en     km
en     km

ចិនកំពុងពង្រឹងទំនាក់ទំនងនឹងអាហ្វហ្គានីស្ថានក្រោយមើលឃើញពីសក្តានុពលរ៉ែធម្មជាតិ

Share

ខណៈពេលដែលពិភពលោកភាគច្រើន ចាត់ទុករដ្ឋាភិបាលតាលីបង់ដែលកំពុងគ្រប់គ្រងក្នុងប្រទេសអាហ្វហ្គានីស្ថានថាជាសត្រូវ ប្រទេសចិនកំពុងងាកមកបង្កើនទំនាក់ទំនងការទូត និងសេដ្ឋកិច្ចឱ្យកាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរ។ ទំនាក់ទំនងនេះធ្វើឱ្យរដ្ឋាភិបាលតាលីបង់ពេញចិត្តជាខ្លាំងក្រោយមានប្រទេសមហាអំណាចសហការជាមួយខ្លួន។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃពុធ ទី៣១ ខែមករា ឆ្នាំ២០២៤។

នៅជុំវិញកិច្ចប្រជុំថ្នាក់កំពូលរវាងមន្ត្រីការទូតអាហ្វហ្គានីស្ថាននិងមន្ត្រីការទូតចិន បានឡើងក្នុងគោលបំណងពង្រឹង និងធ្វើកិច្ចព្រមព្រៀងទាក់ទងនឹងធនធានរ៉ែធម្មជាតិ ពិសេសផ្លូវសេដ្ឋកិច្ចសម្រាប់ដឹកជញ្ជូនទំនិញរវាងប្រទេសទាំងពីរ។ ជាងនេះទៀត ប្រទេសទាំងពីរកំពុងបង្កើនការវិនិយោគ និងទំនាក់ទំនងការទូតដែលអាចផ្តល់ផលប្រយោជន៍ដល់ភាគីទាំងពីរ។

លើទំនាក់ទំនងនេះ លោក Jalal Bazwan ជំនួយការសាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយនៃទីក្រុងកាប៊ុលបាននិយាយថា ប្រទេសចិនមើលឃើញពីសក្តានុពលសេដ្ឋកិច្ចនៃធនធានធម្មជាតិរបស់ប្រទេសអាហ្វហ្គានីស្ថានដូចជា ទង់ដែង លីចូម ឬធនធានធម្មជាតិដែលកម្រជាដើម។ ដោយឡែក អាជ្ញាធរអាហ្វហ្គានីស្ថានក៏បានប្រកាសពីផែនការគ្រប់គ្រង និងទាញយកថាមពលពន្លឺព្រះអាទិត្យរបស់ក្រុមហ៊ុនចិនក្នុងការវិនិយោគកន្លះពាន់លានដុល្លារអាមេរិកផងដែរ។

គួរបញ្ជាក់ដែរថា ចិនក្លាយជាប្រទេសដំបូងបង្អស់ដែលតែងតាំងឯកអគ្គរដ្ឋទូតថ្មីប្រចាំទីក្រុងកាប៊ុលនៃអាហ្វហ្គានីស្ថានកាលពីខែកញ្ញា ឆ្នាំ២០២៣។ ក្រោយក្រុមតាលីបង់ដណ្តើមអំណាច និងគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថាន ប្រជាពលរដ្ឋទាំងមូលពិសេសស្រ្តីភេទ និងកុមារត្រូវបានបិទសិទ្ធិសេរីភាពជាច្រើនករណី មិនថាការអប់រំ របៀបស្លៀកពាក់ ការប្រកបរបរអាជីវកម្ម ឬការដើរកម្សាន្តនៅតាមទីសាធារណៈនោះឡើយ៕

ប្រភព៖ CNA ចុះថ្ងៃព្រហស្បតិ៍ ទី១ ខែកុម្ភៈ ឆ្នាំ២០២៤

Share

Image
Image
Image