en     km
en     km

មេដឹកនាំមីយ៉ាន់ម៉ាបន្តដាក់ប្រទេសក្នុងគ្រាមានអាសន្ន តែមិនមានយន្តការស្តារប្រទេសឡើងវិញ

Share


មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing បន្តដាក់ប្រទេសក្នុងគ្រាកើតមានអាសន្ន បើទោះបីជារបបនេះធ្វើរដ្ឋប្រហារអស់ពេលជាង ៣ឆ្នាំមកហើយ ខណៈយោធាមីយ៉ាន់ម៉ាទាំងឡាយនៅតែបន្តទប់ស្កាត់ និងរារាំងការប្រឆាំងប៉ះបោរពីសំណាក់ពលរដ្ឋគាំទ្រលទ្ធិប្រជាធិបតេយ្យ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់យោធាមីយ៉ាន់ម៉ា Myawaddy បាននិយាយនៅលើគណនី Telegram របស់ខ្លួនថា ប្រមុខរដ្ឋាភិបាលមីយ៉ាន់ម៉ា លោក Min Aung Hlaing បានចាត់ទុកការគ្រប់គ្រង និងដាក់ប្រទេសមីយ៉ាន់ម៉ានៅក្នុងគ្រាអាសន្នសម្រាប់រយៈពេលប្រាំមួយខែបន្ថែមទៀត គឺដើម្បីបំពេញភារកិច្ចចាំបាច់សម្រាប់ដឹកនាំប្រទេសជាតិទៅកាន់ស្ថានភាពធម្មតា ស្ថិរភាព និងសន្តិភាពឡើងវិញ។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃពុធ ទី៣១ ខែមករា ឆ្នាំ២០២៤។

ការប្រកាសដាក់ប្រទេសឱ្យនៅក្នុងគ្រាអាសន្ននេះ ធ្វើឡើងនៅមុនថ្ងៃគម្រប់ខួបលើកទី៣ ក្នុងជ័យជំនះដណ្តើមអំណាចក្នុងប្រទេសមីយ៉ាន់ម៉ាឡើងវិញ ដោយលើកឡើងពីភាពមិនប្រក្រតីនៃការបោះឆ្នោតដែលមិនបានដោះស្រាយនៅក្នុងការបញ្ចប់ការបោះឆ្នោតភ្លាមៗ និងការកែកំណែទម្រង់សេដ្ឋកិច្ចឡើងវិញ។ តាំងនាមលោក Min Aung Hlaing ជាមេដឹកនាំរបបយោធាធ្លាប់សន្យាថា នឹងរៀបចំការបោះឆ្នោតទូទាំងប្រទេសដើម្បីតម្លាភាព ក៏ប៉ុន្តែយ៉ាងហោចណាស់ ៤០គណបក្ស ត្រូវរំសាយ និងបានចាប់អ្នកស្រី Aung Suu Kyi ដាក់ពន្ធនាគារអស់រយៈពេល ៣៣ឆ្នាំ ដែលក្រោយមកប្តូរមកត្រឹម ២៧ឆ្នាំ។

កាលពីព្រឹកថ្ងៃពុធ ទី៣១ ខែមករា ឆ្នាំ២០២៤ មេដឹកនាំរបបយោធារូបនេះ ប្រកាសជាសាធារណៈពីការបន្ធូរបន្ថយលក្ខខណ្ឌនៃការចុះឈ្មោះឈរឈ្មោះជាបេក្ខជនបោះឆ្នោតទៅតាមគណបក្សនយោបាយ ដោយមិនបានបញ្ជាក់ពីមូលហេតុនោះឡើយ។ ជាមួយគ្នានេះ ប្រទេសលោកខាងលិចបានផ្តល់សញ្ញាថា ពួកគេនឹងមិនទទួលស្គាល់នូវការបោះឆ្នោតដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនោះទេ លុះត្រាតែមីយ៉ាន់ម៉ាកែប្រែរចនាសម្ព័ន្ធប្រទេសសារឡើងវិញ។

