en     km
en     km

ទោះកំហាប់ខ្យល់នៅកម្ពុជាមានភាពល្អប្រសើរ តែក្រសួងបរិស្ថានបន្តស្នើឱ្យមហាជនកុំដុតសំរាមប្លាស្ទិក

Share

ដើមខែឆ្នាំ២០២៤នេះ កម្ពុជាមានកំណាប់គុណភាពខ្យល់ល្អប្រសើរ ក៏ប៉ុន្តែក្រសួងបរិស្ថានបន្តស្នើឱ្យអ្នកពាក់ព័ន្ធទាំងអស់ ចូលរួមរក្សា ទប់ស្កាត់ និងចាត់វិធានការការពារបរិស្ថាន បន្ទាប់ករណីដុតសំរាមប្លាស្ទិកនៅតែកើតមានឡើងក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានេះ ក្រុមហ៊ុនផលិតក្រដាសអនាម័យ MG ផ្តួចផ្តើមគម្រោងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក្នុងខ្សែសង្វាក់វេចខ្ចប់របស់ខ្លួន។

នៅថ្ងៃចន្ទ ទី២៩ ខែមករា ឆ្នាំ២០២៤នេះ ក្រសួងបរិស្ថានបានចេញសេចក្តីប្រកាសជូនដំណឹងដល់សាធារណជនថា គុណភាពខ្យល់នៅតាមបណ្ដារាជធានី-ខេត្តក្នុងប្រទេសកម្ពុជា គឺមានភាពល្អប្រសើរ។ ការវាយតម្លៃគុណភាពខ្យល់របស់ក្រសួងបរិស្ថានបែបនេះ ធ្វើឡើងដោយមានការពិនិត្យតាមដានដោយយកចិត្តទុកដាក់ពីមន្រ្តីជំនាញ និងឧបករណ៍តាមដានត្រួតពិនិត្យគុណភាពខ្យល់សាធារណៈចំនួន ១៤ទីតាំងនៅរាជធានីភ្នំពេញ និង ៣៧ទីតាំងនៅតាមបណ្ដាខេត្ត។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថានចេះផ្សាយនៅថ្ងៃចន្ទ ទី២៩ ខែមករា ឆ្នាំ២០២៤។

តាមប្រភពដដែលបានឱ្យដឹងទៀតថា ការរក្សាបាននូវសន្ទស្សន៍គុណភាពខ្យល់ (AQI) ល្អនិងល្អប្រសើរ នៅគ្រប់ទីតាំងទាំងអស់នេះ គឺបានមកពីកិច្ចខិតខំប្រឹងប្រែង និងជាលទ្ធផលក្នុងកិច្ចសហការពីបណ្តាអ្នកពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាមួយនឹងវិធានការណ៍មួយចំនួនដែលក្រសួងដាក់ចេញកាលពីពេលកន្លងទៅនេះ។ តាមរយៈការតាមដានគុណភាពខ្យល់របស់ក្រសួងបរិស្ថានបានបង្ហាញថា ប្រទេសកម្ពុជាមិនទាន់មានការធ្លាក់ចុះនៃកម្រិតគុណភាពខ្យល់គួរឱ្យព្រួយបារម្ភនៅឡើយទេនៅអំឡុងពេលដើមខែឆ្នាំ២០២៤។

ជាមួយគ្នានេះដែរ តាមសារាចរលេខ០១ របស់រដ្ឋាភិបាលបង្ហាញថា ការដុតសំរាមប្លាស្ទិកមិនមែនជាកត្តាដ៏ល្អសម្រាប់លុបបំបាត់ប្លាស្ទិកនៅលើភពផែនដី ឬនៅតាមសហគមន៍នោះឡើយ ផ្ទុះទៅវិញសារធាតុគីមីដែលមាននៅក្នុងប្លាស្ទិកទាំងឡាយ នឹងហើរចូលក្នុងបរិយាកាស ដែលអាចប៉ះពាល់ដល់សុខភាពសាធារណជនគ្រប់រូប។ ក្នុងនោះ នៅតាមស្ថាប័ន ក្រុមហ៊ុន និងរោងចក្រ-សហគ្រាសមួយចំនួន បាននាំគ្នាកាត់បន្ថយខ្សែសង្វាក់ផលិត និងប្រើប្រាស់ប្លាស្ទិក ដើម្បីចូលរួមចំណែកទប់ស្កាត់ និងផ្សព្វផ្សាយដល់សាធារណជនពីផលអវិជ្ជមាននៅពេលមនុស្សនៅតែបន្តប្រើប្រាស់ប្លាស្ទិក។

