លោកអេ ភូថង អតីតអ្នកប្រដាល់គុនខ្មែរឈ្មោះ និងជាគ្រូបង្វឹកគុនខ្មែរបច្ចប្បន្ន ។ រូបភាពដោយ @Robin Eberhardt
ភ្នំពេញ៖ អតីតអ្នកប្រដាល់គុនខ្មែរលោក អេ ភូថង ដែលសាធាណរជនភាគច្រើនស្គាល់ថាជាអ្នកប្រដាល់ល្បីឈ្មោះរហូតមានជាការប្រសិទ្ធិនាមថា«ស្តេចប្រដាល់កែងឆេះជង្គង់ហោះ អេ ភូថង» រៀបរាប់ថាកន្លងមករហូតមកដល់បច្ចប្បន្ន ប្រដាល់គុនខ្មែរគឺជាក្តីសង្ឃឹមជំរុញឱ្យលោកបន្តដំណើរទៅមុខក្នុងឆាកជីវិត។ លោកអះអាងថាការប្រឡូកក្នុងវិស័យគុនខ្មែរ បង្កើតបានជាក្តីសប្បាយរីករាយបំផុតចំពោះលោក ដោយហេតុថានេះជាឱកាសធ្វើឱ្យលោក ក្លាយជាបុគ្គលម្នាក់មានឥទ្ធិពលក្នុងការចែករំលែក និងបង្ហាត់យុវជនជំនាន់ក្រោយឱ្យបន្តវេនដើម្បីនាំយកវប្បធម៌ និងឈ្មោះប្រដាល់គុនខ្មែរឱ្យជាតិ និងអន្តរជាតិស្គាល់ពីអត្តសញ្ញាណកម្ពុជា។ ចង់ដឹងថាមានហេតុផលអ្វីខ្លះនៅពីក្រោយភាពជោគជ័យអតីតអ្នកប្រដាល់គុនខ្មែររូបនេះ ដែលបណ្តាលឱ្យលោកនិយាយថាគុនខ្មែរប្រៀបបានជាមិត្តដែលកំដរជីវិតលោក? ហើយកត្តាចម្បងអ្វីខ្លះគាំទ្រឱ្យលោកមិនបោះបង់ចោលវិស័យមួយនេះ? សូមនាង កញ្ញា លោក លោកស្រី រង់ចាំស្តាប់បទយកការណ៍ដែលរៀបចំដោយកញ្ញា គុជ ស៊ីកុល ដោយមេត្រី!
មានស្រុកកំណើតរស់នៅខេត្តកោះកុង លោកអេ ភូថង ជាកូនច្បងក្នុងគ្រួសារ ដោយសារបញ្ហាតែជីវភាព លោកបង្ខំចិត្តចាកចេញពីស្រុកកំណើតតែម្នាក់ឯងទៅរស់នៅជាមួយឳពុកមា នៅខេត្តព្រៃវែង កាលពីអាយុ៨ឆ្នាំ។ លោក ពុំបានចាប់យកការសិក្សានោះទេ ក៏ព្រោះតែជីវភាពខ្វះខាត ហើយខ្លួនហាក់មិនមានក្តីសង្ឃឹមថានឹងបញ្ចប់ការសិក្សា។ ដោយមើលឃើញពីទេព្យកោសលរបស់ អេ ភូថង ឳពុកមាលោកក៏បញ្ជូនឱ្យ ហ្វឹកហាត់ក្បាច់គុនបុរាណខ្មែរដើម្បីជាជំនាញជាប់ខ្លួនជំនួសការសិក្សាវិញ។
ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានវិទ្យុស្រ្តី លោក អេ ភូថង រៀបរាប់ជាហូរហែរនូវការតស៊ូ ជាមួយនឹងផលលំបាកក្នុងការប្រឡូកវិស័យប្រដាល់គុនខ្មែរ ជាពិសេសនៅពេលចាប់ផ្តើមនៅជំរុំគុនខ្មែរខេត្តព្រៃវែង ដោយពេលខ្លះលោកនិយាយថាហូបចុកមិនគ្រប់គ្រាន់ ឈឺដងខ្លួន ហើយពេលខ្លះពិបាកនឹងធ្វើចិត្តរាល់ពេលដែលនឹកឳពុកម្តាយ ព្រោះកាយនៅឆ្ងាយពីគ្រួសារ។
«ពិបាកច្រើនណាស់កាលចេញពីខេត្តកោះកុងមកពីឳពុកម្តាយ មកម្នាក់ឯងកំសត់ហាស៎ ហើយមិនដឹងរកទិសដៅណាមកបានសម្រេចមានតែហាត់ប្រដាល់ហ្នឹងមួយមុខ យើចេះពីហ្នុងមកបន្តិចបន្តួចដែរគុនបុរាណយើង អើយពិបាកណាស់កំសត់និយាយមិនចេញតែម្តង ដល់នៅជាមួយឳពុកមា ឳពុកមាគាត់អភិបាលខេត្តរងមែនក៏ប៉ុន្តែគាត់ធ្វើចម្ការ ហើយនៅតាស៎ឯងហ្នឹងនៅកន្លែងវាយបុក និយាយទៅកំសត់ណាស់កំសត់ វេទនាណាស់ពិបាកមាម៉ាត់ ប៉ុណ្ណឹង។»
បើទោះបីជាដឹងខ្លួនថាលោកនឹងត្រូវឆ្លងកាត់បញ្ហាផ្សេងៗ និងប្រឈមនឹងការលំបាកប្រចាំថ្ងៃក្តី ក៏អតីតអ្នកប្រដាល់គុនខ្មែរមួយរូបនេះមិនចុះចាញ់ឡើយក្នុងវិស័យមួយនេះ។ ការណ៍ដែលលោកមិនបោះបង់នេះក៏ព្រោះថានៅវ័យជាយុវជន លោកអះអាងថារាល់ពេលដែលលោកហ្វឹកហ្វាត់ ប្រៀបបានជាអ្វីមួយធ្វើឱ្យចិត្តលោកសប្បាយរីករាយ ហើយបង្កើតបានជាក្តីស្រលាញ់សម្រាប់លោកទៅលើវិស័យប្រដាល់គុនខ្មែរ។
ជាក់ស្តែងលោក អេ ភូថង មានប្រសាសន៍ថានៅថ្ងៃដែលលោកទទួលបានជ័យជម្នះ ក្នុងការប្រកួតលើដំបូង លោករំភើប និងសប្បាយចិត្តជាពន់ពេក។ លោកហ៊ាននិយាយថាលោករកខ្លួនឯងឃើញហើយ គឺមានតែប្រដាល់គុនខ្មែរទេដែលកំដរជីវិតខ្លួន ឱ្យមានក្តីសង្ឃឹមក្នុងការបន្តដំណើរឆ្ពោះទៅមុខ។
«លើកដំបូងខ្ញុំសប្បាយចិត្តមែនទែន លើកទីមួយដែលខ្ញុំវាយហ្នឹងហើយក៏ចាប់ផ្តើមវាយបន្ត វាយតាមខេត្ត តាមភ្នំពេញអីហ្នឹងខ្ញុំអត់ដែលចាញ់ទេ ខ្ញុំមានមោទនភាព ប៉ុន្តែខ្ញុំអត់មានអីទេ ខ្ញុំមានតែគុនខ្មែរហ្នឹងហើយដែលជួយខ្ញុំ ខ្ញុំអត់បានរៀន ទីមួយអត់បានរៀនសូត្រ នៅតែកន្លែងប្រដាល់ហ្នឹងហ្មង បានរៀនបានសូត្រដែរតែយើងវាពិបាករៀនលែងចូលហើយ ណាមួយវាពិបាកនឹកម្តាយផង នឹកគ្រួសារផង ដល់យើងនៅតែម្នាក់ឯងវាពិបាក សំខាន់មានតែគុនខ្មែរហ្នឹងទេកំដរជីវិតរហូតដល់សព្វថ្ងៃហ្នឹង កំដរជីវិតហាត់រៀនរហូតដល់សព្វថ្ងៃហ្នឹង។»
