en     km
en     km

ភរិយាលោកនី ណាក់ ស្នើសង្គមស៊ីវិលបន្តតាមដានករណីស្វមីខ្លួន ដែលត្រូវបញ្ជូនខ្លួនទៅពន្ធធនាគារត្រពាំងថ្លុង ខេត្តត្បូឃ្មុំ

Share

 

លោក នី ណាក់ អ្នកជំនាញផ្នែកកសិកម្ម និងជាសកម្មជនសង្គម។​រូបភាព៖ បណ្តាញសង្គមហ្វេសប៊ុកឈ្មោះ IMan-KH។

ភ្នំពេញ៖ លោក នី ណាក់ សកម្មជនមួយរូបហ៊ានរិះគន់រឿងរ៉ាវសង្គម ត្រូវបានអគ្គនាយកដ្ឋាពន្ធធនាគារបញ្ចូនខ្លួនពីពន្ធធនាគារព្រៃស រាជធានីភ្នំពេញ ទៅបន្តឃុំឃាំងនៅពន្ធធនាគារត្រពាំងថ្លុង ខេត្តត្បូងឃ្មុំ ដែលមានទីតាំងស្ថិតជាប់​ព្រំដែន​វៀតណាម។ ភរិយាលោក នី ណាក់ សម្តែងក្តីបារម្ភជុំវិញករណីនេះ ហើយអ្នកស្រីបន្តស្នើសុំឱ្យស្ថាប័នពាក់ព័ន្ធ និងបណ្តាអង្គការសង្គមស៊ីវិលចូលរួមតាមដានសំណុំរឿងស្វាមីរបស់ខ្លួន។

កញ្ញា គុជ ស៊ីកុល រាយការណ៍

តាមរយៈបណ្តាញសង្គមឈ្មោះIman-KH ដែលបច្ចប្បន្នអ្នកស្រី សុខ ស៊ីណេត ភរិយាសកម្មជនសង្គម លោកនី ណាក់ ជាអ្នកប្រើប្រាស់បន្ទាប់ពីលោកត្រូវបានតុលាការសម្រេចឱ្យឃុំខ្លួនបណ្តោះអាសន្ន បង្ហាញថានៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ លោក នី ណាក់ត្រូវបានអគ្គនាយកដ្ឋានពន្ធធនាគារបញ្ជូនខ្លួន ទៅបន្តឃុំឃាំងនៅពន្ធធនាគារត្រពាំងថ្លុង ឬហៅថាមណ្ឌលអប់រំកែប្រែទី៣ មានទីតាំងស្ថិតនៅខេត្តត្បូងឃ្មុំ។

ទាក់ទងករណីបញ្ជូនលោកនី ណាក់ ទៅពន្ធធនាគារត្រពាំងថ្លុងនេះ បណ្តាលឱ្យមានការងឿងឆ្ងល់ និងសាធារណជនមួយចំនួននៅតែទន្ទឹងរង់ចាំលទ្ធផលបន្តនៃសំណុំរឿងសកម្មជន​ហ៊ានរិះគន់រដ្ឋាភិបាលរូបនេះនៅឡើយ។​

ជាការឆ្លើយតបលោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធធនាគារនៃក្រសួងមហាផ្ទៃ ប្រាប់វិទ្យុស្រ្តីនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤នេះថា ការបញ្ជូនខ្លួនលោក នី ណាក់ នេះមិនជាករណីថ្មីឡើយ។ លោកបញ្ជាក់ពីមូលហេតុថា ករណីនេះដូចទៅនឹងទណ្ឌិតដទៃទៀតទេ ដោយហេតុថាស្ថានភាពពន្ធធនាគារព្រៃស នៅរាជធានីភ្នំពេញមានសភាពចង្អៀតណែន ដោយហេតុថាមានកំណើនជនជាប់ឃុំ។ ដូចនេះខាងពន្ធធនាគារត្រូវបញ្ជូនអ្នកទោស និងអ្នកជាប់ឃុំឃាំងមួយចំនួនទៀតទៅពន្ធធនាគារផ្សេងៗ ហើយលោកនី ណាក់ ក៏ត្រូវបានបញ្ជូនទៅធនាគារត្រពាំងថ្លុង ខេត្តត្បូងឃ្មុំផងដែរ។

