ភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និង កិច្ចសហប្រតិបត្តិការ (SDC) ជាមួយនិងស្ថានទូតស៊ុយអែតប្រចាំកម្ពុជា តាមរយៈអង្គការ BBC Media Action៕

Share

Image
Image
Image