នៅក្នុងអំឡុងឆ្នាំ២០០០ លោកអេ ភូថងក្លាយជាអ្នកប្រដាល់គុនខ្មែរដ៏ល្បី ស្ថិតនៅក្នុងដួងចិត្តអ្នកគាំទ្រគុនខ្មែរ ហើយលោកតែងបង្ហាញមុខនៅលើសង្វៀនស្ទើរតែគ្រប់កម្មវិធីប្រកួតទាំងជាតិ និងអន្តរជាតិ។ នៅចុងឆ្នាំ២០១២ ព្រោះតែភាពខ្លាំងរបស់ខ្លួន អ្នកប្រដាល់រហ័សនាមកែងឆេះ ជង្គង់ហោះរូបនេះ មិនមានគូប្រកួតលើវិស័យកីឡាគុនខ្មែរ ទើបអ្នកប្រដាល់រូបនេះ សម្រេចចិត្តបញ្ចប់អាជីពជាកីឡាករ និងចាប់យកអាជីពជាគ្រូបង្វឹកវិញ។ ក្នុងរយៈពេលជាកីឡាករ លោកគ្រងខ្សែក្រវ៉ាត់ចំនួន៤ មានដូចជា ខ្សែក្រវ៉ាត់ប្រចាំប៉ុស្តិ៍ទូរទស្សន៍លេខ៥ ខ្សែក្រវ៉ាត់ ABC និងខ្សែក្រវ៉ាត់ពិភពលោកចំនួន២ ដែលជាការប្រកួតជាលក្ខណៈអន្តរជាតិរៀបចំប្រកួតនៅក្នុងស្រុក។
លោក អេ ភូថង ជាមួយនឹងខ្សែក្រវ៉ាត់ កាលនៅជាកីឡាករប្រកួត។ រូបថតពី លោក អេ ភូថង។
យ៉ាងណាមិញលោក អេ ភូថង រៀបរាប់បន្ថែមពីមូលហេតុនៅពីក្រោយការតស៊ូ ដែលនាំឱ្យលោកទទួលបានភាពជោគជ័យទាំងនេះផងដែរ។ លោកថារយៈពេលជាង៣៥ឆ្នាំក្នុងវិស័យគុនខ្មែរ លោកធ្លាប់គិតចង់បោះបង់ និងចាកចេញពីអាជីពនេះជា២ ទៅ៣លើករួចហើយ ក៏ប៉ុន្តែគ្រួសារលោកតែងជំរុញ ហើយគាំទ្រឱ្យលោកបន្តក្នុងវិស័យនេះជាបន្តទៀត។ រហូតលោកមានគ្រួសារក៏ភរិយារបស់លោកមិនដែលឡើយឱ្យលោកផ្លាស់ប្តូរអាជីពប្រឡូកជាមួយនឹងវិស័យគុនខ្មែរឡើយ។
«ខ្ញុំស្រឡា់គុនខ្មែរតែចង់ឈប់ម្តងៗតែប្រពន្ធខ្ញុំឱ្យយោបល់ថាបងឯងស្រឡាញ់ហើយបងឯងឈប់ធ្វើអី បងឯងបន្តទៅទៀតទៅ បន្តដល់តែលុះក្ស័យ បាទយើងអត់មានគុណវិបត្តិអីទេគ្រាន់តែជាសមទ្ធិផលសម្រាប់គុនខ្មែរ ទោះបីជាមិចៗទៅក៏កូនសិស្ស សិស្សៗហ្នឹងនឹកឃើញវិញ ហើយប្រពន្ធមិនឱ្យខ្ញុំឈប់ទេ ហើយក៏តរហូតមកដល់ឥឡូវនេះ។»