«ពាក់ព័ន្ធនឹងហេតុផលដែលអគ្គនាយកដ្ឋាពន្ធធនាគារបានសម្រេចបញ្ជូនគាត់(លោក នី ណាក់) ទៅពន្ធធនាគារទៅត្រពាំងថ្លុង ឬយើងហៅថាមណ្ឌលអប់រំកែប្រែទី៣នេះ មិនមែនហេតុផលអីប្លែកពីហេតុផលក្រៅពីកត្តាបច្ចេកទេសទេ គឺដោយសារនៅមណ្ឌលអប់រំកែប្រែទី១(ពន្ធធនាគារព្រៃស) បច្ចប្បន្នហ្នឹងចំនួនជនជាប់ឃុំមានកំណើនខ្ពស់ដល់ចឹងប្រសិនបើយើងអត់បញ្ចេញអ្នកផ្សេងដើម្បីសម្រួលអ្នកចូលថ្មីទេអាហ្នឹងបញ្ហាចង្អៀតណែនហ្នឹងវានៅកកកុញហ្នឹងវាប៉ះពាល់សុខភាព ប៉ះពាល់ដល់បញ្ហាសន្តិសុខ សុវត្ថិភាពរបស់ជនជាប់ឃុំក៏ដូចជាមន្រ្តីយើង អ៊ីចឹងយើងត្រូវលៃលកធ្វើមិញផ្ទេរចេញមួយចំនួនទៅជាបន្តបន្ទាប់ទៅណាស់ អ៊ីចឹងហេតុផលអត់មានអីផ្សេងក្រៅពីហ្នឹងទេបាទអរគុណ។»

លោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធធនាគារនៃក្រសួងមហាផ្ទៃ។ រូបភាព៖ តាមរយៈគេហទំព័រ។ 

យ៉ាងណាមិញ ភរិយារបស់លោក អ្នកស្រី សុខ ស៊ីណេត សព្វថ្ងៃកំពុងទទួលបន្ទុកចិញ្ចឹមកូន២នាក់ និងរ៉ាប់រងអាជីវកម្មពាក់ព័ន្ធនឹងវិស័យកសិកម្ម បង្ហាញក្តីព្រួយបារម្ភចំពោះសុខភាពស្វាមី ដោយអ្នកស្រីភ្ជាប់សំណេរដើម ជាមួយនឹងខ្លឹមសារជូនដំណឹងពីការបញ្ជូនខ្លួនស្វាមីទៅកាន់ពន្ធធនាគារផ្សេង។

អ្នកស្រីលើកឡើងក្នុងសំណេរដើមថា«សូមជំរាបជូនដំណឹង ដល់សាធារណជនឲ្យបានជ្រាបថា ប្តីនាងខ្ញុំ នី ណាក់ ត្រូវបានបញ្ជូនខ្លួន ចេញ ពីម១ ព្រៃស ទៅ ម៣ ត្រពាំងថ្លុង ហើយកាលពីថ្ងៃសៅរ៍ តាមមន្ត្រីនៅម១ប្រាប់នាងខ្ញុំ កាលពីព្រឹកមិញ ពេលដែលនាងខ្ញុំទៅសួរសុខទុក្ខគាត់។ ពេលនេះមិនទាន់ដឹងថា សុខទុក្ខគាត់យ៉ាងណាឡើយ។ សូមសាធារណជន និង អង្គការសង្គមស៊ីវិលមេត្តាជួយតាមដានរឿងប្តីនាងខ្ញុំផង»។

តាមការឱ្យដឹងពីលោក នុត សវនា ដដែល គូសបញ្ជាក់ថាតាមគោលការណ៍នៃអគ្គនាយកដ្ឋានពន្ធធនាគារ សាច់ញាត្តិ និងភាគីពាក់ព័ន្ធនានា មានសិទ្ធិក្នុងការចូលសួរសុខទុក្ខអ្នកទោសដែលជាប់ឃុំឃាំងនៅពន្ធធនាគារនីមួយៗ។ ក្នុងនោះចំពោះករណីលោក នី ណាក់ កន្លងមកខាងពន្ធធនាគារសង្កេតឃើញថាមានតែភរិយារបស់លោកតែប៉ុណ្ណោះ ទៅជួបសួរនាំសុខទុក្ខលោក ក្រៅពីនេះមិនទាន់ឃើញមានស្ថាប័ន និងអង្គការសង្គមស៊ីវិលណាមួយទៅជួបលោកនោះទេ។