សូមជម្រាបថា មេដឹកនាំមីយ៉ាន់ម៉ារូបនេះ កំពុងប្រឈមមុខនឹងបញ្ហាជាហូរហែចាប់តាំងពីធ្វើរដ្ឋប្រហារដណ្តើមអំណាចកាលពីឆ្នាំ២០២១ ដែលបង្កជាចលាចលទូទាំងប្រទេស។ ក្នុងនោះ ប្រជាពលរដ្ឋមួយចំនួនប្រមូលផ្តុំគ្នាប្រឆាំងនឹងរបបយោធា ដែលធ្វើឱ្យរដ្ឋាភិបាលចុះទៅបង្រ្កាបលើក្រុមអ្នកតវ៉ា ហើយករណីខ្លះឈាមទៅដល់ការប៉ះទង្គិចប្រដាប់អាវុធធ្ងន់ធ្ងរ។ របបយោធាបានដាក់ពង្រាយកាំភ្លើងធំ និងយន្តហោះចម្បាំងធុនធ្ងន់ជាច្រើនគ្រឿង ដើម្បីព្យាយាមបង្ក្រាបក្រុមជីវពលដែលបានសហការជាមួយរដ្ឋាភិបាលដែលប្រឆាំងនឹងរបបនេះ រួមទាំងកម្លាំងសាមគ្គីរបស់កងទ័ពជនជាតិភាគតិច ដែលភាគច្រើនបានចាប់ផ្តើមធ្វើការវាយលុក និងបង្កើតជាភាពវឹកវរ។

បើយោងតាមអង្គការសហប្រជាជាតិបានបញ្ជាក់ថា ប្រជាជនប្រហែល ២.៣លាននាក់ ត្រូវបានផ្លាស់ទីលំនៅ ខណៈកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសជិតខាងភាគអាស៊ីអាគ្នេយ៍នៃមីយ៉ាន់ម៉ា មិនឃើញមានការរីកចម្រើនឡើយបន្ទាប់ពីធ្វើកិច្ចសន្ទនា ដោយរបបយោធាមីយ៉ាន់ម៉ាបានបដិសេធមិនព្រមចរចារជាមួយក្រុមភេរវករនោះឡើយ។

សូមរំលឹកថា លោក Richard Horsey ទីប្រឹក្សាជាន់ខ្ពស់មីយ៉ាន់ម៉ាប្រចាំក្រុម Crisis Group បាននិយាយថា ភាពទន់ខ្សោយរបស់យោធា ត្រូវបានលាតត្រដាងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ តាមរយៈការបាត់បង់កងទ័ព និងទឹកដីរបស់ខ្លួន ជាមួយនឹងការបង្កើតសម្ពាធពីខាងក្នុងមកលើមេដឹកនាំរដ្ឋប្រហារ លោក Min Aung Hlaing។ លោកបានបន្តថាការកាន់អំណាចរបស់យោធា គឺមានភាពមិនច្បាស់លាស់ជាងពេលណាទាំងអស់ក្នុងរយៈពេល ៦០ឆ្នាំចុងក្រោយនេះ។ប៉ុន្តែវាហាក់ដូចជាការប្តេជ្ញាចិត្តក្នុងការប្រយុទ្ធ និងរក្សាសមត្ថភាពដើម្បីទប់ស្កាត់អំពើហឹង្សា ការវាយប្រហារពីប្រជាជនស៊ីវិល និងស្ដារហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់ដែលខ្លួនបានបាត់បង់ ការប្រើប្រាស់ថាមពលអាកាស និងកាំភ្លើងធំរយៈចម្ងាយឆ្ងាយផងដែរ៕

ប្រភព៖ CNA ចុះថ្ងៃព្រហស្បតិ៍ ទី០១ ខែកុម្ភៈ ឆ្នាំ២០២៤

អត្ថបទសរសេរដោយ កញ្ញា សៃ ចន្ធី

Share

Image
Image
Image