ខណៈអតីតអ្នកប្រដាល់គុនខ្មែរល្បីឈ្មោះលែងមានវត្តមានក្នុងការប្រកួតក្តី ក៏លោកនៅតែមានក្តីស្រលាញ់ និងចង់ឃើញយុវជនចាប់អារម្មណ៍វិស័យនេះកាន់តែច្រើន។ ក្នុងនាមជាអតីតអ្នកល្បីឈ្មោះផង និងសព្វថ្ងៃជាគ្រូបង្វឹកផងនោះ លោក អេ ភូថង ចង់ឃើញប្រដាល់គុនខ្មែរត្រូវបានផ្សព្វផ្សាយធ្វើយ៉ាងណាឱ្យជាតិ និងអន្តរជាតិស្គាល់ច្បាស់ថាជាអត្តសញ្ញណខ្មែរ ដែលជាកេរមរតករបស់ដូនតាខ្មែរបន្សល់ទុក។ លោកមិនចង់ឃើញឱ្យមានការយល់ច្រឡំជាមួយបណ្តាប្រទេសជិតខាងឡើយ បើទោះជាប្រទេសមួយចំនួនមានវប្បធម៌ស្រដៀងនឹងកម្ពុជាក្តី។
«ខ្ញុំសប្បាយចិត្តណាស់នៅពេលដែលបានគុនខ្មែររីកចម្រើន ទោះថាមូយថ្ងៃគេរីកចម្រើនមុន ប៉ុន្តែសួរថាពីហ្នឹង(គុនខ្មែរ និងមូយថ្ងៃ) ពីណារីកចម្រើនមុន គឺថាគុនខ្មែរហ្នឹងហើយមកមុន ប៉ុន្តែដូចគ្រូនិយាយថាដល់ពេលសង្រ្គាមទៅបាត់បង់មួយរយៈទៅយើងអត់បានហាត់ប្រដាល់ ហាត់មិចបានដល់សង្គ្រាមចឹងហាត់គេបាញ់ងាប់ បាញ់ងាប់ឥឡូវហ្នឹង ចឹងបានថាថៃគេអត់មានសង្រ្គាមគេឡើងៗមកគេផ្សព្វផ្សាយបានមុន គេល្បីមុន ដល់តែយើងតាមក្រោយហើយខំប្រឹងផ្សេព្វផ្សាយគុនខ្មែរឥឡូវបានជិតដល់កម្រិតហើយគេស្គាល់ច្រើនឥឡូវហ្នឹង។»
បច្ចប្បន្នលោក អេ ភូថង មានវ័យ៤៩ឆ្នាំ រស់នៅជាមួយនិងភរិយាដែលមានអស័យដ្ឋាននៅរាជធានីភ្នំពេញ ដែលកំពុងកាន់កាប់ក្លិបប្រដាល់គុនខ្មែរចំនួន២។ ក្នុងនោះក្លឹបមួយដែលមានទីតាំងនៅព្រែកប្រសព្វ ខេត្តកំពង់ចាម ជារបស់លោក និងក្លឹបមួយដែលមានទីតាំងនៅរាជធានីភ្នំពេញជារបស់ភរិយាលោក។ លោកមានកូន៤នាក់ ប្រុស៣នាក់ និងស្រី១នាក់។ កូនប្រុសស្រីទាំង៤របស់លោក សុទ្ធសឹងមានឧបនិស្ស័យជាមួយគុនខ្មែរទាំងអស់ ដោយកូនប្រុសទី១ អេ វិរៈខាំឈីត ហៅ ម៉ឺន មេឃា និងកូនប្រុសទី២ អេ អាំម៉ារីន កំពុងឈរឈ្មោះជាកីឡាករគុនខ្មែរលំដាប់អេនៅកម្ពុជា និងជាកីឡាករជម្រើសជាតិវ៉ូវីណាមផងដែរ៕
សង្វៀនប្រកួតនៅក្លឹបប្រដាល់ អិនភីអិន សសុម៉ាលី គុនខ្មែរ ជារបស់ភរិយាលោក។ រូបភាពដោយ @Robin Eberhardt