«បាទ!តាមខ្ញុំក្តាបបានមានតែប្រពន្ធគាត់ទេដែលទៅសួរ សុខទុក្ខផ្ទាល់ហើយយើងតែងតែអនុញ្ញាតឱ្យពួកគាត់បានជុំគ្នា ហើយគាត់មានការសន្ទនាគ្នា ហើយផ្ញើរឥវ៉ាន់អីហ្នឹង ថ្ងៃមុននៅមណ្ឌលអប់រំកែប្រែទី៣ហ្នឹងក៏ប្រពន្ធគាត់បានទៅដល់ផ្ទាល់ដែរបាទ ចំពោះអង្គការផ្សេងៗហ្នឹងដូចជាអត់មានអ្នកណាទៅទេបើតាមខ្ញុំដឹងទេណាស់បាទ ទាល់ទេខ្ញុំសួរថែមបើតាមខ្ញុំដឹងដូចជាគ្មានអ្នកណាគេទៅទេបាទ។»

កាល​ពី​កន្លង​ទៅ ​អ្នកស្រី ​សុខ ស៊ីណែត ​ធ្លាប់រៀបរាប់ថា អ្នកស្រី​បាន​ជួប​ស្វាមី​នៅ​ពន្ធនាគារ​ព្រៃ​ស ​ហើយអ្នកស្រីពាំនាំពាក្យសម្តីដែល​ស្វាមី​បាន​ផ្តាំ​ផ្ញើ​ថា ខ្លួនមានការសោកស្តាយ និងដឹងនូវកំហុស ដែលបានយក ពត៌មានពីសារពត៌មានក្រៅស្រុកយកមកផុសក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយគ្មានមូលដ្ឋានច្បាស់លាស់ និងមិនបានស្រាវជាវជាមុន។ ​ប៉ុន្តែ​ក្រោយ​មក ​អ្នកស្រី​អះអាង​ថា​ ស្វាមី​របស់​អ្នកស្រី​បាន​ប្តូរ​ជំហរ​វិញ ដោយនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ នៅ​លើបណ្តាញសង្គម​ហ្វេសប៊ុកឈ្មោះIman-KH ផ្សព្វផ្សាយ​ព័ត៌មាន​ថា ​«សូម​ប្រកាស ​ខ្ញុំ​បាទ​មិន​ធ្វើការ​សុំទោស ​ដើម្បី​ជា​ថ្នូរ​នឹង​ការ​មាន​សេរី​ភាព​ឡើយ។ ​ខ្ញុំ​បាទ​នៅ​តែ​បន្ត​ធ្វើ​ការ​តស៊ូ​មតិ ​និង​សុខ​ចិត្ត​ជាប់​ឃុំ​រហូត​ដល់​រួច​ទោស​ជា​ស្ថាពរ»។​សូមបញ្ជាក់ថា ការចេញ វីដេអូរបស់ភរិយាខ្ញុំបាទ មិនបានឆ្លុះបញ្ចាំង ពី ជំហរ របស់ខ្ញុំឡើយ។»

ការចាប់ខ្លួន លោក នី ណាក់ កើតឡើងនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ បន្ទាប់ពីលោកបង្ហាញទស្សនៈជុំវិញព័ត៌មានដែលចេញផ្សាយពីករណីរដ្ឋាភិបាលសម្រេចកាត់ដី ៩១ហិកតារ នៅ​ខេត្ត​កំពត ឱ្យ​ឈ្មោះ ហេង សួរ ហើយស្ថាប័នសារព័ត៌មានដែលមានមូលដ្ឋាននៅក្រៅស្រុកមួយចំនួនដូចជាខេមបូឌៀ ដេលី (Cambodia Daily) និងអាស៊ីសេរីថាឈ្មោះនេះ ជាលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ លោក នី ណាក់ បញ្ចេញមតិក្នុងសំណេរ​លើ​ហ្វេសប៊ុកឈ្មោះ Iman Kh ដោយលោក ​សរសេរ​រិះគន់​ជុំវិញព័ត៌មាននេះ ហើយលោកមិន​បាន​បញ្ជាក់​ថា ជា​លោក ហេង សួរ ​ជា​រដ្ឋមន្ត្រី​ក្រសួង​ការងារ​ទេ ប៉ុន្តែអត្ថបទនេះត្រូវបាន​រដ្ឋមន្ត្រី​ក្រសួង​ការងារចាត់ទុកជាករណីខ្លួន ហើយ​ប្ដឹង​លោក នី ណាក់ ទៅ​តុលាការ៕

Share

ព័ត៌មានទាក់ទង

Image