ដោយគិតគូពីបញ្ហានេះ និងដើម្បីរួមចំណែកកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រុមហ៊ុន MG PACIFIC COMPANY LIMITED បានផ្តួចផ្តើចគម្រោង «ផ្តើមចេញពីអ្នក»។ គម្រោង «ផ្តើមចេញពីអ្នក» នេះ គឺធ្វើឡើងក្នុងគោលបំណងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក នៅក្នុងខ្សែសង្វាក់វេចខ្ចប់ក្រដាសអនាម័យកងដែលប្រើប្រាស់នៅក្នុងបន្ទប់ទឹក។ លោក តាំង សុបិន អ្នកគ្រប់គ្រងអាជីវកម្មនៃក្រុមហ៊ុន MG PACIFIC COMPANY LIMITED បានប្រាប់វិទ្យុស្រ្តីថា គម្រោងខាងលើនេះ គ្រោងនឹងអនុវត្តជាទូទៅនៅក្នុងរោងចក្រផលិតក្រដាសអនាម័យរបស់ក្រុមហ៊ុន ដោយតម្រូវឱ្យប្តូរការវេចខ្ចប់ពីការប្រើប្រាស់ប្លាស្ទិក ទៅជាការប្រើប្រអប់ជ័រដើម្បីវេចខ្ចប់ក្រដាសជំនួសវិញ។

លោក តាំង សុបិន បានបញ្ជាក់ថា ជាធម្មតានៅពេលអ្នកប្រើប្រាស់ជាវទៅប្រើតែងដោះថង់ប្លាស្ទិកដែលវេចខ្ចប់នោះចោលតាមធុងសំរាម ឬបើក្នុងទិន្នន័យច្រើន អ្នកប្រើប្រាស់អាចដុតទៅក្នុងលំហរបរិយាកាស ដែលអាចនឹងជះប៉ះពាល់ដល់សុខភាពមនុស្សជាតិ។ លោកអះអាងថា នៅក្នុងគម្រោងសិប្បកម្មផលិតក្រដាសអនាម័យរបស់ MG នេះ នឹងកែប្រែមុខមាត់ថ្មីរបស់ការវេចខ្ចប់ និងបន្ថែមសេវាកម្មពិសេសដល់អតិថិជនដែលជាវទៅប្រើប្រាស់ផងដែរ។

ជាងនេះទៀត អ្នកគ្រប់គ្រងអាជីវកម្មនៃក្រុមហ៊ុន MG PACIFIC COMPANY LIMITED រូបនេះ បន្ថែមទៀតថា បន្ទាប់ពីអតិថិជនប្រើប្រាស់ក្រដាសដែលស្តុកទុកនៅក្នុងប្រអប់នោះអស់ អតិថិជនអាចទាក់ទងមកកាន់ក្រុមហ៊ុន នោះក្រុមហ៊ុននឹងដឹកជញ្ជូនប្រអប់ថ្មីជូនទៅដល់ទីតាំងផ្ទាល់តែម្តង។ ក្នុងឱកាសនេះ លោកនិយាយថា ក្រុមហ៊ុនផលិតក្រដាសអនាម័យ MG PACIFIC COMPANY LIMITED ចង់បញ្ជៀតការអប់រំ និងការយល់ដឹងបន្ថែមទៅដល់អ្នកប្រើប្រាស់ និងអាជីវករលក់ដូរទាំងអស់ពីគុណវិបត្តិនៃការប្រើប្រាស់ថង់ប្លាស្ទិកដើម្បីវេចខ្ចប់ទំនិញ។

សូមជម្រាបថា រដ្ឋបាលរាជធានីភ្នំពេញនិងខេត្តទាំងអស់ នៅតែទទូចស្នើសុំដល់សាធារណជន និងមន្រ្តីអាជ្ញាធរទាំងអស់ គប្បីជំរុញ និងផ្សព្វផ្សាយការអនុវត្តសារាចរលេខ០១ របស់រាជរដ្ឋាភិបាល ស្តីពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ ដោយចាត់វិធានការមួយចំនួនដូចជា ទី១៖ អប់រំណែនាំប្រជាពលរដ្ឋកុំឱ្យដុតរានព្រៃ វាលស្មៅ ដុតប្លាស្ទិក សំណល់កសិកម្ម គល់ជញ្ជាំង សំរាម សំណល់រឹង ប្លាស្ទិក នៅលើទីវាល ឬទីចំហ។

ទី២៖ ទប់ស្កាត់ការដុតរានព្រៃ ការដុតវាលស្មៅ ការដុតគល់ជញ្ជាំង ការដុតសំណល់កសិកម្ម សំរាម ដុតសំណល់ប្លាស្ទិក និងការឆេះទីលានចាក់សំរាម។ ទី៣៖ ទប់ស្កាត់ការហុយធូលីនៅការដ្ឋានសំណង់ និងការដឹកជញ្ជូនសម្ភារសំណង់ និងទី៤៖ ធ្វើការសម្អាតធូលី និងធ្វើអនាម័យនៅតាមដងផ្លូវ និងទីសាធារណៈឱ្យបានជាប់ជាប្រចាំ។ ត្រឹមត្រូវ ដើម្បីកុំឱ្យមានការឆេះ»៕

Share

Image
Image
Image